ជាតិ
នាយករដ្ឋមន្ត្រីឡាវស្នើឱ្យកម្ពុជាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រូបភាព៖ AKP
× សៀមរាប៖ ក្នុងជំនួបមុនកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការទន្លេមេគង្គលើកទី៣ លោកនាយករដ្ឋមន្ត្រីឡាវ បានជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងជំនួបនោះ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានស្នើឱ្យកម្ពុជាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដែលទំហំពាណិជ្ជកម្មបច្ចុប្បន្នមានទំហំតូចនៅឡើយ។
ក្រោយជំនួបនៅល្ងាចថ្ងៃទី៤ ខែមេសា នៅសណ្ឋាគារសុខា សៀមរាប លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទំហំពាណិជ្ជកម្មកម្ពុជា-ឡាវនាពេលបច្ចុប្បន្នមានកម្រិតទាបនៅឡើយ គឺនៅមានត្រឹម២០លានដុល្លារប៉ុណ្ណោះ ហើយក៏កំពុងថយចុះ បូករួមទាំងចំនួនភ្ញៀវទេសចរផងដែរ។
ឆ្លើយតបទៅនឹងសំណើរនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ស្របចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រី ឡាវ ហើយថាគួរបង្កើនការវិនិយោគទំហំពាណិជ្ជកម្មទ្វេភាគីនេះ តាមរយៈការជំរុញរវាងប្រជាជន និងប្រជាជន ឱ្យមានការវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២។ តាមរយៈលោក អ៊ាង សុផល្លែត សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និងឡាវ មានសក្កានុពលជាច្រើន ក្នុងការជំរុញកំណើនពាណិជ្ជកម្មនេះ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដែលសម្តេចថ្លែងថា នឹងពិនិត្យមើលលទ្ធភាពក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីឱ្យមានការហោះហើរត្រង់ទៅកាន់ទីក្រុងវៀងចន្ធន៍ និងទីក្រុងហ្លូងព្រះបាទ។
បន្ថែមពីនេះ សម្តេច ហ៊ុន សែន ក៏បានលើកពីគំនិតផ្តួចផ្ដើមឱ្យមានការសិក្សាអំពីការមិនយកពន្ធត្រួតគ្នា ដូចដែលកម្ពុជាបានចុះហត្ថលេខាជាមួយវៀតណាមកន្លងមកដែរ។ សម្តេចស្នើឱ្យភាគីឡាវ ពិនិត្យមើលការតភ្ជាប់បណ្ដាញអគ្គិសនី ដើម្បីភ្ជាប់បណ្តាញពីឡាវ ដែលនេះជាចំណុចដែលកម្ពុជាយល់ឃើញថាអាចជំរុញពាណិជ្ជកម្មទ្វេភាគីបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com