ជាតិ
ម៉ា​រ៉ុ​ក ស្នើ​ឲ្យ​កម្ពុជា​គាំទ្រ​ខ្លួន ធ្វើជា​ម្ចាស់ផ្ទះ World Cup ២០២៦
06, Apr 2018 , 3:36 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា
រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា
​ភ្នំពេញ​៖ រដ្ឋាភិបាល​ម៉ា​រ៉ុ​ក ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​គាំទ្រ​ខ្លួន ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ខាងមុខ​។ សំណើរ​របស់​រដ្ឋាភិបាល​ម៉ា​រ៉ុ​ក​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោកស្រី Mounia Boucetta អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ា​រ៉ុ​ក និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​៥ មេសា នៅ​ខេត្តសៀមរាប​។​



​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ រដ្ឋាភិបាល​ម៉ា​រុក បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី ជាមួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែមទៀត​។ ហើយ​អ្វីដែល​រដ្ឋាភិបាល​ម៉ា​រ៉ុ​ក ចងចាំ​មិន​ភ្លេច​នោះ គឺ​ជំហរ​របស់​កម្ពុជា ដែល​គាំទ្រ​ម៉ា​រ៉ុ​កលើ​ឆាក​អន្តរជាតិ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ស្រង់​សម្ដី​លោកស្រី Mounia Boucetta យ៉ាង​ដូច្នេះ​ថា​«​ម៉ា​រ៉ុ​ក​សូម​អរគុណ​កម្ពុជា ចំពោះ​ការគាំទ្រ​បេក្ខភាព​ម៉ា​រ៉ុ​កលើ​ឆាក​អន្តរជាតិ​»​។

​បន្ថែម​ពីនេះ​លោកស្រី Mounia Boucetta ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​គាំទ្រ​បេក្ខភាព​ម៉ា​រ៉ុ​ក ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ World Cup នៅ​ឆ្នាំ ២០២៦ ផងដែរ​។​

អត្ថបទទាក់ទង


​កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងមក ប្រទេស​ម៉ា​រ៉ុ​ក​បានដាក់​ពាក្យសុំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់ FIFA World Cup ២០២៦ ។ World Cup ឆ្នាំ​២០២៦ កំពុងមាន​ការដេញថ្លៃ​រួម​ពី​កាណាដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋ​អាម៉េរិក និង​តទល់​ជាមួយ​ម៉ា​រ៉ុ​ក ។ FIFA នឹង​សម្រេច​ជ្រើសរើស​ក្នុង​សមាជ​របស់ខ្លួន​នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​ចំនួន​ក្រុម​អាច​កើនឡើង​ពី​៣២​ទៅ​៤៨​។ ប្រទេស​ម៉ា​រ៉ុ​ក បាន​ចូលរួម​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត FIFA World Cup ២០២៦ នេះ គឺជា​លើក​ទី​៥​ហើយ (​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ១៩៩៤, ១៩៩៨ , ២០០៦ និង​ឆ្នាំ​២០១០)​។ ប៉ុន្តែ​ការដេញថ្លៃ​លើក​នេះ ប្រ​ទស​ម៉ា​រ៉ុ​ក ហាក់​មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ World Cup ជាង​ការដេញថ្លៃ​កន្លងមក​។​

​ប្រទេស​ម៉ា​រ៉ុ​ក ត្រៀម​កញ្ចប់​ថវិកា​១៥,៨​ពាន់​លាន​ដុល្លារ សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ World Cup បើសិនជា​អាច​ទទួលបាន​ការគាំទ្រ​តាម​បំណង​មែន​នោះ​។ គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​នេះ ប្រទេស​រុស្ស៊ី ធ្វើជា​ម្ចាស់ World Cup និង​ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា​៕


Tag:
 ម៉ា​រ៉ុ​ក
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com