ជាតិ
«​វេទិកា​សួរ​មួយ​» អាចជួយ​តម្រង់ទិស​យុវជន​ទៅរក​ជោគជ័យ​ក្នុងការ​សិក្សា​និង​អាជីព​
04, Apr 2018 , 9:59 pm        
រូបភាព
លោក អ៊ូ រិទ្ធី ស្ថាបនិកវេទិកាប្រឹក្សាយោបល់ «សួរមួយ»
លោក អ៊ូ រិទ្ធី ស្ថាបនិកវេទិកាប្រឹក្សាយោបល់ «សួរមួយ»
​យុវជន​កម្ពុជា​មួយរូប​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​វេទិកា​ប្រឹក្សា​យោបល់ «​សួរ​មួយ​» (Sour Mouy)  ដើម្បី​ជួយ​ប្រឹក្សា និង​តម្រង់ទិស​ដល់​យុវជន​កម្ពុជា​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​ទទួល​ជោគជ័យ​ក្នុងការ​សិក្សា ក្នុង​ការងារ ក៏ដូចជា​អាជីវកម្ម​ដែរ​។



 ស្ថាបនិក​«​វេទិកា​សួរ​មួយ​» លោក អ៊ូ រិទ្ធី បាន​ថ្លែងថា  សួរ​មួយ​នឹង​ផ្តល់ឱកាស​ឲ្យ​មាន​កិច្ចសន្ទនា​ និង​ប្រឹក្សា​យោបល់​ដែល​មិនមាន​លក្ខណៈ​ផ្លូវការ​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​អន​ឡាញ ឬ​តាមរយ​:​ទូរស័ព្ទ​។​តាមរយៈ​គេហទំព័រ​នៃ​វេទិកា​សួរ​មួយ អ្នក​ចង់​ទទួល​ការប្រឹក្សា និង​អ្នក​ប្រឹក្សា​អាច​កំណត់​ពេលវេលា​ក្នុងការ​ណាត់ជួប​សន្ទនា​គ្នា​បាន​ផងដែរ​។​

​ពេល​សាកសួរ​ពី​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​បង្កើត​វេទិកា​មួយ​នេះ​ឡើង បញ្ញា​វ័​ន្ត​ដែល​ទទួលបាន​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​ប្រទេស​ហូ​ឡង់​លោក រិទ្ធី បាន​អះអាងថា លោក​ចង់​រួមចំណែក​ជួយ​យុវជន​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុងការ​សិក្សា ជំនាញ និង ការងារ​ផង​។

 ​លោកបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ខ្ញុំ​មើល​ប្រទេស​ជារួម​។ យើង​ដឹង​ទាំងអស់គ្នា​ថា យុវជន​សំខាន់​ជា​ទំពាំង​ស្នង​ឬ​ស្សី​។ ប៉ុន្តែ​ការជួយ​យុវជន​របស់​យើង​នាពេល​បច្ចុប្បន្ន​នៅ​ស្ទើរ និង​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ ពេល​ខ្ញុំ​សិក្សា​នៅ​ហូ​ឡង់ មិត្តភក្តិ​ខ្ញុំ​ជាច្រើន​តែង​សួរនាំ​ពី​ការងារ និង​អាហារូបករណ៍​ផង ហើយ​រួមជាមួយ​ការសង្កេត​របស់ខ្ញុំ និង​ពិភាក្សា​ជាមួយ​បញ្ញា​វ័​ន្ត​ផ្សេង​ទៀតផង ពី​បញ្ហា​ប្រឈម​ធំៗ​របស់​យុវជន យើង ទើប​ខ្ញុំ​បានជា​គំនិត​រៀបចំ​វេទិកា​នេះ​ឡើង​»​។​

​តាមពិតទៅ វេទិកា​ប្រឹក្សា​យោបល់​សួរ​មួយ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍​ទី ៣១ ខែមីនា​កន្លងទៅ ហើយ​គម្រោង​នេះ​ក៏​ទទួលបាន​ការជួយឧបត្ថម្ភ​ហិរញ្ញវត្ថុ​គ្រាប់ពូជ (Seed Funding) ពី​អង្គការ​តម្លាភាព​កម្ពុជា (TI) ដែរ​។ មកដល់ពេលនេះ​បញ្ញាវ័ន្តដែលបានស្ម័គ្រចិត្ត​ធ្វើជា​អ្នក​ប្រឹក្សា​នោះ​កើនឡើង​ដល់​ជាង ៥០ នាក់​រួចទៅហើយ​។​

​ស្ថាបនិក​រូបនេះ​បន្ថែមថា វេទិកា​អន​ឡាញ​ប្រឹក្សា​យោបល់​ដែល​លោក​ផ្តួចផ្តើមឡើង​នោះ​ផ្តោត​សំខាន់​លើ​ការប្រឹក្សា​យោបល់​លើ​ចំណុច​សំខាន់​ចំនួន​ប្រាំ​ដែល​យុវជន​កម្ពុជា​ត្រូវការ​ខ្លាំង ហើយ​ចំណុច​ទាំងនោះ​អាចជួយ​កំណត់​ជោគវាសនា និង​ភាពជោគជ័យ​របស់​យុវជន​កម្ពុជា​បាន​ផង​។

