ជាតិ
រថយន្ត
តោះ​! កម្មវិធី​ហៅ​តាក់ស៊ី និង​រ៉ឺម៉ក​កង់​បី​ជិះ​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​
09, Apr 2018 , 7:19 pm        
រូបភាព
​តោះ​!(Tos Tov) ជា​Application មួយ​សម្រាប់​ហៅ​តាក់ស៊ី និង​រ៉ឺម៉ក​កង់​បី (​ខ្មែរ​,​ឥណ្ឌា )​ជិះ តាមរយៈ​ទូរ​សព្ទ​ដៃ ដែល​បាន​បង្កើត​ដោយ​កូន​ខ្មែរ​។ កម្មវិធី​នេះ បាន​ដំណើរការ ១​ឆ្នាំ​ហើយ គឺ​ចាប់​តាំងនៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៧​មក​។



​សម្រាប់​ការហៅ​តាក់ស៊ី​តាម​កម្មវិធី Tos Tov គឺ​តម្លៃ​៦​ពាន់​រៀលពេល​ចាប់ផ្តើម​ឡើង​ជិះ ហើយ​គីឡូ​ម​បន្ទាប់​តម្លៃ​១,៦០០​ពាន់​រៀល​។ ចំណែក រ៉ឺម៉ក​កង់​បី​ខ្មែរ មួយ​គី​ម៉ែត្រ​ដំបូង​តម្លៃ​៤​ពាន់​រៀល ហើយ​តម្លៃ​គីឡូម៉ែត្រ​បន្ទាប់​តែ​១,២០០​រៀល​ប៉ុណ្ណោះ​។ ចំណែកឯ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា មានតម្លៃ​ថោក​ជាង​រ៉ឺម៉ក​កង់​បី​ខ្មែរ​បន្តិច គឺ​មួយ​គី​ម៉ែត្រ​ដំបូង​តម្លៃ​៣​ពាន់​រៀល ហើយ​តម្លៃ​គីឡូម៉ែត្រ​បន្ទាប់​តែ​១,២០០​រៀល​ប៉ុណ្ណោះ​។  មូលហេតុ​ខុសគ្នា គឺ​រ៉ឺម៉ក​កង់​បី​ខ្មែរ គឺ​គាត់​ប្រើ​សាំង ឯ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា គឺ​ប្រើ​ហ្គាស​។ នេះ​បើតាម​ការពន្យល់​របស់​លោក លោក ប្រឿង សេង​។ 

​លោក ប្រឿង សេង នាយក​ប្រតិបត្តិ​នៃ​Tos Tov Co., LTD បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​សុខចិត្ត​បង្កើត​ឈ្មោះ និង​ខិតខំ​កសាង​កេរ្តិ៍ឈ្មោះ​កម្មវិធី​ដោយ​ខ្លួនឯង ព្រោះ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​មោទនភាព​នឹង​ស្នាដៃ​របស់​ជាតិ​សាសន៍​ខ្លួន និង​ចង់​បង្ហាញថា កូន​ខ្មែរ ក៏មាន​សមត្ថភាព មិន​ចាញ់​បរទេស​ដែរ​។ លោក ប្រឿង សេង បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ជា​គោល ពួក​ខ្ញុំ​ចង់​ធ្វើ​អ្វី​ជា​របស់​ខ្មែរ​។ តាមពិត​ពួក​ខ្ញុំ​ក៏​អាចធ្វើ​ការងារ​ហ្នឹង​ស្រួល​ដែរ ដោយ​ទិញ​កម្មវិធី​ពី​បរទេស​មក ឬ​ទិញ​ឈ្មោះ​ពី​បរទេស​មក​បាន ដោយសារ​ខ្មែរ​យើង​រាល់ថ្ងៃ​និយម «Brand» ពី​បរទេស​។ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​គិត​អ៊ីចឹង​។ ពួក​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​ឲ្យ​ខ្មែរ​យើង​មាន​មោទនភាព គេ​ធ្វើបាន ខ្មែរ​យើង​ក៏​មិន​អន់​ដែរ​។ App ហ្នឹង​គឺ​សរសេរ​កូដ​ដោយ​អ្នកជំនាញ​ជនជាតិខ្មែរ ដែល​ពួកគាត់​ចប់​ពីសា​លា​ផ្សេងៗ​នៅ​ខ្មែរ​យើង​»​។



​បច្ចុប្បន្ន​មាន​អ្នក​ទាញយក Application «​តោះ​» ទៅប្រើ​ប្រាស់​គឺ​ជិត​៥​ពាន់​នាក់​។ ចំណែកឯ តាក់ស៊ី ជាង​១៥០​នាក់ និង​រ៉ឺម៉ក​កង់​បី​របស់​ខ្មែរ និង​ឥណ្ឌា មាន​ជាង​៣០០​នាក់​។ ចំនួន​មាន​តិចតួច​ណាស់ បើ​ធៀប​នឹង​កម្មវិធី​របស់​បរទេស ដែល​បាន​វាយលុក​ទីផ្សារ​កម្ពុជា​។ ប៉ុន្តែ​ទោះជា​ត្រូវ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​Brand​បរទេស លោក ប្រឿង សេង សង្ឃឹមថា​ប្រជាពលរដ្ឋ​ខ្មែរ នឹង​គាំទ្រ កម្មវិធី​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ​៕​



© រក្សាសិទ្ធិដោយ thmeythmey.com