ជាតិ
វៀតណាម ថា សម្ដេច ហ៊ុន សែន យល់ព្រមដោះស្រាយបញ្ហាជុំវិញសិទ្ធិស្របច្បាប់ជនជាតិខ្លួន
× ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាម បាននិយាយថា រដ្ឋាភិបាលកម្ពុជា នឹងជួយដោះស្រាយបញ្ហាជុំវិញសិទ្ធិស្របច្បាប់ប្រជាជនវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ស្របតាមច្បាប់កម្ពុជា។ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៥ មេសា។
តាមរយៈបណ្ដាញ Twitter ផ្លូវការ របស់រដ្ឋាភិបាលវៀតណាម បានស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុន បានសរសេរយ៉ាងដូច្នេះថា៖«ក្នុងជំនួបទ្វេរភាគីនោះ សម្ដេច ហ៊ុន សែន បានយល់ព្រមសហការដោះស្រាយបញ្ហា ទាក់ទងនឹងសិទ្ធិស្របច្បាប់របស់ជនជាតិវៀតណាម ដែលរស់នៅកម្ពុជា ដោយផ្អែកលើច្បាប់របស់កម្ពុជា»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើសុំឲ្យសម្ដេច ហ៊ុន សែន បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាឲ្យកាន់តែខ្លាំងក្លា ដើម្បីចៀសវាងការទទួលព័ត៌មានមិនពិត។ នេះបើតាមហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
កន្លងមកសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធររឹតបន្តឹង ចំពោះជនអន្តោប្រវេសន៍ ដោយមិនអនុញ្ញាតិឲ្យមន្ត្រីណាម្នាក់ រៀបចំឯកសារមិនត្រឹមត្រូវឲ្យជនបរទេសទៀតនោះឡើយ ។ សម្ដេច ស ខេង បានព្រមានថា ប្រសិនបើរកឃើញមន្ត្រីណាដែលនៅតែបន្តរៀបចំឯកសារឲ្យជនបរទេសខុសច្បាប់ទៀតនោះ បុគ្គល ឬមន្ត្រីនោះនឹងត្រូវមានទោសតាមច្បាប់ជាក់ជាមិនខាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖« ការដែលមានជនអន្តោប្រវេសន៍រស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ និងឯកសារមិនប្រក្រតីនេះ គឺកើតចេញពីមន្ត្រីជាអ្នកផ្តល់ជូនពួកគេ។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងនឹងមិនបណ្តែតបណ្តោយអោយមន្ត្រីទាំងនោះ បន្តសកម្មភាពតទៀតនោះទេ ដូច្នេះមន្ត្រីទាំងអស់ត្រូវតែអនុវត្តន៍ទៅតាមច្បាប់ ហើយដាក់កំហិតដាច់ខាតចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាមិនអនុវត្តដោយបង្ខំដូចសម័យ ប៉ុល ពត និងសម័យ លន់ ណុល នោះឡើយ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក សុខ ផល បាននិយាយថា ជនបរទេសជាងប្រាំពីរម៉ឺននាក់ ដែលសមត្ថកិច្ចបានដកហូតឯកសារមិនត្រឹមត្រូវនោះ មានចំនួន៥សញ្ជាតិ ដោយជនជាតិវៀតណាមមានចំនួន៩៩ភាគរយ។ ដោយជនបរទេសទាំងនោះ ត្រូវបញ្ជូនឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ប៉ុន្តែសម្រាប់ជនបរទេសដែលចង់ស្នាក់នៅបន្ត ត្រូវដាក់ពាក្យសុំរៀបចំឯកសារត្រឹមត្រូវ ដើម្បីក្លាយជាជនអន្ដោប្រវេសន៍ស្របច្បាប់៕
Tag:
ហ៊ុន សែន
កម្ពុជា
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com