ជាតិ
សេដ្ឋកិច្ច
ធ្វើដំណើរ​តាមផ្លូវ​គោក ឬ​ផ្លូវទឹក​? ក្រោយ​ក្រសួង​ដាក់​ឲ្យ​ដំណើរការ​កាណូត​៣​គ្រឿង​
06, Apr 2018 , 10:39 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៦​ខែមេសា​នេះ បានដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នូវ​កាណូត​ចំនួន​៣​គ្រឿង សម្រាប់​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​។ ហើយ​ការធ្វើដំណើរ​តាម​មធ្យោបាយ​នេះ រហូតដល់​ដំណាច់ខែ​កក្កដា មិនមាន​ការបង់​កម្រៃ​សំបុត្រ​ឡើយ​។



​ក្នុងដំណាក់កាល​សាកល្បង​នេះ ក្រសួង​ដាក់​ឲ្យ​ដំណើរការ​កាណូត​ចំនួន​៣​គ្រឿង​សិន ដែល​១​គ្រឿង​ផ្ទុក​មនុស្ស​បាន​ប្រមាណ ៦០​នាក់​។ ហើយ​កាណូត​ដែល​បំពាក់​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​នេះ ចាប់ផ្ដើម​ផ្ដល់​សេវា​ពី​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​។​



​ដោយឡែក​ចាប់ពី​ខែសីហា​តទៅ ការធ្វើដំណើរ​តាម​កាណូត​ទាំងនេះ ត្រូវ​បង់ប្រាក់ ១​គីឡូម៉ែត្រ​ថ្លៃ ៣២០​រៀល​។ បើ​គេ​ធ្វើដំណើរ​ពី​ឫស្សីកែវ ដល់​ក្រុង​តាខ្មៅ ដែលមាន​ចម្ងាយ​ជិត ២០​គីឡូម៉ែត្រ ត្រូវ​ចំណាយ ៥៩០០​រៀល និង​ប្រើពេល​ប្រហែល ៤៥​នាទី​។​

​តម្លៃ​នេះ​ថោក​ជាង​ការ​ជិះ​តាក់ស៊ី ម៉ូតូ​កង់​បី និង​ម៉ូតូឌុប ប៉ុន្តែ​ថ្លៃ​ជាង​រថយន្តក្រុង​សាធារណៈ ដែល​គេ​ចំណាយ​ត្រឹម​៣០០០​រៀល (២​ដំណាក់កាល​)​។ តែ​កាណូត​នេះ លឿន​ជាង​រថយន្តក្រុង ដោយ​ការ​ជិះ​កាណូត​មិន​ជួប​បញ្ហា​ស្ទះចរាចរណ៍ ហើយ​បើក​ក្នុង​ល្បឿន ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។



​មាន​ចំណត​ចំនួន​៦​ទីតាំង​សម្រាប់​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​នេះ​។ ចំណត​ទាំងនោះ​រួមមាន ព្រែក​ព្នៅ ឫស្សីកែវ ផ្សារ​ចាស់ ចតុមុខ ច្បារអំពៅ និង​ក្រុង​តាខ្មៅ​។ តែ​បច្ចុប្បន្ន​ចំណត​ព្រែក​ព្នៅ និង​ច្បារអំពៅ មិនទាន់​សាងសង់​រួចរាល់​នៅឡើយ​។ កាណូត ត្រូវ​ឈប់​ដាក់​អ្នកដំណើរ​សម្រាប់​ចំណត​នីមួយៗ​មិន​លើសពី​១០​នាទី​នោះទេ​៕




Tag:
 កាណូត​
  ផ្លូវទឹក​
  ដឹកជញ្ជូន​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com