ជាតិ
សង្គមជាតិ
បាត់ដំបង ដណ្តើមបាន​ជើងឯក​កីឡា​ទាញព្រ័ត្រ​ពានរង្វាន់​ភូមិភាគ​បឹង​ទន្លេសាប​
08, Apr 2018 , 6:30 pm        
រូបភាព
​សៀមរាប​៖ កីឡា​ទាញព្រ័ត្រ​ពានរង្វាន់​ភូមិភាគ​បឹង​ទន្លេសាប ត្រូវបាន​បិទ​បញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា នៅ​បរិវេណ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​សណ្ឋាគារ សុខា​សៀមរាប​។ ក្រោយ​ប្រកួតប្រជែង​គ្នា​ដ៏​ស្វិត​ស្វាយ​រួចមក ជើងឯក​កីឡា​ទាញព្រ័ត្រ​ពានរង្វាន់​ភូមិភាគ​បឹង​ទន្លេសាប​លើក​ទី​២ បាន​ទៅ​ក្រុមយុវជន​វិទ្យាល័យ​កំរៀង ខេត្តបាត់ដំបង​។​



​បើកឆាក​ប្រកួត​ដំបូង បេ​ក្ខ​នារី​ខេត្តបាត់ដំបង ត្រូវ​ដណ្តើមយក​ចំណាក់​ថ្នាក់​លេខ​១ និង​លេខ​២ ជាមួយ​ម្ចាស់ផ្ទះ ខេត្តសៀមរាប​។ ការប្រកួត​ត្រូវបាន​បញ្ចប់​ក្នុង​លទ្ធផល ២​ទល់​០ ដោយ​ខាង​បាត់ដំបង ផ្ដួល​គូប្រកួត​មិនឱ្យ​តដៃ​ឡើយ​។ ចំណែក​បេ​ក្ខ​បុរស សិស្ស​វិទ្យាល័យ​កំរៀង​ខេត្តបាត់ដំបង ត្រូវ​ជួប​ជាមួយ​ខាង​កំពង់ឆ្នាំង ដោយ​លទ្ធផល បាត់ដំបង​ឈ្នះ​២​ទល់​០ និង​បាន​ក្លាយជា​ជើងឯក​ក្នុង​ការប្រកួត​នេះ​។​
 
​គ្រូបង្វឹក​ខាង​សាលា​កំរៀង ខេត្តបាត់ដំបង លោក វ៉ាន់ដា បានឱ្យដឹងថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​កូនសិស្ស​របស់លោក​ទាំង​ប្រុស​ទាំងស្រី ទទួលបាន​ជ័យលាភី​នៅពេលនេះ​។ លោក​បន្ថែមថា ភាពជោគជ័យ​នេះ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​កូនសិស្សលោក​រយៈពេល​២​ឆ្នាំ​មកនេះ​។​
 
​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា លោក មាស សារិន ថ្លែងថា​ភាពជោគជ័យ​របស់​ខេត្តបាត់ដំបង​នេះ គឺ​ដោយសារ​ការហ្វឹកហាត់ និង​សម្ភារ បច្ចេកទេស​មាន​ដល់ ចំណែក​កម្លាំង​វិញ​លោក​មើលឃើញថា កីឡាករ​ទាំងអស់​មាន​ប្រហាក់ប្រហែលគ្នា​។ លោក​ស្នើឱ្យ​កីឡាករ​ទាំងអស់ ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ភាពជោគជ័យ​នៅពេល​ខាងមុខ​។​
 
​តាម​ការលើកឡើង​រប​ស់លោក​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា សហព័ន្ធ​មានបំណង​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ខ្នាតតូច ជើងឯក​ទន្លេមេគង្គ ដោយមាន​ការចូលរួម​ពី​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ និង​ភូមា​។ តាម​ការបញ្ជាក់​របស់​លោក មាស សារិន ព្រឹត្តិការណ៍​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៩​ខាងមុខ គ្រោង​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​។ 
 
​គួរ​បញ្ជាក់ដែរថា កីឡា​ទាញព្រ័ត្រ​ពានរង្វាន់​ភូមិភាគ​បឹង​ទន្លេសាប មានការ​ចូលរួម​ពី​ខេត្ត​ចំនួន​៥ មាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង ចំណែក​ខេត្ត​ប៉ៃលិន អវត្តមាន​៕














Tag:
 ទាញព្រ័ត្រ​
 ​ភូមិភាគ​ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com