ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម UNDP និង​ក្រុមហ៊ុន​ចិន រួមគ្នា​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា​
07, Apr 2018 , 7:39 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ ស្ថិត​ក្នុង​ពិធីចុះ​អនុស្សរ​ណៈ​ជា​មួយ​អង្គការ UNDP និង ក្រុមហុន Gread Leader កាល​ពីថ្ងៃទី២ ខែមេសា ឆ្នាំ២0១៨។ រូបពី​ក្រសួង​ពាណិជ្ជ​កម្ម
លោក ប៉ាន សូរស័ក្តិ ស្ថិត​ក្នុង​ពិធីចុះ​អនុស្សរ​ណៈ​ជា​មួយ​អង្គការ UNDP និង ក្រុមហុន Gread Leader កាល​ពីថ្ងៃទី២ ខែមេសា ឆ្នាំ២0១៨។ រូបពី​ក្រសួង​ពាណិជ្ជ​កម្ម
​ភាគី​បី ដែល​រួមមាន ក្រសួងពាណិជ្ជកម្ម កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)  និង​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ចិន ដែលមាន​ឈ្មោះថា Green Leader Holdings Group Limited បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) កាលពីដើម​ខែមេសា ស្តីពី​ការអភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា ប្រកបដោយ​និរន្តរភាព​។​



​ពិធី​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​អ្នកចូលរួម​ជាង​៥០​នាក់ ទៀត ដែលជា​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គការ UNDP និង​តំណាង​ក្រុមហ៊ុន Green Leader Holdings Group Limited​។ 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម អនុស្សរណៈ​នេះ ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​បី គឺ​ទី​១ បង្កើន​ផលិតភាព​របស់​កសិក​រ​ដំឡូង​មី​ខ្នាតតូច តាមរយៈ​ការផ្ទេរ​សមត្ថភាព និង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ផលិតកម្ម​ជា​និរន្តរភាព និង​ទី​២ ធ្វើ​ឲ្យ​គុណភាព​កាន់តែ​ល្អប្រសើរ និង​បង្កើន​ទំនុកចិត្ត​លើ​ការផ្គត់ផ្គង់ តាមរយៈ​ការពង្រឹង​សមាគម​កសិករ​ដំឡូង​មី និង​សមត្ថភាព​លើ​កិច្ចសហប្រតិបត្តិការ ដោយ​ការជំរុញ​ឲ្យ​មាន​គំរូ​កសិកម្ម​កិច្ចសន្យា ហើយ​ទី​៣ ជំរុញ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​លើ​អេតាណុល (bio-ethanol) និង​ទស្សនៈ ដើម្បី​ជំរុញ​គោលនយោបាយ​ជាតិ​ឥន្ធនៈ (bio-fuel)​។​
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម បាន​សរសេរ​ពី​ប្រសាសន៍​របស់​លោ ប៉ាន សូរ​ស័ក្តិ យ៉ាង​ដូច្នេះ​ថា​៖«​អនុស្សរណៈ​យោគយល់ រវាង UNDP និង​រោងចក្រ Green Leader នឹង​រួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​ដំឡូង​មី​របស់​កម្ពុជា ព្រមទាំង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាពលរដ្ឋ​»៕

Tag:
 ​ដំ​ដូង​មី​
© រក្សាសិទ្ធិដោយ thmeythmey.com