អន្តរជាតិ
មេធាវី​ហូ​ឡង់​ត្រូវបាន​កាត់ទោស​លើ​សំណុំរឿង​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​
04, Apr 2018 , 3:47 pm        
រូបភាព
លោក Alex van der Zwaan មេធាវីជនជាតិហូឡង់ (រូបភាព AFP)
លោក Alex van der Zwaan មេធាវីជនជាតិហូឡង់ (រូបភាព AFP)
​នៅ​ថ្ងៃទី​៣ ខែមេសា មេធាវី​ជនជាតិ​ហូ​ឡង់ Alex van der Zwaan ត្រូវបាន​តុលាការ​អាមេរិក​កាត់ទោស​ជាប់ពន្ធនាគា ៣០​ថ្ងៃ​ពីបទ​កុហក​ក្រុម​ស៊ើបអង្កេត​ពិសេស​លើ​សំណុំរឿង​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ។ មេធាវី​រូបនេះ​ក្លាយជា​បុគ្គល​ដំបូង​ដែល​ត្រូវបាន​កាត់ទោស​ក្រោម​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស Robert Mueller និង​ជា​បុគ្គល​ទី​បួន​ដែល​បាន​សារភាព​កំហុស​របស់ខ្លួន​ក្នុង​សំណុំរឿង​ដ៏​ធំ​នេះ​។



​រកឃើញ​បុគ្គល​ទីមួយ​ដែល​ត្រូវ​តុលាការ​កាត់ទោស​លើ​ករណី​រុស្ស៊ី​ជ្រៀត​ជ្រែ​ការបោះឆ្នោត​អាមេរិក​។ មេធាវី​ហូ​ឡង់ Alex van der Zwaan ត្រូវ​តុលាការ​អាមេរិក​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៣០​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពីរម៉ឺន​ដុល្លារ ក្រោយ​បុរស​រូបនេះ​កុហក និង​បដិសេធ​ផ្ទេរ​អ៊ី​ម៉ែ​ល​ទៅ​ក្រុម​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស Robert Mueller ។ លោក​ធ្លាប់​ធ្វើការ​ជាមួយ​លោក Rick Gates អតីត​អនុប្រធាន​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ និង​លោក Paul Manafort ប្រធាន​យុទ្ធនាការ​។​

​លោក van der Zwaan ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រុម​ស៊ើបអង្កេត​ពិសេស​កាលពី​ឆ្នាំមុន ក្រោយ​ក្រុមហ៊ុន​របស់គេ Skadden Arps បាន​សហការ​ក្នុងការ​ស៊ើបអង្កេត​លើ​ករណី​ទំនាក់ទំនង​រវាង​លោក Manafort និង​លោក Gates ជាមួយ​ជនជាតិ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។ ទាំង​ចៅក្រម ទាំង​រដ្ឋអាជ្ញា និយាយថា មេធាវី​ហូ​ឡង់​រូបនេះ​បាន​និយាយ​មិន​ពិត​ក្នុង​កិច្ច​សម្ភាស​លើកទីមួយ​ក្នុង​ខែវិច្ឆិកា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន CNN ។

​មុន​ប្រកាស​សាលក្រម​កាត់ទោស ចៅក្រម Amy Berman Jackson បញ្ជាក់ថា លោក van der Zwaan បានធ្វើ​សកម្មភាព​ផ្គាប់ផ្គុន​លោក Manafort និង​លោក Gates ដែលជា​មន្ត្រី​លោក ត្រាំ និង​បាន​លាក់បាំង​រឿង​ពី​ក្រុមហ៊ុន​របស់ខ្លួន​។ លោក Jackson បាន​ហៅ​ទង្វើ​នេះ​ជា​ការគិត​ប្រយោជន៍​ជាង​យុត្តិធម៌​។ ក្នុង​សវនាការ​វិញ មេធាវី​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​សារភាពថា អ្វីដែល​ខ្លួន​បានធ្វើ គឺជា​រឿង​ខុសឆ្គង និង​សូម​សុំទោស​ចំពោះ​កំហុស​នេះ​។  

​កាលពី​ក្នុង​កិច្ច​សម្ភាស​ក្នុង​ខែវិច្ឆិកា​នោះ លោក van der Zwaan ដែលមាន​ឪពុកក្មេក​ជា​សេដ្ឋី​រុស្ស៊ី បាន​ព្យាយាម​លាក់បាំង​ទំនាក់​ទំនងជា​មន្ត្រី​ទាំងពីរ​របស់លោក ត្រាំ តែ​ក្រុម​ស៊ើបអង្កេត​បាន​ឈ្លេចសួរ​ពីសារ​អ៊ីមែល​ដែល​លោក​លាក់បាំង​។ ប៉ុន្មាន​សប្ដាហ៍​ក្រោយមក រដ្ឋអាជ្ញា​ពិសេស​បាន​កោះ​មេធាវី​រូបនេះ​ទៅ​សួរនាំ ហើយ​អាជ្ញាធរ​អាមេរិក​ក៏បាន​ដក​លិខិតឆ្លងដែន រួច​បាន​ប្រាប់​ពី​ការពិត​ទាំងអស់ ព្រមទាំង​បង្ហាញ​សារ​អ៊ីមែល​ផង​។​

van der Zwaan ជា​បុគ្គល​ទី​បួន​ដែល​បានទទួល​កំហុស​។ មនុស្ស​បីនាក់​ផ្សេងទៀត​មាន​លោក George Papadopoulos ទីប្រឹក្សា​យុទ្ធនា​ការរក​ការគាំទ្រ​របស់លោក ត្រាំ​, អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Michael Flynn និង​បុគ្គល​ម្នាក់ទៀត​។ ឯ​លោក Gates វិញ បាន​សហការ​ជាមួយ​ក្រុម​រដ្ឋអាជ្ញា​ពិសេស​ក្នុងការ​ស៊ើបអង្កេត​រក​ការពិត ប៉ុន្តែ​លោក Manafort បាន​បដិសេធ​ទទួលកំហុស​និង​ការចោទប្រកាន់​នានា​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ហូ​ឡង់​
  ដូ​ណា​ល់ ត្រាំ​
  Alex van der Zwaan
© រក្សាសិទ្ធិដោយ thmeythmey.com