ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ឲ្យធនាគារបញ្ជូនព័ត៌មានគណនីជនជាតិអាមេរិកដែលត្រូវរាយការណ៍សម្រាប់២០១៧
× ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រកាសឲ្យធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ បញ្ជូនព័ត៌មានគណនីជនជាតិអាមេរិក ដែលត្រូវរាយការណ៍សម្រាប់ឆ្នាំ២០១៧ មក GDT ឲ្យបានមុនថ្ងៃទី២៩ ខែមិថុនាឆ្នាំនេះ ជាកំហិត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ GDT ចុះថ្ងៃទី៣ខែមេសា។
នេះជាការអនុវត្តតាមកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវអនុលោមភាពពន្ធដារអន្តរជាតិ និងដើម្បីអនុវត្តច្បាប់ស្ដីពីអនុលោមភាពពន្ធ ចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (FATCA) ដែលត្រូវបានចុះហត្ថលេខានាពេលកន្លងមក។ ដូចនេះ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍នេះ ត្រូវបញ្ជូនព័ត៌មានតាមការប្រកាសរបស់ GDT ។
GDT កំណត់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ បញ្ជូនព័ត៌មានមកស្ថានប័នខ្លួន ឲ្យបានមុនថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីឲ្យ GDT អាចរាយការណ៍ទៅអាជ្ញាធរចំណូលក្នុងស្រុកអាមេរិក (IRS) ឲ្យបានទាន់ពេលវេលា។
«ក្នុងករណីហួសកាលកំណត់នេះ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍ អនុលោមតាមកិច្ចព្រមព្រៀង FATCA ត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះការពិន័យនានា អនុលោមតាមកិច្ចព្រមព្រៀងនេះ»។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com