ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ​ខ្មែរ​៖ ក្រសួងទេសចរណ៍​ឲ្យ​អ្នកពាក់ព័ន្ធ​សហការគ្នា​ការពា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ពង្រឹងគុណភាព​ទេសចរណ៍​
08, Apr 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ ក្រសួងទេសចរណ៍ បានចេញ​សារា​ចរណ៍​ណែនាំ​ទៅដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជាពិសេស ពង្រឹង​ផលិតផល​ទេសចរណ៍​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​


​បើតាម​ខ្លឹមសារ​នៃ​សារា​ចរណ៍​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ លោក ថោង ខុន រដ្ឋ​មន​ន្ត្រី​ក្រសួងទេសចរណ៍  មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចំណត​យានយន្ត ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បានល្អ​ប្រសើរ​។ មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ក៏ត្រូវ​សហការ​ជាមួយ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរអប់រំ យុវជន និង​កីឡា បំផុស​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅតាម​គោលដៅ​សំខាន់ៗ និង​ការប្រឡង​ចម្រៀង​បុរាណ កំណាព្យ អា​យ៉ៃ ចាប៉ី ដោយ​ផ្តោតលើ​ខ្លឹមសារ​ស្តីពី​សក្តានុពល និង​សកម្មភាព​ទេសចរណ៍ ដែលមាន​ក្នុង​មូលដ្ឋាន​។​
 
«​ត្រូវ​រៀបចំ​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​ទៅតាម​ប្រពៃណី​ជាតិខ្មែរ ដូចជា​បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង និង​ស្តេចចង់​ជាដើម ក៏ដូចជា​សម្រួល​ឲ្យ​មានការ​សម្តែង​របាំ​ត្រុដិ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត និង​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​»​។ នេះ​បើតាម​ខ្លឹមសារ​សារា​ចរណ៍​ដដែល​។ 
 
​ក្រសួងទេសចរណ៍​ក៏​ណែនាំ ឲ្យ​គ្រប់​មន្ទីរ​ទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ពិសេស​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ដោយ​លុបបំបាត់​ការបោះ​សំរាម និង​កាកសំណល់​ផ្សេងៗ​នៅក្រៅ​ធុងសំរាម និង​កាកសំណល់​ផ្សេងៗ​នៅក្រៅ​ធុង ជាពិសេស​ជំរុញ​យុទ្ធនាការ​«​ភោជនីយដ្ឋាន​គ្មាន​សំរាម​ក្រោម​តុ​»  និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព ដើម្បី​ធានា​ឲ្យ​បាន​អនាម័យ​ល្អ នៅក្នុង​ភោជនីយដ្ឋាន រួមទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បម្រើការ​ត្រូវមាន​ឯកសណ្ឋាន​ឲ្យ​បានល្អ​។ ទន្ទឹមនេះ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ពិសេស​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ប្រជាពលរដ្ឋ ត្រូវខិតខំ​សហការ​ជាមួយ​ផ្នែក​កពាក់​ព័ន្ធ​អប់រំ​អ្នកលក់ដូរ ម្ហូបអាហារ​ភេសជ្ជៈ​តាម​ដងផ្លូវ ឲ្យ​ថែរក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តល់​បដិសណ្ឋារកិច្ច​ល្អ​ចំពោះ​ភ្ញៀវទេសចរ​។ ចំពោះ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ទាំង​បួន មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចាត់តាំង​ឲ្យ​មាន​អ្នកប្រចាំការ នៅតាម​បណ្តោយ​ឆ្នេរ និង​មាន​អ្នក​សម្អាត​បរិស្ថាន អនាម័យ​ជាប្រចាំ​។​
 
​ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេ​ចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ទប់ស្កាត់​កា​ជួញដូរ ការប្រើប្រាស់​គ្រឿងញៀន និង​ការធ្វើ​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​លើ​កុមារ ទប់ស្កាត់​រាល់​សកម្មភាព​ក្មេង​ទំនើង និង​ត្រុ​វ​អនុ​វ្តត​តាមច្បាប់ និង​ការណែនាំ​របស់​រដ្ឋ លើកកម្ពស់​គុណភាព​សេវាកម្ម និង​អនាម័យ​ម្ហូបអាហារ ព្រមទាំង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ជូន​ភ្ញៀវ​ឲ្យ​បាន​សមរម្យ​។ រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ​ត្រុ​វ​សរសេរ​ឲ្យ​បានច្បាស់លាស់ ក្នុង​តារាង ដើម្បី​ជម្រាប​ចូ​ន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន ចៀសវាង​ការកំនត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​ដែល​មិន​អនុវត្ត​ត​មាតា​រាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន ឬ​សេវាកម្ម​ទេសចរណ៍ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។​
 
​ត្រូវ​ហស​ការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្សព្វផ្សាយ​ស្ប៉ត​ទេសចរណ៍​ដែល​អប់រំ ក្នុងការ​ជំរុញ​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត​សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា រៀបចំ​វត្ត​ទេសចរណ៍​គំរូ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ស្វែងយល់​ពី​ប្រវត្តិ​ទំនៀមទម្លាប់ នៃ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com