ភ្នំពេញ៖ សិស្ស៦ក្រុម នៃសាលាព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី ត្រៀមខ្លួនទៅប្រកួតប្រជែងក្នុងកម្មវិធី Asean Student Science Project Competition 2018(ASPC) នាថ្ងៃទី២១ ដល់២៧ ខែកក្ដដា ឆ្នាំ២០១៨ខាងមុខ។ សិស្សទាំង៦ក្រុមនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងល្អិតល្អន់ តាមរយៈការប្រឡងប្រជែង ចេញពីក្រុមទាំង៤០នៅក្នុងសាលា។ ពួកគេនឹងនាំយកស្នាដៃដែលខ្លួនបានស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ទៅប្រកួតជាមួយសិស្ស ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន។
សិស្សទាំង៦ក្រុម ដែលបានជាប់ជាក្រុមឈានមុខ ដើម្បីទៅប្រកួតប្រជែងនៅប្រទេសថៃនោះ មានអាយុក្រោម២០ឆ្នាំទាំងអស់។ ពួកគេបានជ្រើសរើសការស្រាវជ្រាវផ្សេងៗគ្នា ដើម្បីជួយបរិស្ថាន កាត់បន្ថយការប្រើប្រាស់ធនធានដោយមិនចាំបាច់ នឹងឧបករណ៍ជួយមនុស្សពេលលង់ទឹកជាដើម។
ក្រុមទាំង៦ ដែលត្រូវទៅប្រកួតក្នុងកម្មវិធីAsean Student Science Project Competition 2018(ASPC) នឹងនាំយកសមិទ្ធិផលរបស់ខ្លួនទៅប្រកួតរួមមាន៖
ក្រុមទី១.ការចម្រាញ់ប្រេងពីសំបកក្រូច (Orange essential oil) ដោយ សម្យ សុជាតា និង កែវ សុជាតា។
ក្រុមទី២. ស្រាវជ្រាវពីប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ (Smart ECO system-180) ដោយ អៀង វណ្ណវាសនា និង រ៉ៃ ច័ន្ទឧត្ដម។
ក្រុមទី៣. ពោងទំនើប (State of the art life saver) ដោយ ពិន ប្រាកដ និង ប៉ូ វីរៈបុត្រ។
ក្រុមទី៤. បិទបើកភ្លើងដោយប្រើតេលេបញ្ជា (Remote controllable power main switch) ដោយ ផន ភួងបុប្ផា និង ទន់ យូឡេង។
ក្រុមទី៥. ធ្វើជីសរីរាង្គ(Vermicomposting) ដោយ ហាក់ មុនិន្ទវរលក្សណ៍ និង ថាវ សូមាលីណាវណ្ណ។
ក្រុមទី៦. ប្រព័ន្ធបិទបើកភ្លើងដោយស្វ័យប្រវត្តិ (Home outomation) ដោយ ថន សេរីរដ្ឋា និង ពូ គុណវឌ្ឍន៍។
ក្រុមទាំង៦នេះត្រូវបានសម្រិតសម្រាំង ចេញពីក្រុមទាំង៤០ ដែលបានដាក់ប្រកួតប្រជែងជាលក្ខណៈសាលា ដោយការប្រកួតមាន២ដំណាក់កាល។ ដំណាក់កាលទី១ គ្រាន់តែបង្ហាញអំពីគោលគំនិត និងហេតុផលនៃការស្រាវជ្រាវ ឬការពិសោធន៍របស់ក្រុមនីមួយៗ។ ដំណាក់កាលទី២ បង្ហាញសមិទ្ធផល ពីការធ្វើពិសោធន៍របស់ក្រុមនីមួយៗ។
នាយកសាលាវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី លោក សម្យ កំសាន្ត បានឱ្យដឹងថា កន្លងមកសាលារៀនជំនាន់ថ្មី បាននាំសិស្សានុសិស្សជាច្រើនរូបរួចមកហើយ ទៅប្រកួតប្រជែងនៅក្រៅប្រទេស ហើយជាលទ្ធផលទទួលបានជោគជ័យគួរឱ្យមោទកភាព។ ជារៀងរាល់ឆ្នាំ សិស្សសាលារៀនជំនាន់ថ្មី ដែលត្រូវបានបញ្ជូនទៅប្រកួតប្រជែងនៅក្រៅប្រទេស មានចំនួនកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៧ -២០១៨នេះ សាលារៀននេះត្រៀមបញ្ជូនសិស្សទៅប្រឡងប្រជែងនៅក្រៅប្រទេសប្រមាណ៥០នាក់។
កម្មវិធី Asean Student Science Project Competition 2018(ASPC) តម្រូវឱ្យប្រទេសដែលចូលរួមប្រកួតប្រជែងនីមួយៗ បញ្ជូនសិស្សទៅ៦ក្រុម ដែលក្នុងមួយក្រុមៗមានសមាជិក២នាក់៕