ជាតិ
ជប៉ុន មិន​ចង់ឃើញ​មិត្ត «​កម្ពុជា​» រង​ការរិះគន់​ទេ​
09, Apr 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន មិន​ចង់ឃើញ​កម្ពុជា រង​ការរិះគន់​ពី​សំណាក់​សហគម​អន្តរជាតិ​ឡើយ​។ នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Taro Kono ដែល​ស្រង់​ដោយ​ទូរទស្សន៍​ជប៉ុន NHK World​។​



​តាមរយៈ​ខ្លឹមសារ​ទូរទស្សន៍​ជប៉ុន NHK បាន​ចុះផ្សាយ​ថា លោក Taro Kono បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ធានា​ដល់​ការបោះឆ្នោត​ខាងមុខនេះ ធ្វើយ៉ាងណា​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ រដ្ឋាភិបាល​ជប៉ុន ប្ដេជ្ញា​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។​

«​ជប៉ុន និង​កម្ពុជា គឺជា​មិត្ត​យូរ​ឆ្នាំ​មកហើយ​។ ហើយ​ជប៉ុន​មិន​ចង់ឃើញ​មិត្ត​កម្ពុជា រង​ការរិះគន់​(​ពី​សំណាក់​សហគម​អន្តរជាតិ​) នោះទេ​។ ជប៉ុន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានភាព​នានា​នៅក្នុង​ប្រទេស​កម្ពុជា​»​។ នេះ​ជាស​ម្តី​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Taro Kono ។​

​សម្រាប់​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​វិញ យល់ថា ពាក្យសម្តី​ប៉ុន្មាន​ឃ្លា​របស់​ជប៉ុន​នេះ នឹង​អាចជួយ​បន្ធូរបន្ថយ​ស្ថានភាព​តាង​តឹង​នយោបាយ មុនពេល​បោះឆ្នោត​មកដល់​។ ក្នុងន័យនេះ​លោក ហង្ស វិទូ ពន្យល់ថា ជប៉ុន កំពុង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​បញ្ហានយោបាយ​នៅ​កម្ពុជា បើទោះជា​គ្មាន​ប្រតិកម្ម​ខ្លាំង​ដូច​បណ្ដា​ប្រទេស​អន្តរជាតិ​ក្តី​។ នោះ​ក៏​ព្រោះតែ​ជប៉ុន គឺជា​ប្រទេស​ដែល​ប្រើ​នយោបាយ​ការទូត​សម្របសម្រួល​បញ្ហា និង​មិន​ដាក់​សម្ពាធ ឬ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា ដូច​សហគមន៍​អន្តរជាតិ​ឡើយ​។

​បើតាម​លោក ហង្ស វិទូ គោលនយោបាយ​ការបរទេស​របស់​ជប៉ុន​បែបនេះ ទើប​អាច​ដោះស្រាយ​បញ្ហា​កម្ពុជា​បាន ខណៈ​រដ្ឋាភិបាល តែងតែ​ប្រកាន់​ជំហរ​ឯករាជ្យ​មិន​ចុះ​ញ៉ម សម្ពាធ​សហគម​អន្តរជាតិ​កន្លងមក ពោល​មានន័យថា ប្រើ​ធម៌​ត្រជាក់ បង្ក្រាប​ធម៌​ក្តៅ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​ប្រទេស​ជប៉ុន គឺជា​ប្រទេស​ដែល​ឆ្លាត​វៃ ហើយ​គេ​ធ្វើការ​ទូត​ដោយ​សន្តិវិធី ក្នុងការ​ព្យាយាម​លើកទឹកចិត្ត​កម្ពុជា​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ។​ហើយ​ខ្ញុំ​យល់ថា​ជប៉ុន មាន​សុទិដ្ឋិនិយម មុន​ថ្ងៃ​បោះឆ្នោត កម្ពុជា​នឹងមាន​ច្រកចេញ​មួយ ដើម្បី​ឈានទៅរក​ការបោះឆ្នោត ដោយមាន​បក្សប្រឆាំង​ចូលរួម​។ ហើយ​ខ្ញុំ​យល់ថា ជប៉ុន​មុននឹង​ស្នើ​ដល់​កម្ពុជា ជប៉ុន​ដឹងខ្លួន​ថា មាន​ឥទ្ធិពល​ប៉ុណ្ណា​ចំពោះ​កម្ពុជា ជប៉ុន​ដឹង​ជាមុន​ស្រេច​។ ទី​២ កម្ពុជា​ខ្លួនឯង​ក៏​ដឹងថា ជប៉ុន​មាន​តួនាទី​សំខាន់​ប៉ុណ្ណា​សម្រាប់​កម្ពុជា ទាំង​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច និង​ជំនួយ​ក្តី​… ដូច្នេះ​ចង់​មិន​ចង់​ក៏​ជប៉ុន នៅតែមាន​ឥទ្ធិពល​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​»​។​

អត្ថបទទាក់ទង


​តែ​យ៉ាងណា​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​៨ មេសា​ថា ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Taro Kono គ្មាន​ការពិភាក្សាគ្នា​អំពី​បញ្ហានយោបាយ​នោះឡើយ ។ លោក​ថា ភាគី​ទាំងពីរ​ពិភាក្សា​ផ្តោតលើ​ការ​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​បន្ថែម រួមទាំង​ការបង្ហាញ​ជំហរ​របស់​ជប៉ុន ក្នុង​ការជួយ​ដល់​កម្ពុជា​ប៉ុណ្ណោះ​។

​ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​ធ្លាប់​និយាយថា ជប៉ុន ជា​ប្រទេស​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដូច​ប្រទេស​ដទៃ​ឡើយ​។ ហើយ​ជប៉ុន គោរព​ឯករាជ្យ និង​គាំទ្រ​រាល់​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​៧​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា ខណៈ​ចិន ជួយ​ថវិកា​ជាង​២០​លាន​ដុល្លារ​។ ការផ្ដល់​ជំនួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន រំពឹងថា អាចជួយ​ដល់​ការរៀបចំ​ការបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​សន្យា​ចំពោះមុខ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ថា ការបោះឆ្នោត​នៅពេល​ខាងមុខ នឹង​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ នេះ​បើតាម​ទូរទស្សន៍​ជប៉ុន NHK World៕



Tag:
 ហ៊ុន សែន​
 Taro Kono
  ជប៉ុន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com