ចូលឆ្នាំ​ខ្មែរ​៖​សម្ដេច ស ខេង អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ការបើកបរ​គោរព​ច្បាប់​
ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំ​ខ្មែរ​៖​សម្ដេច ស ខេង អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ការបើកបរ​គោរព​ច្បាប់​
09, Apr 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​យានយន្ត​ទាំងអស់ ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។



​គ្រោះថ្នាក់​ចរ​ចរណ៍​ផ្លូវគោក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​ធ្វេស​ប្រហែល ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់ ខណៈ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​យានយន្ត​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​នានា ច្រើន​ខុស​ប្រក្រតី អាចមាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​កកស្ទះ​។

​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នាឱកាស​ពិធី​ប្រពៃណីជាតិ​នេះ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​យានយន្ត​ទាំងអស់ ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូចជា ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​តោ​ចក្រយានយន្ត និង​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ង​ងុ​ក​ដេក ឬ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ជាដាច់ខាត​។​

​អ្នកប្រើប្រាស់​ផ្លូវ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច និង​មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរ​សព្ទ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​(​កាស​)​នោះទេ​។ នេះ​ជាការ​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បញ្ជាក់ទៀតថា មុន​ធ្វើដំណើរ ក៏ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ជាពិសេស​កង់ ច​ង្កួ​ត ហ្វ្រាំង ភ្លើង​បំភ្លឺ​-​ល​-​។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​បន្តថា​៖«​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​។ ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​»​។

​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់ និង​អធ្យាស្រ័យ ចៀសវាង​ការប្រើ​ហិង្សា  និង​ទាក់ទង​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត មក​ដោះស្រាយ ក្នុងករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៕


Tag:
 បើកបរ​
 ​ចរាចរណ៍​
 ​យានយន្ត​
 ​ចូលឆ្នាំ​ខ្មែរ​
 ​សង្ក្រាន្ត​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com