អន្តរជាតិ
នយោបាយអន្តរជាតិ
មីយ៉ាន់ម៉ា ព្រមឲ្យក្រុមប្រឹក្សាសន្តិសុខUNទៅបំពេញទស្សនកិច្ច ក្រោយចរចាការទូត
× ក្រោយពីមានព្យុះភ្លៀងការទូតជាមួយនឹងគ្នា ពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួន រដ្ឋាភិបាលក្រុងណៃពិដោរ បានយល់ព្រមតាមសំណើរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសរបស់ខ្លួន ។ ក៏ប៉ុន្តែទីកន្លែង និងពេលជាក់លាក់ មិនទាន់បានកំណត់នៅឡើយ សម្រាប់ដ៏កម្ររបស់អង្គការពិភពលោកមួយនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមីយ៉ាន់ម៉ា លោក Myint Thu នៅថ្ងៃ០៦ មេសាកន្លងទៅ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក បានអនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាហើយ។ ក៏ប៉ុន្តែលោក បានអះអាងថា ទីកន្លែង និងពេលវេលា កំពុងស្ថិតក្រោមការចរចា រវាងតំណាងមីយ៉ាន់ម៉ា ជាមួយអង្គការសហប្រជាជាតិនៅឡើយ។
តាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានលើកឡើងផងដែរថា សម្រាប់ប្រតិភូមកពីប្រទេសជិតខាងមីយ៉ាន់ម៉ា សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសិង្ហបុរី ដែលបច្ចុប្បន្នជាប្រធានអាស៊ាន ក៏អាចចូលរួមក្នុងដំណើរទស្សនកិច្ចនោះបានផងដែរ។
តាមមន្ត្រីជាន់ខ្ពស់ដដែលនោះ ប្រតិភូជាន់ខ្ពស់ ក៏នឹងបំពេញទស្សនកិច្ចទៅកាន់បង់ក្លាដែស ដែលជាជម្រកដ៏សំខាន់ របស់ជនភៀសខ្លួនរាប់សិបម៉ឺននាក់ ដែលបានភៀសខ្លួនពីមីយ៉ាន់ម៉ា ក្រោយមានការ ប៉ះទង្គិចប្រដាប់អាវុធដាក់គ្នារវាងកងកម្លាំង និងក្រុមឧទ្ទាម នៅក្នុងប្រទេសមួយនេះ។
គួរជម្រាបថា បន្ទាប់ពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផ្ទុះឡើង រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរងការរិះគន់ខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ ថែមទាំងហ៊ានអះអាងថា ហេតុការណ៍ដែលបានកើតឡើងនៅមីយ៉ាន់ម៉ា អាចធ្លាក់ចូលជាបទល្មើសប្រល័យពូជសាសន៍ទៀតផង ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កន្លងមកភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ ក៏បានទទូចឲ្យមីយ៉ាន់ម៉ា បើកការស៊ើបអង្កេតជុំវិញវិបត្តិនេះ និងថែមទាំងស្នើសុំបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ទៅកាន់កន្លែងកើតហេតុទៀតផង។ តែមីយ៉ាន់ម៉ា កន្លងមកបានបដិសេធ ដោយយកហេតុផលថា មន្ត្រីជំនាញអង្គការសហប្រជាជាតិ រាយការណ៍ពីព័ត៌មានដែលមិនឆ្លុះបញ្ចាំងពីការពិតរបស់មីយ៉ាន់ម៉ានោះទេ៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com