អន្តរជាតិ
នយោបាយអន្តរជាតិ
នាវាដឹកយន្តហោះផលិតក្នុងស្រុករបស់ចិនលើកដំបូង នឹងចេញសាកល្បងសមត្ថភាពចុងខែមេសា
× ចិននឹងចាប់ផ្តើមដាក់សាកល្បងដំណើរការនាវាដឹកយន្តហោះចម្បាំង ផលិតក្នុងស្រុកទីមួយរបស់ខ្លួន នៅចុងខែមេសាខាងមុខ មុនការប្រារព្ធខួបលើកទី ៦៩ នៃការបង្កើតកងទ័ពជើងទឹកចិន។ បច្ចុប្បន្ន ចិនមាននាវាដឹកយន្តហោះមួយគ្រឿង ដែលកំពុងដំណើរការ និងកំពុងបន្តផលិតនាវាប្រភេទនេះបន្ថែមទៀត ដើម្បីពង្រឹងអំណាចយោធារបស់ខ្លួន។
នាវាដឹកយន្តហោះចិន 001A ដែលមិនទាន់មានឈ្មោះផ្លូវការ នឹងត្រូវចេញសាកល្បងសមត្ថភាពរបស់ខ្លួន នៅចុងខែមេសាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post។
«ក្រុងប៉េកាំង នឹងរៀបចំអបអរសាទរ ការដាក់សាកល្បងនាវាដឹកយន្តហោះ ០០1A ដែលជានាវាត្រូវបានរចនា និងសាងសង់ឡើង ដោយក្រុមសាងសង់ក្នុងស្រុក។ ការសាកល្បងនេះ អាចធ្វើឡើងមុនថ្ងៃ ២៣ ខែមេសា ជាថ្ងៃដែលគេប្រារព្ធខួបលើកទី ៦៩ នៃការបង្កើតកងទ័ពជើងទឹកចិនផង»។ នេះបើតាមប្រភពព័ត៌មានច្បាស់ការដែលសារព័ត៌មានខាងលើទទួលបាន។
ប្រភពដែលស្និទ្ធនឹងខាងកងទ័ពជើងទឹកចិនវិញ បានបង្ហើបថា ការសាកល្បងសមត្ថភាពខាងមុខនេះ នឹងធ្វើឡើងនៅឆក Bohai ហើយវានឹងផ្តោតសំខាន់លើមុខងារ ជារួមរបស់នាវាក្នុងនោះអាចប្រព័ន្ធថាមពល ការគ្រប់គ្រងដំណើរ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធទំនាក់ទំនងជាដើម។ កាលណាបើគេសាកល្បងសមត្ថភាពចប់សព្វគ្រប់ហើយ ក្រុមហ៊ុននឹងផ្ទេរនាវានេះ ឲ្យទៅកងទ័ពជើងទឹកភ្លាម។
តាមពិតទៅ មហាយក្សចិនព្រមទទួលស្គាល់ព័ត៌មានថា ខ្លួនបានសង់នាវាដឹកយន្តហោះចម្បាំងទីពីរនេះ នៅដើមឆ្នាំ ២០១៦ នេះ ក្រោយមានការលើកឡើងពាក្យចរចាមអារ៉ាមជាបន្តបន្ទាប់នោះ។ នាវាដឹកយន្តហោះចម្បាំងទីមួយដែលចិនមាន គឺឈ្មោះLiaoning ដែលដឹកយន្តហោះចម្បាំងបានតិចជាង 001A ។ Liaoning នេះមិនមែនជានាវាផលិតក្នុងស្រុកទេ តែវាជាប្រភេទនាវាផលិតដោយសហភាពសូវៀតមានទម្ងន់ ៦ម៉ឺនតោន ដែលចិនបានទិញមកពីអ៊ុយក្រែនកាលពីឆ្នាំ១៩៩៨។ ហើយចិនបានកែលម្អ និងច្នៃឡើងវិញសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធាខ្លួន។ រហូតដល់ឆ្នាំ ២០១២ នាវាដឹកយន្តហោះនេះត្រូវបានគេដាក់ឲ្យដំណើរការជាផ្លូវការតែម្តង។
យ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញថា សមត្ថភាពរបស់ចិនក្នុងការផលិតនាវាដឹកយន្តហោះនៅទាប មិនទាន់អាចប្រកួតប្រជែងជាមួយអាមេរិកបាននៅឡើយទេ។ ប៉ុន្តែគេយល់ថា ចិនកំពុងយកចិត្តទុកដាក់ និងវិនិយោគកាន់តែច្រើន លើការស្រាវជ្រាវបច្ចេកវិទ្យាដើម្បីផលិតនាវាដឹកយន្តហោះ ដែលមានសមត្ថភាព និងទំនើបផង។
ដូចឃើញស្រាប់ នាវាទីបី ដែលចិនកំពុងសាងសង់នោះ ទើបប្រើប្រាស់ថាមពលនុយក្លេអ៊ែរដែលទំនើប និងអាចប្រកួតប្រជែងជាមួយនាវាដឹកយន្តហោះអាមេរិកបានផង។ តាមគម្រោងរបស់រដ្ឋាភិបាល ចិនត្រូវការនាវាដឹកយន្តហោះ យ៉ាងហោចណាស់បួនគ្រឿង ដើម្បីពង្រឹងអំណាចកងទ័ពជើងទឹក និងការពារប្រយោជន៍ចិននៅបរទេស៕
Tag:
ចិន
នាវាដឹកយន្តហោះ
001A
© រក្សាសិទ្ធិដោយ thmeythmey.com