អន្តរជាតិ
បារាំង និង​អាមេរិក​សន្យា​ចាត់វិធានការ​ប្រ​ឆាំង​ការប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី តែ​រុស្ស៊ី​ព្រមាន​ជាមុន​
09, Apr 2018 , 11:19 pm        
រូបភាព
​ជន​ស៊ីវិល​យ៉ាងហោចណាស់ ៤០ នាក់​ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយ​សារ​ការប្រើប្រាស់​អាវុធ​គីមី​ជាថ្មី នៅ​ទីក្រុង ឌូ​ម៉ា (Douma) ភាគ​ខាងកើត​រដ្ឋធានី​ដា​ម៉ាស​ប្រទេស​ស៊ី​រី​។ ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង​ប្រទេស​លោកខាងលិច បានចេញ​មុខ​ថ្កោលទោស​រដ្ឋាភិបាល​ស៊ី​រី រុស្ស៊ី និង​អ៊ីរ៉ង់ ចំពោះ​សោកនាដកម្ម​ដែល​កើតឡើង​នេះ និង​ទាមទារ​ឲ្យ​មាន​ការស៊ីបអង្កេត និង​ឆ្លើយតប​ចំពោះ​បញ្ហា​នេះដែរ​។ ខាង​រដ្ឋាភិបាល​ស៊ី​រី បាន​ទាត់​ចោលការ​អះអាងថា មានការ​ប្រើប្រាស់​អាវុធ​គីមី ខណៈដែល​រុស្ស៊ី បានចាត់ទុក​រាល់​ការចោទប្រកាន់​ជា​ព័ត៌មាន​ក្លែងក្លាយ​។​



​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី បានក្លាយ​ជា​រឿង​ក្តៅ​ជាថ្មីទៀត ក្រោយ​មាន​មនុស្ស​ជាច្រើន​នាក់ រួមទាំង​ក្មេងៗ​តូច​ស្លាប់ នៅ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​ឌូ​ម៉ា ភាគ​ខាងកើត ក្រុង​ដា​ម៉ាស នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី ៧ ខែមេសា​។ ជន​ស៊ីវិល​ប្រហែល ៥០០​នាក់​ផ្សេងទៀត​នោះ ក៏​រងគ្រោះ​ដោយសារ​សារធាតុ​គីមី​ដែរ ហើយ​ពួកគេ​ទទួលបាន​ការសង្គ្រោះ ដោយ​ក្រុមគ្រូពេទ្យ​ក្នុង​តំបន់​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្រុម​អ្នក​សង្គ្រោះបាន​រកឃើញថា ជន​ស៊ីវិល​យ៉ាងហោច​តិច​ណាស់ ៤២ នាក់​បាន​ស្លាប់បាត់​បង់ជីវិត យ៉ាង​លំបាក​វេទនា ដោយ​ពួកគេ​សុទ្ធ​តែមាន​បញ្ហា​ដកដង្ហើម​ធ្ងន់ធ្ងរ បែកពពុះមាត់ និង​ភ្នែក​ឡើង​ក្រហម​ខ្លាំង​ផង​។ ក្រុម​អ្នកប្រឆាំង និង លោកខាងលិច បាន​ចង្អុល​ដាក់​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​ដ៏​ព្រៃផ្សៃ​នេះ ខណៈដែល​រដ្ឋាភិបាល​ស៊ី​រី បាន​ទាត់ចោល​បញ្ហា​នេះ​។

១.​ក្រុមប្រឆាំង និង​លោកខាងលិច ដាក់បន្ទុក​លើ​រដ្ឋាភិបាល​ស៊ី​ជុំវិញ​ការប្រើ​អាវុធ​គីមី​
​សារព័ត៌មាន​អាមេរិក New York Times បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រុម​ការពារ​ប្រជាជន​ស៊ីវិល​ស៊ី​រី ឬ​ក្រុម​សង្គ្រោះ​មួ​កស Mahmoud Aadam ថា​ការប្រើប្រាស់​អាវុធ​គីមី​នេះ កើតឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​គេ​ឃើញ​មាន​ឧទ្ធម្ភាគចក្រ​រដ្ឋាភិបាល​ស៊ី​រី ទម្លាក់​គ្រាប់បែក​ធុង ដែលមាន​ផ្ទុក​សារធាតុ​គីមី ដែល​គេ​មិន​ស្គាល់​ប្រភេទ លើ​ទីតាំង​ក្រុម​ឧទ្ទាម​។

