អន្តរជាតិ
បារាំង​-​អាមេរិក អះ​អា​ងថា​ខ្លួន​មិនបាន​ផ្លោង​មី​ស៊ី​ល​ចូល​មូលដ្ឋានទ័ព​ស៊ី​រី​ដែល​សម្លាប់​កងទ័ព ១៤​នាក់​ឡើយ​
09, Apr 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ខេត្ត Homs រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៩ ខែមេសា​នេះ​ដែល​បណ្តាល​ឲ្យ​មនុស្ស ១៤ នាក់​ស្លាប់​ក្នុងនោះ​មាន​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​ផង​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា អ្នកណា​ជា​អ្នកពាក់ព័ន្ធ​ការវាយប្រហារ​នេះឡើយ ប៉ុន្តែ​បារាំង និង​អាមេរិក​បានចេញ​មុខ​បញ្ជាក់ថា ខ្លួន​មិនមាន​ពាក់ព័ន្ធ​ការបាញ់​ផ្លោង​មី​ស៊ី​ល​នេះ​ទេ​។​



​កងកម្លាំង​ប្រហែល ១៤ នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​កងកម្លាំង​របស់​អ៊ីរ៉ង់​ដែល​ទៅ​ជួយ​ច្បាំង​រដ្ឋាភិបាល​ស៊ី​រី​ផង នៅក្នុង​ការបាញ់​ផ្លោង​មី​ស៊ី​ល​លើ​មូលដ្ឋាន​ទ័ពអាកាស T-4 នា​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​ស្ថាប័ន​ខាងលើ​បន្ថែមថា បច្ចុប្បន្ននេះ​កង​ម្លាំ​ង​ស៊ី​រី រុស្ស៊ី អ៊ីរ៉ង់ និង​ក្រុម​ហេ​ស្បូ​ឡា លី​បង់​សុទ្ធតែ​ឈរជើង​នៅលើ​ទឹកដី​ស៊ី​រី​ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន និង​ក្រុម​ឧទ្ទាម​នោះ​។ ប៉ុន្តែ​គេ​មិនដឹងថា មូល​ដ្ឋា​ទ័ពអាកាស T-4 មាន​កងទ័ព​បរទេស​ច្រើន​ប៉ុណ្ណា​ឡើយ​។

​ខាង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី​បាន​ចុះផ្សាយ​ផងដែរ​ពី​ការវាយប្រហារ​នេះ​ប៉ុន្តែ​វា​មិនមាន​ការបញ្ជាក់​នោះឡើយ​ថា អ្នកស្លាប់​ឬ​របួស​មាន​ប៉ុន្មាន​ពិតប្រាកដ​នោះ​។ មូលដ្ឋាន​ទ័ពអាកាស T-4 នេះ​នៅ​ចំ​កណ្តាល​ខេត្ត​Homs ហើយ​វា​មាន​ឈ្មោះថា ព្រលានយន្តហោះ Tiyas​។ 

​ពាក់ព័ន្ធ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នេះ វា​មិនទាន់មាន​ការកំណត់​សញ្ញាណ​ភាគី​ដែល​ប្រើប្រាស់​មី​ស៊ី​ល​នេះ​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក​អ៊ីស្រាអែល​ធ្លាប់​វាយប្រហារ​លើ​មូលដ្ឋានទ័ព​ស៊ី​រី​តាមផ្លូវ​អាកាស​កន្លង​មក​។ ជា​ឧទាហរណ៍​កាលពី​ខែកុម្ភៈ​កន្លងមក ទាហាន​អ៊ីស្រាអែល​វាយប្រហារ​លើ​មូលដ្ឋានទ័ព​ស៊ី​រី​ដែរ ហើយ​គោលដៅ​កម្ចាត់​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​អាសាដ ដូចជា​អ៊ីរ៉ង់ និង​ហេ​ស្បូ​ឡា​ជាដើម​។ យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​កងទ័ព​អ៊ីស្រាអែល​បាន​បដិសេធ​ផ្តល់យោបល់​ជុំវិញ​ន​ញ្ហា​នេះ​រួចទៅហើយ​។​

​តាមពិតទៅ​ការវាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​គឺ​កើតឡើង​ក្រោយពេល​ដែលមាន​ការរាយការណ៍​ថា អាវុធ​គីមី​ត្រូវបាន​គេ​ប្រើប្រាស់​ជាថ្មីទៀត​នៅ​ស៊ី​រី​ដើម្បី​ប្រឆាំង​ជន​ស៊ីវិល​នាទី​ក្រុង​ឌូ​ម៉ា ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ណ​ចណាស់ ១៤ នាក់​ឯណោះ​។ ឆ្លើយតប​នឹង​បញ្ហា​ចំណែក​មេដឹកនាំ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​លោក ដូ​ណា​ល់ ត្រាំ  ប្រធានាធិបតី​អាមេរិក​បាន​ព្រម​ចាត់វិធានការ​ធ្ងន់ធ្ងរ​រួម​ដើម្បី​ថ្កោលទោស និង​ប្រឆាំង​ក្រុង​ដា​ម៉ាស​ដូចគ្នា​។​

​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​មូលដ្ឋាន​ទ័ព​ស៊ី​រី​នេះដែរ យោធា​បារាំង​ដែលមាន​វត្ត​មាននៅ​ស៊ី​រី​បាន​បដិសេធ​ពាក្យ​អារ​ចាម​អារាម​ទាំង​អំប្បាលម៉ាន​ពាក់ព័ន្ធ​នឹង​ខ្លួន ហើយ​តំណាង​បារាំង​នេះ​អះអាង​ច្បាស់​ថា ខ្លួន​មិន​ពាក់ព័ន្ធ​ការបាញ់​ផ្លោង​មី​ស៊ី​ល​ចូល​មូលដ្ឋាន​ទ័ពអាកាស​ឡើ​។​

​អ្នកនាំពាក្យ​កងទ័ពជើងគោក​បារាំង​លោក Patrik Steiger បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដូច្នេះ​ថា ៖«​វា​មិនមែន​ក្រុម​យើង​ឡើយ​»​។​
​ក្រៅពី តំណាង​យោធា​បារាំង ខាង​យោធា​អាមេរិក​ក៏បាន​ចេញមុខ​បកស្រាយ​ដូចគ្នា​ថា ខ្លួន​មិនបាន​ដឹង និង​មិន​ពាក់ព័ន្ធ​ការបាញ់​ផ្លោង​មី​ស៊ី​ល​ស្រោច​ចូល​ទឹកដី​ស៊ី​រី​នោះឡើយ​៕



Tag:
 អាមេរិក​
 ​បារាំង​
  ស៊ី​រី​
  Homs
© រក្សាសិទ្ធិដោយ thmeythmey.com