អន្តរជាតិ
លោក ត្រាំ ថា ចិននឹងដករបាំងសេដ្ឋកិច្ចចេញ ដោយសារលោក ស៊ី ជាមិត្តល្អរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំង (រូបភាព AFP)
× ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី៨ ខែមេសា បានផ្ញើសារបែបមិត្តភាពមួយទៅឲ្យចិន ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងតែពុះកញ្ជ្រោលចង់ផ្ទុះទៅហើយ។ ដោយហៅសមភាគីចិន ស៊ី ជិនភីង ជាមិត្តយូរអង្វែងរបស់លោក លោក ត្រាំ អះអាងថា លោក ស៊ី នឹងដករបាំងដែលរាំងស្ទះទំនិញអាមេរិកចូលទីផ្សារចិន។ លោក ត្រាំ ក៏ចង់បង្កើតកិច្ចព្រមព្រៀងមួយជាមួយចិនដើម្បីការពារកម្មសិទ្ធិបញ្ញារបស់អាមេរិកដែរ។
ក្រោយដាក់ពន្ធដ៏ច្រើនលើផលិតផលចិនរហូតធ្វើឲ្យចិនដាក់ពន្ធលើទំនិញអាមេរិកវិញនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាលើកឡើងពីទំនាក់ទំនងជិតស្និទ្ធរវាងលោក និងប្រធានាធិបតីចិន ស៊ី ជិនភីង ទៅវិញ និងថា ចិននឹងបោះបង់របាំងពាណិជ្ជកម្មមិនខាន។ កន្លងទៅ ចិនបានព្រមានកំដរអាមេរិករហូត បើអាមេរិកនៅបន្តល្បែងដំឡើងពន្ធលើទំនិញរបស់ខ្លួនទៀតនោះ។
តាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួន លោក ត្រាំ ហាក់មានជំនឿចិត្តថា ចិននឹងមានឥរិយាបថទន់ភ្លន់ បន្ទាប់ពីត្រូវអាមេរិកយកពន្ធសន្ធឹកសន្ធាប់។ លោក ត្រាំ ក៏អះអាងថា លោកប្រធានាធិបតី ស៊ីនឹងនៅតែជាមិត្តរបស់លោករហូត ទោះជាមានជម្លោះលើវិស័យពាណិជ្ជកម្មក៏ដោយ។ លោកបន្ថែមថា ចិននឹងទម្លាក់របាំងពាណិជ្ជកម្ម ព្រោះវាជាត្រឹមត្រូវ។ លោក ត្រាំ ហាក់មិនភ្ញាក់ផ្អើលឡើយចំពោះការយកពន្ធរបស់ចិនលើផលិតផលអាមរិកនោះ ដោយលើកឡើងថា ការយកពន្ធគឺមានទៅមានមក។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ក្នុងសារលើ Twitter នៅថ្ងៃទី៨ ខែមេសា ប្រធានាធិបតីអាមេរិករូបនេះបង្ហើបថា អាមេរិកនឹងស្វះស្វែងបង្កើតកិច្ចព្រមព្រៀងមួយជាមួយចិនលើបញ្ហាកម្មសិទ្ធិបញ្ញា។ ជាញឹកញយ លោក ត្រាំ បានចោទចិនថា លួចកម្មសិទ្ធិបញ្ញាអាមេរិកតាមរយៈការតម្រូវឲ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនចិន។ កិច្ចព្រមព្រៀងនៅថ្ងៃអនាគតរវាងមហាអំណាចទាំងពីរ នឹងមានគោលដៅការពារបច្ចេកវិទ្យាអាមេរិក ឬក៏ចែងពីការទិញលក់កម្មសិទ្ធិបញ្ញាតែម្ដង។
តាមពិតទៅ ចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ មានគោលដៅបង្កើតកិច្ចព្រមព្រៀងជាមួយក្រុងប៉េកាំងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិកក្នុងការរកស៊ីជាមួយចិន និងធ្វើយ៉ាងណាឲ្យទំនិញអាមេរិកចូលទីផ្សាររបស់ចិនស្រួលជាងមុន។ លោក ត្រាំ មិនពេញចិត្តសោះឡើយចំពោះជញ្ជីងពាណិជ្ជកម្ម ដែលផ្អៀងទៅរកចិនខ្លាំងពេក។ ទាំងឱនភាពពាណិជ្ជកម្ម ទាំងករណីកម្មសិទ្ធិបញ្ញានេះ អាមេរិកត្រូវខាតបង់លុយរាប់រយពាន់លានដុល្លារទៅឲ្យចិន។
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីលោក ត្រាំ មានគំនិតសុទិដ្ឋិនិយមខ្លាំងលើការចរចាជាមួយចិនឡើយ។ ប៉ុន្តែកិច្ចព្រមព្រៀងណាក៏ដោយ អាមេរិកទំនងត្រូវបញ្ឈប់ផែនការដាក់ពន្ធលើផលិតផលចិនជាង១៣០០មុខ ដែលមានតម្លៃដល់ទៅ៥០ពាន់លានដុល្លារសិន។ បើដូចនេះ ចិនក៏អាចផ្អាកការតបតរបស់ខ្លួនលើចំណាត់ការយកពន្ធរបស់អាមេរិកដែរ ហើយស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរក៏បែរជាធូរស្រាលវិញដែរ៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com