«​បញ្ហា​ទាំង​ប្រាំ​ចំណុច​នោះ​មាន​ទីមួយ គឺ​ចេញពី​និស្សិត​រៀន​ចប់​វិទ្យាល័យ​។ គាត់​ប្រឈម​ការលំបាក​មែនទែន​ក្នុងការ​ជ្រើសរើស​មុខវិជ្ជា​។ ខ្ញុំ​ខ្លួនឯង និង​មិត្តភក្តិ​ផ្សេងទៀត​ក៏​ធ្លាប់មាន​បទពិសោធន៍​។ យើង​មិនដឹង​ត្រូវ​រៀន​អ្វី​ទាំង​ផ្នែក​សង្គម និង​វិទ្យាសាស្ត្រ​។  ចំណែក​ទី​ពីរ​គឺ ជំនាញ​វិជ្ជាជីវៈ​។ ពេល​គាត់​រៀន​ចប់​វិទ្យាល័យ គាត់​ត្រូវ​ការជំនាញ​វិជ្ជាជីវៈ​ដូចជា​ធ្វើ​កសិកម្ម ចិញ្ចឹមសត្វ ដាំ​ដុះ ជាង​ជួសជុល ឬ​បច្ចេកទេស​ជាដើម​។ តែ​គាត់​មិនដឹង​ទៅ​រៀនសូត្រ​នៅឯណា​»​។ 

«​ទី​បី​គឺ ទាក់ទង​នឹង​អាជីព​។ ពេល​គាត់​រៀន​ចប់​ហើយ​គាត់​ត្រូវ​រក​ការងារ​ធ្វើ ប៉ុន្តែ​គាត់​មិនដឹង​ទៅណា ឬ​គ្មាន​អ្នកណា​ជួយ​ណែនាំ​ឬ​រៀបចំខ្លួន​។ ចំណុច​ទី​បួន បន្ទាប់ពី​បានធ្វើ​ការងារ​ហើយ គឺ​គាត់​ត្រូវការ​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ឬ​វគ្គ​ខ្លីៗ​។ ទី​ប្រាំ​គឺ ពេល​មានបទពិសោធន៍​គួរសម គាត់​មានគំនិត​រកស៊ី ឬ​ធ្វើជា​សហគ្រិន​។ គាត់​ត្រូវការ​សួរ​យោបល់​ទៀត​»​។ នេះ​ជាការ​ពន្យល់​របស់លោក រិទ្ធី​។

​លោក រិទ្ធី បាន​កត់សម្គាល់ថា ការស្រាវជ្រាវ​កន្លងមក​បង្ហាញថា យុវជន​កម្ពុជា​ភាគច្រើន​ជ្រើសរើស​មុខវិជ្ជា​រៀន​តាមចិត្ត​របស់ខ្លួន ជាជាង​យល់ដឹង​ពី​ទីផ្សារ និង​តម្រូវការ​របស់​ប្រទេសជាតិ​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​កង្វះខាត​ព័ត៌មាន មិនមាន​អ្នក​ជួយ​សម្របសម្រួល និង​ផ្តល់​ពន្លឺ​សម្រាប់​ការជ្រើសរើស​ជំនាញ និង​បច្ចេកទេស​។  បើសិន​វេទិកា​សួរ​មួយអាច​បន្តដំណើរ​ទៅមុខ​បានល្អ​ដោយ​រលូន លោក រិទ្ធី រំពឹងថា វា​នឹង​អាចរួមចំណែក​ជួយ​បន្ថយ​គម្លៀត​នៃ​ជំនាញ​បច្ចេកទេស​ក្នុងចំណោម​យុវជន​នាពេល​អនាគត​ផង​។

«​ខ្ញុំ​យល់ថា យុវជន​ដែលមាន​ចំណេះដឹង មាន​ជំនាញ មានបទពិសោធន៍ បាន​រៀនសូត្រ​ក្រៅប្រទេស និង​ធ្វើ​ការងារ​នៅ​កន្លែង​ល្អៗ​មានលទ្ធភាព​ចែករម្លែក និង​ជួយ​តម្រង់ផ្លូវ​យុវជន​ផ្សេងទៀត​ឲ្យ​ត្រូវ​ជំនាញ​។  យើង​ជួយ​សង្គម​របៀបនេះ​។ ជួយ​យុវជន​ឲ្យ​ជោគជ័យ គឺ​មានន័យថា ជួយ​សង្គម​ឲ្យ​ជោគជ័យ​»​។ លោក​ រិទ្ធីអះអាង​ដូច្នេះ​។​

​យ៉ាងណាមិញ ស្ថាបនិក​រូបនេះ​ក៏​ចង់​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​អង្គការ​អន្តរជាតិ​នានា​គាំទ្រ​គម្រោង​នេះ​ផង​នៅពេល​អនាគត​ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​គម្រោង​នេះ​៕

​ចុច​ទីនេះ ដើម្បី​ដឹង​កាន់តែ​លម្អិត​ពី​វេទិកា​«​សួរ​មួយ​»៕


Tag:
 អ៊ូ រិទ្ធី​
  វេទិកា​សួរ​មួយ​
  យុវជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com