ជាតិ
សុខភាព
ចូលឆ្នាំ​ខ្មែរ​៖ CDC ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​ចំណីអាហារ​ចៀសវាង​ការពុល និង​ជំងឺឆ្លង​
09, Apr 2018 , 9:00 am        
រូបភាព
 ​ភ្នំពេញ​៖ ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជិត​ខិត​មកដល់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC)​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រយ័ត្នប្រយែង​ចំពោះ​ចំណីអាហារ ទាំង​ការរក្សា​អនាម័យ ការ​ចម្អិន និង​ការ​ទុកដាក់​ជាដើម​។ ការណែនាំ​នេះ គឺ​ដោយសារតែ ការទទួល​ទាន​ចំណីអាហារ​ដែល​ខ្វះ​អនាម័យ ការ​ចម្អិន​អាហារ និង​ទុកដាក់​ចំណីអាហារ​មិន​ត្រឹមត្រូវ​បណ្តាល​ឲ្យ​ពុល ដែល​ភាគច្រើន​មាន​រោគសញ្ញា​ដូចជា ក្អួតចង្អោរ រាក រាក​មួល​ជាដើម ហើយ​អាច​បណ្តាល​ឲ្យ​ឈឺ និង​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​។​


​បើតាម CDC ដើម្បី​ចៀស​ចៀសវាង​គ្រោះថ្នាក់​បណ្តាលមកពី​ការពុល​ចំណី និង​ចៀសវាង​ការខាតបង់​ពេលវេលា និង​ថវិកា​ប្រជាពលរដ្ឋ​ត្រូវ ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត​ជានិច្ច​។ ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន និង​ក្រោយពេល​បន្ទោ​របង់​។​
 
​ចំពោះ​បន្លែ និង​ផ្លែឈើ ត្រូវ​លាង​ឲ្យ​បាន​ស្អាត​មុន​បរិភោគ ហើយ សម្ភារ​ប្រើ​សម្រាប់​ចម្អិន​អាហារ ក៏ត្រូវ​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​។ នេះ​បើតាម CDC ដោយបាន​បន្តទៀតថា រាល់​ចំណីអាហារ ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស​សាចសត្វ​ស្លាប និង​អាហារ​សមុទ្រ​។ រវាង​អាហារ​ឆៅ និង​ឆ្អិន ត្រូវ​ទុកដាក់​ដាច់ដោយឡែក​ពីគ្នា​។ ចំណីអាហារ ក៏​មិនត្រូវ​រក្សាទុក​អា​ជាច្រើន​ថ្ងៃ​នោះដែរ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។ ម្យ៉ាងទៀត ចៀសវាង​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលបរិច្ឆេទ​កំណត់​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​ពី​គ្រប់​ប្រព័ន្ធ​ទាំងអស់​៕

Tag:
 ​ចំណីអាហារ​
  CDC
 ​ពុល​អាហារ​
 ​ជំងឺឆ្លង​
© រក្សាសិទ្ធិដោយ thmeythmey.com