ជាតិ
ជប៉ុន ប្ដេជ្ញាជួយកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមគោលនយោបាយរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ(Taro Kono) នៅក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ មេសា។
ខណៈរដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមដោះស្រាយបញ្ហាជីវភាពនិងការងារប្រជាពលរដ្ឋ ដើម្បីសម្រេចបំណងខ្លួននោះ រដ្ឋាភិបាលជប៉ុនក៏ប្រកាសជួយជ្រោមជ្រែងដល់កិច្ចការអភិវឌ្ឍប្រទេសកម្ពុជា។ ចំណុចសំខាន់ដែលរដ្ឋាភិបាលជប៉ុន មើលឃើញថា អាចជួយរុញកម្ពុជាឲ្យដល់គោលដៅនោះ គឺមានតែការអភិវឌ្ឍលើវិស័យឡូជីស្ទីក តាមរយៈការជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសេដ្ឋកិច្ចជាដើម។
ថ្លែងក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន លោក លោក តារ៉ូ កូណូ បាននិយាយដូច្នេះថា៖«គោលបំណងរបស់ជប៉ុនគឺធ្វើយ៉ាងណាជួយមកដល់កម្ពុជា ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងន័យនេះជប៉ុន បានមានចំណាប់អារម្មណ៍ជួយដល់ប្រទេសកម្ពុជាលើវិស័យមួយចំនួនដូចជា ឡូជីស្ទីក ដោយមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍធនធានមនុស្ស ។ លើសពីនេះទៅទៀតជប៉ុន នឹងជួយកម្ពុជាលើបណ្តាញផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុងភ្នំពេញ ក៏ដូចជាកិច្ចការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។
កន្លងមករដ្ឋាភិបាល និងប្រជាជនជប៉ុន បានជួយដល់កម្ពុជាជាច្រើន ទាំងវិស័យហរដ្ឋរចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារទឹកជំនន់និងសង្គ្រោះបន្ទាន់។ ចាប់ពីឆ្នាំ២០១៣មក កម្ពុជា និងជប៉ុន បានពង្រឹងទំនាក់ទំនងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែលជាសក្តានុពលរបស់ប្រទេសទាំងពីផងដែរ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
ក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី៨ មេសា លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានចុះហត្ថលេខាលើលិខិតប្ដូរសារនិងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (ជាង៤លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។
២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (ជាង៨៦លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។
គិតចាប់ពីឆ្នាំ១៩៩២ មក ជប៉ុនបានជួយដល់កម្ពុជាយ៉ាងខ្លាំង ក្នុងការស្វែងរកសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។ ហើយមកដល់ពេលនេះ ជំនួយរបស់ជប៉ុន មកកម្ពុជា មិនក្រោម២ពាន់លានដុល្លារឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com