អន្តរជាតិ
លោក ត្រាំ ប្រាប់ឲ្យអារ៉ាប៊ីសាអូឌីតបង់លុយ បើចង់ឲ្យទាហានអាមេរិកបន្តនៅស៊ីរី ប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែមេសា បានប្រាប់ឲ្យអារ៉ាប៊ីសាអូឌីតបង់ប្រាក់ បើប្រទេសនេះចង់ឲ្យទាហានអាមេរិករក្សាវត្តមាននៅទឹកដីស៊ីរី។ កាលពីសប្ដាហ៍មុន លោក ត្រាំ បានប្រកាសពីជំហរដកខ្លួនចេញពីស៊ីរីក្រោមហេតុផលថា បេសកកម្មកម្ចាត់ក្រុមភេរវករបានជោគជ័យហើយ ទោះជាមន្ត្រីរបស់លោកមិនយល់ស្របក្ដី។ ឯក្រុងរីយ៉ាដវិញចង់ឲ្យអាមេរិកបន្តវត្តមាននៅស៊ីរីទៀតដើម្បីទប់ទល់ឥទ្ធិពលអ៊ីរ៉ង់។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីម្ដងទៀតពីជំហរដកទាហានអាមេរិកចេញពីទឹកដីស៊ីរី ខណៈប្រតិបត្តិការបោសសម្អាតក្រុមរដ្ឋឥស្លាមកាន់តែជិតចប់ហើយ។ លោក ត្រាំ បានត្អូញត្អែរពីការចំណាយលើយោធាយ៉ាងច្រើនលើសលប់ តែមិនសូវបានផលអ្វីត្រឡប់មកវិញសោះ ស្របពេលដែលលោកកំពុងខ្វះខាតលុយដើម្បីសាងសង់ជញ្ជាំងព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក។ ប៉ុន្តែមានប្រទេសមួយដែលចង់ឲ្យអាមេរិកបន្តវត្តមាននៅស៊ីរី គឺអារ៉ាប៊ីសាអូឌីត។
ក្នុងន័យសន្សំលុយខ្លួនឯង លោក ត្រាំ ចង់ឲ្យអារ៉ាប៊ីសាអូឌីតចេញថ្លៃចំណាយរបស់ទាហានអាមេរិក បើចង់ឲ្យអាមេរិកនៅបំពេញបេសកកម្មនៅស៊ីរីទៀត។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែមេសា ប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា បេសកកម្មរបស់អាមេរិកជិតបញ្ចប់ហើយ ហើយអាមេរិកនឹងសម្រេចចិត្តចុងក្រោយនៅពេលឆាប់នេះពីជំហានបន្ទាប់ទៀត ក្រោយពេលជជែកជាមួយដៃគូផ្សេងទៀតរួចរាល់។
យោងតាមទូរទស្សន៍ Al Jazeera លោក ត្រាំ មិនសប្បាយចិត្តការចំណាយលុយដ៏ច្រើននៅស៊ីរី បានអះអាងថា អារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ក្នុងការសម្រេចចិត្តរបស់អាមេរិក។ លោកក៏បានទីក្រុងរីយ៉ាដថា៖ «បើចង់ឲ្យទាហានអាមេរិកនៅទៀត អ្នកត្រូវបង់លុយថ្លៃចំណាយ»។
តាមពិតទៅ មន្ត្រីអាមេរិកជាច្រើនសុទ្ធតែមានជំហរមិនស្របលោក ត្រាំ ឡើតជុំវិញបំណងដកទាហានអាមេរិកត្រឡប់ចូលស្រុកវិញនោះ ប៉ុន្តែលោក ត្រាំ ហាក់សូញសាញនឹងការចំណាយតែម្ដង។ នៅស៊ីរី លោក ត្រាំ លើកឡើងថា អាមេរិកបានជួយច្រើនណាស់ គឺជួយស៊ីរីច្រើនជាងស៊ីរីជួយអាមេរិកទៅទៀត។ ក្នុងសន្និសីទដដែល លោក ត្រាំ ក៏ឆ្លៀតបង្ហាញការមិនពេញចិត្តចំពោះអន្តរាគមន៍នៅមជ្ឈិមបូព៌ា ដែលអាមេរិកត្រូវចំណាយសន្ធឹកសន្ធាប់។
ប្រតិបត្តិការ១៧ឆ្នាំនៅមជ្ឈិមបូព៌ា អាមេរិកចំណាយលុយដល់៧ទ្រីលានដុល្លារ ប៉ុន្តែលោក ត្រាំ អះអាងថា អាមេរិកគ្មានបានអ្វីក្រៅពីសេចក្ដីស្លាប់ និងការបំផ្លិចបំផ្លាញ។ សម្រាប់លោក ត្រាំ អន្តរាគមន៍នៅតំបន់នេះជារឿងអាក្រក់ ហើយពេលវេលាក៏បានមកដល់ដែរសម្រាប់ទាហានអាមេរិកត្រូវវិលត្រឡប់ទៅផ្ទះវិញ៕
Tag:
អាមេរិក
អារ៉ាប៊ីសាអូឌីត
ស៊ីរី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com