អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី​ហ្វីលីពីន ថ្លែង​អាណិត​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​» និង​សន្យា​ទទួលយក​ពួកគេ​មួយចំនួន​
08, Apr 2018 , 7:30 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព AFP)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព AFP)
ដោយ:
​មេដឹកនាំ​កំពូល​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ពិពណ៌នា​ស្ថានភាព​ដែល​បាន និង​កំពុងតែ​កើតឡើង នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ទៅលើ​ជនជាតិភាគតិច​«​រ៉ូ​ហ៊ីង​យ៉ា​» គឺជា​អំពើ​ប្រល័យពូជសាសន៍​។ មេដឹកនាំ​កំពូល​រូបនេះ បាន​ថ្លែង​អាណិតអាសូរ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ហើយ​ថែមទាំង​សន្យា​ជួយ​ពួកគេ តាម​អ្វីដែល​ហ្វីលីពីន​អាចធ្វើ​ទៅបាន​។



​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​០៥ មេសា​កន្លងទៅ បានផ្តល់​សុន្ទរកថា​មួយ នៅ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន ក្នុងជំនួប​ជាមួយនឹង​ប្រជាកសិករ និង​មន្ត្រី​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ។ លោក​ប្រធានាធិបតី បានលើកឡើង​ពី​បញ្ហា និង​គោលនយោបាយ​ការបរទេស​ហ្វីលីពីន​ចុងក្រោយ​ជាច្រើន រួមទាំង​ការដក​ហ្វីលីពីន ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផង​។ 
 
​នា​ជំនួប​នោះដែរ ក្រៅពី​បញ្ហា​ជាតិ លោក​ប្រធានាធិបតី ក៏បាន​លើកឡើង​ពី​បញ្ហា​ក្នុង​តំបន់​របស់​មិត្ត​អាស៊ាន ដែល​មេដឹកនាំ​កំពូល​របស់​អាស៊ាន​ផ្សេងទៀត កម្រ​នឹង​និយាយ​ណាស់ ដ្បិត​វា អាច​ចាត់ទុកថា​ជា​រឿង​ជ្រៀតជ្រែក​ផ្ទៃក្នុង និង​បំពាន​អធិបតេយ្យ​។ បញ្ហា​នោះ​គឺ វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ី​ងុ​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។ 
​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters លោក​ប្រធានាធិបតី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ ពិតជា​អាណិត​ប្រជាជន​នៅ​ទីនោះ​ណាស់​។ ខ្ញុំ ពិត​ជាមាន​ឆន្ទៈ ទទួលយក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ក៏ប៉ុន្តែ ខ្ញុំ​ក៏​ចង់ឃើញ​អឺរ៉ុប​ចូលរួម​ទទួល និង​ដោះស្រាយ​បញ្ហា​នេះដែរ​»​។​
 
​លោក​ថែ្ល​ង​បែបនេះហើយ ក៏​បន្ទោស​សហគមន៍​អន្តរជាតិ ដែល​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​។ « ពួកគេ​(​សហគមន៍​អន្តរជាតិ​) មិនអាច​ដោះស្រាយ សូម្បីតែ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​។ នេះ គឺជា​រូបរាង​នៃ​អំពើ​ប្រល័យពូជសាសន៍​»​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​។ 
 
​ជុំវិញ​ការលើកឡើង​នេះ ប្រាកដ​ណាស់​ថា បានធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា ដែលជា​ក្រុមគ្រួសារ​អាស៊ាន​ដូចគ្នា មិន​សប្បាយចិត្ត​នោះទេ​។ តាម​ភ្នាក់ងារ​ព័ត៌មាន​ដដែល​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក ហ្ស ធេ​យ៍ ( Zaw Htay ) បាន​ជំទាស់ ចំពោះ​ការលើកឡើង​ពី​រឿង​អំពើ​ប្រល័យពូជសាសន៍ ថា​កំពុងតែ​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា ការលើកឡើង​របស់លោក ឌូ​ទើ​តេ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​ស្ថានភាព​មី​យ៉ាន់​ម៉ា​ឡើយ​។ លោក ហ្ស ធេ​យ៍ ថែមទាំង​ចោទ លោក ឌូ​ទើ​តេ ថា ជា​បុគ្គល ដែល​និយាយ​ពី​រឿង ដែល​ទាំង​ខ្លួនឯង​មិនដឹង​អ្វី​ទាល់តែសោះ​។ 
 
​គួរ​ជម្រាប​ថា តាម​របាយការណ៍​រប​ស់​អង្គ​ការជំនាញ​សិទ្ធិមនុស្ស ដែល​រួមទាំង​អង្គការសហប្រជាជាតិ​ផង​នោះ មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​យ៉ាងតិច​កន្លះ​លាន​នាក់ បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេសជិតខាង ពិសេស​បង់​ក្លា​ដែ​ស​។ តាមរយៈ​កិច្ចសម្ភាសន៍​របស់​អង្គការ​ទាំងនេះ ជនភៀសខ្លួន​ភាគច្រើន បាន​អះអាងថា ពួកគេ​រង​ការ​ធ្វើបាប​ពី​អាជ្ញាធរ ខណៈ​រដ្ឋាភិបាល        មី​យ៉ាន់​ម៉ា អះអាងថា របាយការណ៍​ទាំងនោះ​មិន​ពិត​៕ 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com