អន្តរជាតិ
ទូត​អាមេរិក​ប្រចាំ UN ៖ រុស្ស៊ី​មិនអាច​ធ្វើជា​មិត្តភក្តិ​របស់​អា​មេ​រិ​កឡើ​យ​
07, Apr 2018 , 9:19 pm        
រូបភាព
លោកស្រី Nikki Haley ក្នុង​កិច្ចប្រ​ជុំក្រុម​ប្រឹក្សា​សន្តិ​សុខ​កន្លង​មក (រូបភាព AFP)
លោកស្រី Nikki Haley ក្នុង​កិច្ចប្រ​ជុំក្រុម​ប្រឹក្សា​សន្តិ​សុខ​កន្លង​មក (រូបភាព AFP)
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley ដែលមាន​ជំហរ​តឹងរ៉ឹង​ដាក់​រុស្ស៊ី​តាំងពីដើម​មក បាន​ប្រើប្រាស់​សម្ដី​វាយប្រហារ​រុស្ស៊ី​ខ្លាំងៗ​ជាថ្មីទៀត​។ លោកស្រី Haley ព្រមាន​ថា រុស្ស៊ី​មិនអាច​ក្លាយជា​មិត្តភក្តិ​របស់​អាមេរិក​បាន​ឡើយ​។ បើតាម​អ្នកការទូត​រូបនេះ ទោះជា​រុស្ស៊ី​ធ្វើ​ល្អ​យ៉ាងណា អាមេរិក​នឹង​ចាត់វិធានការ​ដដែល​ក្នុងករណី​ចាំបាច់​។ ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​កាន់​ល្អក់កករ លើ​បញ្ហា​ជាច្រើន ទោះជា​លោក ដូ​ណា​ល់ ត្រាំ ចង់​ស្ដារ​វិញ​ក៏ដោយ​។​

 
​នៅ​វេទិកា​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ស្ថាប័ន​នេះ តែង​និយាយ​វាយប្រហារ​រុស្ស៊ី​ជា​ញឹកញយ​។ សម្រាប់​ទំនាក់​ទំនងជា​មួយ​រុស្ស៊ី លោកស្រី Haley សារភាពថា ការដែល​រុស្ស៊ី​ក្លាយជា​មិត្តភក្តិ​របស់​អាមេរិក ហាក់ដូចជា​មិនអាច​កើតឡើង​បានឡើយ ហើយ​ថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើ​រឿង​ប្រឆាំង​រុស្ស៊ី ច្រើនជាង​ប្រធានាធិបតី​ណា​ទាំងអស់ ចាប់ពី​រដ្ឋបាល​លោក Ronald Reagan មក​។​
 
​ក្នុងជំនួប​ជា​និស្សិត​នៅឯ Duke University ក្នុង​រដ្ឋ North Carolina នៅ​ថ្ងៃទី​៦ ខែមេសា លោកស្រី Haley អះអាងថា រុស្ស៊ី​នឹងមិន​អាច​ក្លាយជា​មិត្តភក្តិ​របស់​អា​មេ​រិ​កឡើ​យ​។ លោកស្រី​អះអាង​បែបនេះ​ទៅនឹង​សំណួរ​ទាក់ទង​នឹង​ការចោទប្រកាន់ថា រុស្ស៊ី​កកូរកកាយ​ការបោះឆ្នោត​អាម​រិ​ក​ឆ្នាំ​២០១៦ ។ មន្ត្រីការទូត​រូបនេះ​លើកឡើង​ទៀតថា អាមេរិក​នៅតែ​ធ្វើការ​ជាមួយ​រុស្ស៊ី បើ​ចាំបាច់ និង​ធ្វើ​សកម្មភាព​ប្រឆាំង បើ​ចាំបាច់​ដូចគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​
 
​ដោយ​ចង់​បង្ហាញថា អាមេរិក​មិនមែន​និយាយ​តែ​មាត់​នោះ តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ខាងលើ បាន​លើកយក​ការបណ្ដេញចេញ​មន្ត្រីការទូត​រុស្ស៊ី​៦០​នាក់ ពី​ទឹកដី​អាមេរិក​មក​បញ្ជាក់ ព្រម​គ្នា​នឹង​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ខ្លួន​ពី​គំរាម​របស់​រុស្ស៊ី​។ បើតាម​មន្ត្រីការទូត​ដដែល​នេះ អាមេរិក​កំពុង​ធ្វើ​រឿង​ពីរ​ដែល​រុស្ស៊ី​មិន​ចង់ឃើញ​សោះ គឺ​ការពង្រីក​អំណាច​យោធា និង​ពង្រឹង​នយោបាយ​ថាមពល​។​
 
​តាមពិតទៅ អាមេរិក​មិន​ត្រឹមតែ​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ឡើយ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជាច្រើនលើក ដោយសារតែ​ករណី​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​អាមេរិក ទាំង​រុស្ស៊ី​ទាត់ចោល​ដាច់ខាត​។ ទោះជា​បាន​ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី​ច្រើនលើក​រួចហើយ​ក្ដី លោកស្រី Haley បញ្ជាក់ថា​៖ «​អ្នក​មិនទាន់​ឃើញ​ចុងបញ្ចប់​នៃ​អ្វីដែល​រដ្ឋបាល​លោក ត្រាំ នឹងធ្វើ​ដាក់​រុស្ស៊ី​នៅឡើយ​ទេ​។ យើង​នឹង​បន្តទៀត​»​។​
 
​ចុងក្រោយ លោកស្រី Haley ក៏បានផ្ដល់​ដំបូន្មាន​ឲ្យ​មេដឹកនាំ​រុស្ស៊ី បើ​ចង់​ដោះ​ស្រា​បញ្ហា​នានា​។ លោកស្រី​បន្តថា មេដឹកនាំ​រុស្ស៊ី​នឹងមាន​ជីវិត​ល្អប្រសើរ ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ធ្វើជា​តួអង្គ​ល្អ និង​ចូលរួម​ក្នុង​សហគមន៍​អន្តរជាតិ​ដូច​ប្រទេស​ធម្មតា​ផ្សេងទៀត​។ នេះ​ក៏​ព្រោះ ប្រទេស​ជាច្រើន​នឹង​ចង់​ធ្វើការ​ជាមួយ​រុស្ស៊ី​មិន​ខាន​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  UN
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com