អន្តរជាតិ
នុយក្លេអ៊ែរ​កូរ៉េខាងជើង​៖ ព្យុងយ៉ាង​ប្រាប់​វ៉ាស៊ីនតោន​ដោយផ្ទាល់​ថា ខ្លួន​មាន​ឆ​ន្ទៈ​ចរចា​
09, Apr 2018 , 11:12 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​កូរ៉េខាងជើង បាន​ប្រាប់​អាមេរិក​ផ្ទាល់មាត់​ថា ខ្លួន​មាន​ឆ​ន្ទៈ​ចរចា​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ពេល​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ខែឧសភា​ខាងមុខ​។ នេះ​ជា​លើកដំបូង​ដែល​កូរ៉េខាងជើង​បង្ហាញ​ជំហរ​ចរចា​លើ​បញ្ហា​នុយក្លេអ៊ែរ ដែល​ខ្លួន​ធ្លាប់តែ​អះអាងថា មិនមែនជា​កម្មវត្ថុ​នៃ​ការចរចា​ណាមួយ​ឡើយ​។ ការបង្ហាញ​ជំហរ​នេះ ធ្វើឡើង​ក្នុងជំនួប​សម្ងាត់​រវាង​មន្ត្រី​ប្រទេស​ទាំងពីរ​។​



​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​បាន​ជួបគ្នា​ដោយ​សម្ងាត់​នៅពេល​ល​ថ្មីៗ​នេះ ដោយ​ក្នុងនោះ​មន្ត្រី​ក្រុង​ព្យុងយ៉ាង​អះអាងថា ខ្លួន​ត្រៀម​រួចស្រេច​ដើម្បី​ជជែក​ពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ​អំឡុងពេល​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ​នៅ​ខែក្រោយ​។ នេះ​បើតាម​មន្ត្រី​អាម​រិ​ក​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក Wall Street Journal នៅ​ថ្ងៃទី​៨ ខែមេសា​។ អាច​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កូរ៉េខាងជើង​ប្រាប់​អាមេរិក​ដោយផ្ទាល់​បែបនេះ​។​

​ការជួបពិភាក្សា​ដោយផ្ទាល់​រវាង​អាមេរិក និង​កូរ៉េខាងជើង ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ​។ សារព័ត៌មាន​អាមេរិក​ផ្សាយ​ថា មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​តាមរយៈ​ស្ថាន​បេសកកម្ម​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ ខណៈ​មន្ត្រី​ផ្នែក​ចារកម្ម​ប្រទេស​ទាំងពីរ​ក៏បាន​ជួបគ្នា​ជាសម្ងាត់​ដែរ​។ អនាគត​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo ដែលជា​អតីត​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) បាន​ដឹកនាំ​ការងារ​ចរចា​សម្ងាត់​នេះ​។

​ជំនួប​លួចលាក់​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង មាន​គោលដៅ​រៀបចំ​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្ដី​ការ​រំលា​ល​ចោល​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ ទីតាំង និង​ពេលវេលា​ជាក់លាក់​មិនទាន់​កំណត់​នៅឡើយ តែ​វា​ជា​ប្រធានបទ​នៃ​ការជួបគ្នា​សម្ងាត់​នេះ​។ ទោះជា​លោក គីម ជុង​អ៊ុន ជា​អ្នកស្នើ​ជួប​មុន​ក្ដី គេ​មិនទាន់​ឮ​កូរ៉េខាងជើង​និយាយ​ពី​ជំនួប​នេះ​សូម្បី​តែមួយ​ម៉ាត់​នៅឡើយ​ទេ​។​

​កន្លងមក អាមេរិក​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​កូរ៉េខាងត្បូង​ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ដ្បិត​គូសត្រូវ​ទាំងពីរ​នេះ​គ្មាន​ទំនាក់ទំនង​ផ្លូវការ​ឡើយ​។ ចំណែក​ការអញ្ជើញ​របស់លោក គីម ទៅកាន់​លោក ត្រាំ ក៏ត្រូវ​បានធ្វើ​ឡើង​តាមរយៈ​មន្ត្រី​កូរ៉េខាងត្បូង​ដែរ​។ ជុំវិញ​ជំនួប​សម្ងាត់​រវាង​មន្ត្រី​ខាងលើ​វិញ មន្ត្រី​អាមេរិក​មិនបាន​បញ្ជាក់​ពី​ទីតាំង និង​កន្លែង​ជួបគ្នា​ឡើយ ដោយ​គ្រាន់តែ​និយាយថា ភាគី​ទាំងពីរ​ជួបគ្នា​ផ្ទាល់​ច្រើនលើក​ប៉ុណ្ណោះ​។

​ដូច​ដឹង​ស្រាប់ ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹង​ផ្ដោតលើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្តែ​គេ​ឃើញ​មានការ​ព្រមាន​ទុក​ហើយ​ថា កុំ​រំពឹង​ខ្ពស់​ពេក​ពី​ជំនួប​នេះ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង​មិនអាច​បោះបង់​នុយក្លេអ៊ែរ​ដោយ​ងាយ​ឡើយ​។ ដើម្បី​បោះបង់​អាវុធ​របស់ខ្លួន កូរ៉េខាងជើង​ទំនងជា​ដាក់​លក្ខខណ្ឌ​ខ្ពស់​រហូតដល់​ថ្នាក់​អាមេរិក​មិនអាច​ធ្វើតាម​បាន ហើយ​ការចរចា​ក៏​អាច​បរាជ័យ​ទៀតផង​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com