អន្តរជាតិ
លោក​លី សៀន​ឡុង ៖ «​ដល់ពេល​វេលា​ត្រូវ​កសាង​សិង្ហ​បុរី​ម្ដង​ទៀតហើយ​»
06, Apr 2018 , 8:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងវេទិកានៅសាកលវិទ្យាល័យមួយ (រូបភាព Strait Times)
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងវេទិកានៅសាកលវិទ្យាល័យមួយ (រូបភាព Strait Times)
​ជាង​៥០​ឆ្នាំក្រោយ​ទទួលបាន​ឯករាជ្យ សិង្ហ​បុរី​បានក្លាយ​ជាមាន​សេដ្ឋកិច្ច​ជឿនលឿន​មួយ​របស់​ពិភពលោក តាមរយៈ​ការប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន ឯ​ប្រជាជន​ដែល​ធ្លាប់តែ​ក្រីក្រ ក៏មាន​ប្រាក់ចំណូល​ខ្ពស់​។ ទន្ទឹមនឹង​ការរីកលូតលាស់​នេះ សិង្ហ​បុរី​បាន​ប្រើប្រាស់​ផ្ទៃដី​របស់ខ្លួន​ស្ទើរ​ទាំងស្រុង​ទៅហើយ ដែល​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​សម្រាប់​គម្រោង​អភិវឌ្ឍ​ខាងមុខ​។ នាយករដ្ឋមន្ត្រី លី សៀន​ឡុង និយាយថា ពេលវេលា​មកដល់​ហើយ​សម្រាប់​ការគិតគូរ​អភិវឌ្ឍ​សិង្ហ​បុរី​ឡើងវិញ​។



​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​៥ ខែមេសា បានលើកឡើង​សារសំខាន់​ក្នុង​រៀបចំ​ទស្សនៈវិស័យ​សម្រាប់​រយៈ​ពេល​៥០​ឆ្នាំ​ខាងមុខ ខណៈដែល​ជាង​៥០​ឆ្នាំក្រោយ​ផ្ដាច់ខ្លួន​ពី​ម៉ាឡេស៊ី សិង្ហ​បុរី​បាន​អភិ​វ​ធ្ឍ​ដល់​កម្រិត​ទៅហើយ​។ នៅក្នុង​វេទិកា​មួយ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​ច្នៃ​ម៉ូត​សិង្ហ​បុរី លោក លី និយាយថា ពេលវេលា​មកដល់​សម្រាប់​ការគិតគូរ និង​ការកសាង​សិង្ហ​បុរី​ឡើងវិញ​ហើយ​មនុស្ស​ជំនាន់​ក្រោយ​មាន​តួនាទី​សំខាន់​លើ​កិច្ចការ​នេះ​។​

​ចំពោះមុខ​និស្សិត​ជាច្រើន លោក លី និយាយថា ផ្ទៃដី​សិង្ហ​បុរី​ស្ទើរ​ទាំងស្រុង​ត្រូវបាន​អភិវឌ្ឍ ឬក៏​ស្ថិតក្នុង​គម្រោង​រួចស្រេច ហើយ​នេះ​ហាក់ដូចជា​មានន័យថា គ្មាន​ដី​សេសសល់​សម្រាប់​ការអភិវឌ្ឍ​ទៀតឡើយ​។ លោក​ក៏​លើក​ជា​សំណួរ​ថា អ៊ីចឹង​តើ​យើង​អាច​គិតគូរ ឬ​កសាង​សិង្ហ​បុរី​ឡើងវិញ​របៀប​ណា​?

