ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ខ្មែរ​៖ សាលា​រាជធានី ឲ្យ​ប្រយ័ត្ន​អគ្គិភ័យ និង​ហាម​លេង​ជះ​ទឹក ប៉ាត​ម្សៅ
05, Apr 2018 , 8:32 pm        
រូបភាព
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ តាមរយៈ​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​៤​ខែមេសា បាន​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​រាជធានី និង​ប្រពៃណីជាតិ នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦​ខែមេសា​។​


 
​ក្នុង​សេចក្ដីជូនដំណឹង​ខាងលើនេះ រដ្ឋបាល​រាជធានី បាន​អំពាវនាវ​ឲ្យ​សាធារណជន ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។ ក្រៅពីនេះ ពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយ​ការប្រុងប្រយ័ត្ន និង​ម្ចាស់ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី​។ 
 
​សាលាក្រុង​បានស្នើ​ឲ្យ​សាធារណជន ចូលរួម​លេងល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ និង​ចៀសវាង​ដាច់ខាត​ការលេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ទះ​គក់​ដោយ​ដៃ ឬ​វាយ​ដោយ​រំពាត់​ដល់​អ្នកដំណើរ ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​។ អាជ្ញាធរ​បាន​ហាម​លេងល្បែង​ស៊ីសង អុជ​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​។  
 
​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​សហការ​អនុវត្ត និង​ផ្សព្វផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​អំពើ​មិន​គប្បី​ខាងលើ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី សេចក្ដីថ្លៃថ្នូរ​របស់​ជាតិ ក៏ដូចជា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណ ក្នុង​ក្រុងភ្នំពេញ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com