ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំខ្មែរ៖សម្ដេច ស ខេង អំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដោយការបើកបរគោរពច្បាប់
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ បានអំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវធ្វេសប្រហែល ឬខ្ជីខ្ជាមិនគោរពច្បាប់ ខណៈនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះនឹងមានយានយន្តធ្វើចរាចរណ៍នៅតាមដងផ្លូវនានា ច្រើនខុសប្រក្រតី អាចមានគ្រោះថ្នាក់ចរាចរណ៍ ឬកកស្ទះ។
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នាឱកាសពិធីប្រពៃណីជាតិនេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមតោចក្រយានយន្ត និងមិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពងងុកដេក ឬក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត។
អ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច និងមិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង(កាស)នោះទេ។ នេះជាការអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបញ្ជាក់ទៀតថា មុនធ្វើដំណើរ ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ជាពិសេសកង់ ចង្កួត ហ្វ្រាំង ភ្លើងបំភ្លឺ-ល-។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវបន្តថា៖«សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរ។ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ»។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើឲ្យប្រជាពលរដ្ឋអត់ធ្មត់ និងអធ្យាស្រ័យ ចៀសវាងការប្រើហិង្សា និងទាក់ទងសមត្ថកិច្ចដែលនៅជិតបំផុត មកដោះស្រាយ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
Tag:
បើកបរ
ចរាចរណ៍
យានយន្ត
ចូលឆ្នាំខ្មែរ
សង្ក្រាន្ត
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com