​សម្រាប់​ចម្លើយ​នៃ​សំណួរ​នេះ លោក លី ឆ្លើយថា គឺ​ការបង្កើត​ដី​ថ្មី និង​ការ​ប្រែក្លាយ​ផ្នែក​របស់​សិង្ហ​បុរី​ដែល​ត្រូវបាន​អភិវឌ្ឍ​ឲ្យ​ទៅជា​តំបន់​ដែល​អាច​អភិវឌ្ឍ​ម្ដងទៀត​។ ជាមួយនឹង​ការតាំង​ចិត្ត និង​ការស្រមើស្រមៃ សិង្ហ​បុរី​ពិតជា​អាចធ្វើ​បាន​។ លោក លី បាន​យក​កររ​ណី​រើ​មូលដ្ឋាន​អាកាស Paya Lebar ទៅកាន់ Changi ធ្វើជា​ឧទាហរណ៍​នៃ​ការប្រើប្រាស់​ដី​សម្រាប់​ការអភិវឌ្ឍ​គម្រោង​ង​ថ្មី​។  

​ជុំវិញ​ការកសាង​អនាគត​ថ្មី នាយករដ្ឋមន្ត្រី​ទី​បី​របស់​បុរី​រដ្ឋ​មួយ​នេះ​យល់ថា សិង្ហ​បុរី​គួរ​ទាញយក​ប្រយោជន៍​ពី​ការប្រមូល​បទពិសោធន៍ និង​ធនធាន​, ការ​ស្រមៃ និង​ជំនាញ​របស់​ប្រជាជន និង​ពី​តំបន់​ផង​។ គោលដៅ​សំខាន់ គឺ​ការកសាង​បរិស្ថាន​សម្រាប់​ការរស់នៅ​ល្អប្រសើរ ជាទី​ក្រុង​ដែល​ស្ថាបនា​សម្រាប់​ប្រជាជន និង​អត្តសញ្ញាណ​ក្នុងស្រុក​។ ទន្ទឹម​ការ​ស្រូប​យកគំនិត​ថ្មី លោក លី ក៏​រំឭក​ពី​ការអភិរក្ស​ប្រវត្តិសាស្ត្រ ដែល​នឹងធ្វើ​ឲ្យ​សិង្ហ​បុរី​ក្លាយជា​ទីក្រុង​ចម្រុះ​ដែល​ផ្លាស់ប្ដូរ​រហូត និង​រស់​រវើក​រហូត​។​

​ចំណុច​សំខាន់​មួយ​នៃ​ការអភិវឌ្ឍ​ទីក្រុង​សិង្ហ​បុរី គឺ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​។ នេះ​បើតាម​ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី លី ដែល​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន Strait Times ។ ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​សិង្ហ​បុរី ជាពិសេស​រថភ្លើង ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រជាជន​។ លោក លី បន្ថែមថា រថភ្លើង​មិនត្រូវ​មាន​បញ្ហា​អ្វី​ឡើយ ត្រូវបាន​ទទួលបាន​កា​រ​ថែទាំ​ជាប្រចាំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ ប្រព័ន្ធ​រថភ្លើង​ក៏​ទាក់ទង​ដល់​វិស័យសេដ្ឋកិច្ច​ដែរ ព្រោះ​មាន​តួអង្គ​ដូចជា​រដ្ឋាភិបាល ប្រតិបត្តិ​ករ និង​អ្នកប្រើប្រាស់​ជាដើម​។

​អ្វី​កាន់តែ​សំខាន់ រថភ្លើង​កា្ល​យ​ជា​ផ្នែក​នៃ​បញ្ហា​សង្គម​នយោបាយ​ទៅហើយ ដ្បិត​ប្រជាជន​សិង្ហ​បុរី​រាប់លាន​នាក់​ពឹង​ផ្អែកលើ​ដំណើរការ​របស់​វា ហើយ​វា​ក៏​ជា​បទពិសោធន៍​សម្រាប់​ជីវិត​នៅ​សិង្ហ​បុរី និង​សម្រាប់​ប្រជាជន​សិង្ហ​បុរី​។ លោក លី សង្ក​ត​ធ្ងន់​ថា គ្មាន​នរណា​សប្បាយចិត្ត ពេល​ថ្លៃ​ជិះ​រថភ្លើង​កើនឡើង​ឡើយ ដូចនេះ​រដ្ឋាភិបាល​នឹង​ពិចារណា​លើ​មូលដ្ឋាន​ទាំងអស់​ដើម្បី​សម្រេចចិត្ត​ធ្វើ​អ្វីដែល​ល្អ​បំផុត​សម្រាប់​សិង្ហ​បុរី​ទាំងមូល​៕


Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com