ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ាដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល D ត្រូវប៉ះជាមួយអាហ្សង់ទីន អ៊ីស្លង់ និងក្រូអាស៊ី។ នេះជាការបង្ហាញវត្តមានលើកទី៦ហើយ សម្រាប់ក្រុមមកពីទ្វីបអាហ្វ្រិកមួយនេះ ចាប់តាំងពីចូលរួមលើកដំបូងឆ្នាំ ១៩៩៤។
គ្រូបង្វឹក៖ លោក Gernot Rohr (អាល្លឺម៉ង់)
លោក Rohr គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលមានបទពិសោធន៍ច្រើនបំផុតដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិនៅក្នុងទ្វីបអាហ្វ្រិក ដូចជាហ្គាបុង នីហ្សេ និងបូគីណាហ្វាសូ។ គ្រូសញ្ជាតិអាល្លឺម៉ង់វ័យ៦៤ឆ្នាំរូបនេះ បានឡើងដឹកនាំនីហ្សេរីយ៉ានៅក្នុងខែសីហាឆ្នាំ ២០១៦ ហើយតែងតែទទួលជ័យជំនះស្ទើគ្រប់ការប្រកួតក្នុងវគ្គជម្រុះ និងក្លាយជាក្រុមអាហ្វ្រិកទី១ដែលបានសិទ្ធីទៅ World Cup នៅរុស្ស៊ីមុនគេ។
កីឡាករឆ្នើម៖ John Obi Mekel
ប្រធានក្រុមរូបនេះនៅតែជាកីឡាករសំខាន់របស់នីហ្សេរីយ៉ានៅក្នុងតំបន់កណ្តាល។ Mikel ដែលបច្ចុប្បន្នជាសមជិកក្រុម Tianjin នៃលីកកំពូលចិន ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League មួយលើកជាមួយ Chelsea។ ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះនៅតែមានភាពរឹងមាំ និងជាអ្នកនាំលេងមិនអាចខ្វះបានសម្រាប់ក្រុមរហស្សនាម Super Eagles នៅ World Cup លើកទី២២។