ជាតិ
នយោបាយជាតិ
អតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង ដែលជាប់ឃុំ ស្នើសុំការលើកលែងទោស ក្នុងឱកាសចូលឆ្នាំ លោក ម៉ៅ មុន្នីវណ្ណ និងលោក អ៊ូ ច័ន្ទរ័ត្ន ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយចាកចេញពីសួរសុខទុក្ខសហការី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស
× ភ្នំពេញ៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេឲ្យតម្លៃថាមានជំនាញខ្ពស់ផ្នែកព្រំដែន រួមទាំងសកម្មជនជាង១0ផ្សេងទៀត បានសុំឲ្យប្រមុខរដ្ឋាភិបាល ពិចារណា ក្នុងការថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីប្រោសព្រះរាជទានលើកលែងទោសដល់ពួកគេ ឲ្យរួចផុតពីពន្ធនាគារ។ សំណើរបស់ពួកគេ បានផ្ញាំផ្ញើតាមអតីតតំណាងរាស្ត្រដូចគ្នា ដែលបានចូលទៅសួរសុខទុក្ខ ដល់ពន្ធនាគារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រោយចាកចេញពីពន្ធនាគារព្រៃស លោក ម៉ៅ មុន្នីវណ្ណ បានប្រាប់អ្នកកាសែតថា ក្នុងពិធីចូលឆ្នាំខ្មែរ អ្នកជាប់ឃុំទាំងនោះ គួរតែទទួលបានការលើកលែងទោស ដើម្បីបានទៅជួបជុំក្រុមគ្រួសារ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។ លោក បន្តថា ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មានអ្នកខ្លះ ជាប់ឃុំបាន ២ភាគបីហើយ ដែលអាចឲ្យប្រមុខរដ្ឋាភិបាល ស្នើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ ប្រោសព្រះរាជទានលើកលែងទោស។
លោក ម៉ៅ មុន្នីវណ្ណ និយាយដូច្នេះថា៖«ពួកគាត់ ចង់ទៅជួបជុំ ចង់បីបាច់ថែរក្សាប្រពន្ធកូនរបស់ពួកគាត់វិញ។ វា ជាអំពើមនុស្សធម៌មួយ ដែលប្រមុខរដ្ឋាភិបាល តែងធ្វើរឿងនេះ»។
អតីតតំណាងរាស្ត្របីរូបនៃគណបក្សសង្គ្រោះជាតិ ដែលរួមមានលោក អ៊ូ ច័ន្ទរ័ត្ន លោក ម៉ៅ មុន្នីវណ្ណ និងលោក កង គឹមហាក់ ត្រូវបានអនុញ្ញាត ឲ្យចូលជួបអ្នកជាប់ឃុំខាងលើ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២0១៨នេះ។ ប៉ុន្តែ អ្នកទាំងបី មិនត្រូវបានអនុញ្ញាតឲ្យជួបលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នោះទេ។ មូលហេតុ គឺដោយសាតែលោក មាជ សុវណ្ណារ៉ា បានលួចប្រើទូរសព្ទ ដែលមន្ត្រីពន្ធនាគារ ចាត់ទុកថាខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ។
លោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនបក្សប្រឆាំងជាង១០នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធគារ ពី៧ឆ្នាំ ទៅ២០ឆ្នាំ។ តុលាការ បានចោទពួកគេថា បានចូលរួម និងដឹកនាំធ្វើកុបកម្មប្រឆាំងអាជ្ញាធរសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។
រីឯ លោក អ៊ុំ សំអាន ត្រូវបានតុលាការ កាត់ទោសជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់៤លានរៀល ពីបទ«ញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការរិះគន់ពីបញ្ហាព្រំដែន កាលពីអំឡុង ខែតុលា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ សំណើរបស់ពួកគេ ដែលចង់ឲ្យមានការលើកលែងទោស ទំនងជាពិបាកនឹងធ្វើឲ្យប្រមុខរដ្ឋាភិបាល យកទៅពិចារណាណាស់។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា នឹងមិនថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោសដល់ពួកគេឡើយ។
ប្រមុខរដ្ឋាភិបាល ធ្លាប់លើកឡើងថា ការមិនលើកលែងទោសដល់អ្នកជាប់ឃុំទាំងនោះ គឺដោយសារតែទង្វើរបស់លោក សម រង្ស៊ី រួមទាំងក្រុមប្រឆាំងនៅក្រៅប្រទេស មានលក្ខណៈជ្រុលហួសហេតុ។
ចាប់តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល លោក សម រង្ស៊ី រួមទាំងសហការីរបស់លោក បានរួមគ្នាធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា។ ពួកគេ បានទិតៀនរដ្ឋាភិបាលកម្ពុជា ស្ទើរតែគ្រប់ពេល ដោយសំដៅមកកាន់សម្តេច ហ៊ុន សែន ខ្លាំងជាងគេ។
ប៉ុន្តែ មកដល់ពេលនេះ ការប្រឹងប្រែងរបស់ក្រុមប្រឆាំង មិនទាន់ទទួលបានសញ្ញាវិជ្ជមានណាមួយនៅឡើយទេ ពោលគឺលោក កឹម សុខា និងមន្ត្រីផ្សេងៗ នៅតែជាប់ឃុំ ហើយគណបក្សសង្គ្រោះជាតិ នៅតែមិនទាន់អាចរស់ឡើងវិញ ខណៈការបោះឆ្នោតកាន់ខិតជិតមកដល់។ រដ្ឋាភិបាល ប្រកាសរួចហើយថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨ នឹងដំណើរការតាមការគ្រោងទុក ទោះជាគ្មានបក្សប្រឆាំង ក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com