កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal រំពឹង​ខ្ពស់​ទៅ​វគ្គ​១/២ ក្រោយ​លត់ CSKA Moscow ៤-១
06, Apr 2018 , 10:43 am        
រូបភាព
Arsenal បាន​យកឈ្នះ CSKA Moscow ៤-១ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Europa League វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ជើង​ទី​១ នៅ​រាត្រី​ថ្ងៃទី​៥ ខែមេសា​។​



​ការប្រកួត​ក្នុង​កីឡដ្ឋាន Emirates ដែលមាន​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ Moscow ប្រហែល​តែ​២០០​នាក់​នោះ ត្រូវបាន​ក្រុម​ម្ចាស់ផ្ទះ​កាំភ្លើង​ធំ​វាយ​សម្រុក​យ៉ាងខ្លាំង​តាំងពី​ដើមតង់​ទី​១​រហូត​រក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​៩ ដោយ Aaron Ramsey មុនពេល Aleksandr Golovin រក​គ្រាប់​តាម​ស្មើ​នៅ​នាទី ១៥​។ ខ្សែបម្រើ Mesut Ozil បាន​បង្កើត​ឱកាស​ឲ្យ​មាន​បាល់​ពិន័យ​១១​ម៉ែត្រ ដែល​ធ្វើបាន​ដោយ Alexandre Lacazette នៅ​នាទី ២៣​។ ហើយ​២​គ្រាប់​ទៀត​គឺ​ធ្វើបាន​ដោយ Ramsey និង Lacazette ដរ​ដែល​នៅត្រឹម​វគ្គ​ទី​១​ប៉ុណ្ណោះ​។​



​ជ័យជម្នះ ៤-១ របស់​ក្រុម​លោក Arsene Wenger នៅ​ជើង​ទី​១​នេះ គឺមាន​ភាគរយច្រើន​ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ការប្រកួត​ជើង​ទី២​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។​

Arsenal នៅសល់​ក្តី​រំពឹង​លើ​ពាន​លំដាប់​ទី​២​អឺរ៉ុប​នេះ​តែមួយ​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ដើម្បី​បាន​កៅអី Champions League រដូវ​កាល​ក្រោយ ស្របពេល​ការ​ប្រជែង​យក Top 4 នៃ​ក្របខណ្ឌ Premier League គឺ​ស្ទើ​តែ​អស់​ឱកាស​ទៅហើយ ដោយ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Spurs រហូត​១៣​ពិន្ទុ​ឯណោះ ខណៈ​ការប្រកួត​សល់​៧​លើក​ទៀត​៕



​លទ្ធផល​គូ​ដ៏ទៃទៀត​៖
Atletico Madrid ២ - ០ Sporting CP
Lazio ៤ - ២ Salzburg
RasenBallsport Leipzig ១ - ០ Marseille


Tag:
 បាល់ទាត់​
  UEFA Europa League
  Arsenal
  CSKA Moscow
© រក្សាសិទ្ធិដោយ thmeythmey.com