រថយន្ត
អន្តរជាតិ
ឡាវ​បន្ត​ប្រកាស​លក់​រថយន្ត​ទំនើប​របស់​រដ្ឋ​ដែល​ដកហូត​ពី​មេដឹកនាំ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ខ្ជះខ្ជាយ
09, Apr 2018 , 7:39 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
ដោយ:
​​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានប្រកាស​ដាក់លក់រ​ថ​យន្ត​ទំនើប​ប្រភេទ Mercedes-Benz របស់​រដ្ឋ​ជាច្រើន​គ្រឿង​ជាថ្មី​ម្តងទៀត ក្នុង​យុទ្ធ​ន​ការ​សន្សំសំចៃ​ថវិការដ្ឋ និង​ធានា​ឲ្យ​បាន​ថា មន្ត្រី​រដ្ឋ អាច​ប្រើប្រាស់​រថយន្ត​ត្រឹមតែ​ជា​ប្រភេទ​សាមញ្ញ និង​តម្លៃថោក​ប៉ុណ្ណោះ ។



​ក្រសួង​ហិរញ្ញវត្ថុ​របស់​ឡាវ បានចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ការចូលរួម​ដេញថ្លៃ និង​ទិញ​រថយន្ត​របស់​រដ្ឋ​ម៉ាក Mercedes-Benz E350 ចំនួន​១៥​គ្រឿង និង​ម៉ាក Mercedes-Benz S350 ចំនួន​មួយគ្រឿង ដែល​បែបបទ​ចូលរួម​ដេញថ្លៃ ចាប់ផ្តើម​លក់​នៅ​ថ្ងៃទី​៥ ខែមេសា ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Vientiane Times ។

​តាម​ប្រភពព័ត៌មាន​ដដែល នេះ គឺជា​លើក​ទី​ពីរ​ហើយ​របស់​រដ្ឋាភិបាល​ឡាវ​ដែល​បានដាក់​ដេញថ្លៃ​លក់​រថយន្ត​រដ្ឋ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស ។ ឆ្នាំមុន រដ្ឋាភិបាល​ឡាវ បាន​លក់​រថយន្ត​ប្រភេទ BMW 730 LI និង Mercedes Benz S350 ដែល​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​របស់​ប្រធានាធិបតី អនុ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​បណ្តា​មេដឹកនាំ​ជាន់ខ្ពស់​ឡាវ​ផ្សេងទៀត ។

​ការដាក់​ដេញថ្លៃ​លក់​រថយន្ត​ទំនើបៗ​រដ្ឋ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ឡាវ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ហើយ នៃ​កិច្ច​ការដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​ឡាវ ។ បើតាម Vientiane Times បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ កំពុងតែ​ប្រើប្រាស់​រថយន្ត​ប្រភេទ Toyota Camry តម្លៃ​ទាប​ជំនួស​វិញ ។

​សូម​ជម្រាប​ផងដែរ​ថា គោលនយោបាយ​នៃ​ការដកហូត​ឡាន​ទំនើប​ពី​មន្ត្រីជាន់ខ្ពស់ និង​ផែន​ការដាក់​ឲ្យ​ដេញថ្លៃ​នេះ ធ្វើឡើង​ក្រោយពី​មេដឹកនាំ​បក្ស​កុម្មុយនីស្ត និង​រដ្ឋាភិបាល​ឡាវ បាន​ព្រមព្រៀងគ្នា​ថា ឈប់​បើកបរ និង​ប្រើប្រាស់​យានយន្ត​ទំនើបៗ​ដូចជា BMW និង Mercedes Benzes ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​។ ហើយ​ជំនួស​មកវិញ មន្ត្រីជាន់ខ្ពស់ អាច​ប្រើប្រាស់​យានយន្ត​ដែលមាន​ម៉ាក និង​តម្លៃថោក និង​សមរម្យ​បាន​ហើយ ៕


Tag:
 ​ឡាវ​
 ​រថយន្ត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com