កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao នឹង​ឡើង​ដណ្តើម​ខ្សែក្រវាត់ WBA ពី Matthysse នៅ​ម៉ាឡេស៊ី​នា​ខែកក្កដា​
07, Apr 2018 , 8:19 pm        
រូបភាព
រូបភាព ពី AFP
រូបភាព ពី AFP
Manny Pacquiao នឹង​ឡើង​សង្វៀន​សារជាថ្មី​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​អា​ហ្ស​ង់​ទីន Lucas Matthysse ដែល​ធ្វើ​ឡើងលើ​ទឹកដី​អាស៊ី​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​ផ្គូរ​ផ្គង​កីឡា​ប្រដាល់សកល​ពិភពលោក Oscar De La Hoya កាលពី​ទី​ថ្ងៃ​២ ខែមេសា​នេះ​។​



​នៅក្នុង​សេចក្តីប្រកាស​មួយ​លើ​បណ្តាញ​សង្គម Twitter លោក De La Hoya ឬ Golden Boy បានសរសេរថា​៖«​ហត្ថលេខា និង​បោះត្រា​បានធ្វើ​រួចរាល់​ហើយ ពី​ការប្រកាស​ជា​ផ្លូវការ​ថា​ជើងឯក​ពិភពលោក WBA កីឡាករ Lucas Matthysse នឹងដាក់​ខ្សែក្រវាត់​របស់គេ ដើម្បី​តទល់​នឹង Manny Pacquiao ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃអាទិត្យ​ទី ១៥ ខែកក្កដា​»​។​
 
​នេះ​ជាការ​ឡើង​សង្វៀន​សារជាថ្មី​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន​បន្ទាប់ពី​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នៅ​ទីក្រុង Brisbane កាលពី​ខែកក្កដា ឆ្នាំ​២០១៧ និង​បាន​បាត់បង់​ខ្សែក្រវាត់ WBO មួយ​ខ្សែ​ផងដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា អតីត​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន វ័យ​៣៩​ឆ្នាំ​រូបនេះ ក៏បាន​និយាយ​ស្វាគមន៍​ទៅកាន់ អ្នក​ប្រដាល់​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៥ ដែល​ធ្លាប់​ប្រកួត​៤៤​ដង ឈ្នះ​៣៩ ចាញ់​៤ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៦​លើក ថា​ជា​កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក សម្រាប់​ជំនួប​ដ៏​ស្វិតស្វាញ​មួយ​នេះ​។​
 
​មុន​ប៉ះ Pacquiao នៅលើ​ទឹកដី​អាស៊ី​នេះ Matthysse បាន​ផ្តួល​កីឡាករ​ថៃ Teerachai Sithmorseng រួចមកហើយ​ដើម្បី​គ្រង​ខ្សែក្រវាត់ WBA កាលពី​ខែមករា​កន្លងទៅ​៕

Tag:
 ​ប្រដាល់​
  Manny Pacquiao
  Lucas Matthysse
  WBA
© រក្សាសិទ្ធិដោយ thmeythmey.com