​ចំណែក​ខាង​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី មាន​ស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស​វិញ មិនទាន់​ហ៊ាន​ទទួលស្គាល់ថា អាវុធ​គីមី​នេះ ត្រូវបាន​ប្រើប្រាស់​មែន ឬ​អត់​ឡើយ​។ ប៉ុន្តែ​ស្ថាប័ន​នេះ​អះអាង​ពេញមាត់​ថា មានការ​ស្លាប់​របស់​ជ​ន​ស៊ីវិល​ច្រើន​នាក់​ពិតមែន ចាប់ពី​ថ្ងៃ​សៅរ៍​នោះ ហើយ​រដ្ឋាភិបាល​អាសាដ ជា​អ្នកទទួលខុសត្រូវ​។ 

​ក្រោយ​មាន​ករណី​ស្លាប់​របស់​ជន​ស៊ីវិល និង​មានការ​អះអាង​ពី​ការប្រើប្រាស់​អាវុធ​គីមី​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ថ្កោលទោស​អាសាដ និង​ប្រទេស​ដែល​គាំទ្រ​របប​នេះ​ផង​។ លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស Heather Nauert បាន​អះអាងថា​ដូ​ច្នះ​៖« រដ្ឋាភិបាល​អាសាដ និង​អ្នកគាំទ្រ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ ហើយ​រាល់​ការវាយប្រហារ​បន្ថែមទៀត ត្រូវតែ​ទប់ស្កាត់​ឲ្យ​បាន​»​។ 

​អ្នកនាំពាក្យ​រូបនេះ បាន​រម្លឹក​ឡើងវិញ​កាលពី​ខែមេសា​ឆ្នាំមុន ដែលមាន​ការប្រើប្រាស់​អា​វុ​ធ​គីមី​ដែរ ហើយ​កាលនោះ លោក​ត្រាំ បាន​បញ្ជា​ឲ្យ​គេ​បាញ់​មី​ស៊ី​ល ៥៩ គ្រាប់ ស្រោច​លើទឹក​ដី​ស៊ី​រី​ដើម្បី​បង្ហាញថា ខ្លួន​មិន​ខ្លាច​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ឡើយ​នៅ​ស៊ី​រី​។​

​ចំ​ណែ​អង់គ្លេស ឯណោះ​វិញ បានទាមទារ​ឲ្យ​មានការ​រៀបចំ​ស៊ើបអង្កេត​អ​ព្យា​ក្រឹត្យ និង​ពេញលេញ​មួយ ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា តើ​វា​ពិតជា​មានការ​ប្រើប្រាស់​អា​វុ​ធ​គីមី ឬ​អត់ ហើយ​អ្នកណា ជា​អ្នកប្រើប្រាស់​នោះ​។ អង់គ្លេស​ព្រមាន​ថា បើសិន​ជាមាន​ភស្តុតាង​ត្រឹមត្រូវ​ពិតប្រាកដ​បង្ហាញថា កងទ័ព​អាសាដ​ជា​អ្នកប្រើប្រាស់ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែខ្លាំង ពី​ភាពព្រៃផ្សៃ​របស់​របប​ដឹកនាំ​នេះ​។

​ខុសពី​អង់គ្លេស ដែល​ត្រឹមតែ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត រដ្ឋាភិបាល​បារាំង​ក្រោម​ការដឹកនាំ​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​សន្យា​បំពេញភារកិច្ច​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​ឧស្ម័ន​គីមី ប្រឆាំង​ជន​ស៊ីវិល នៅ​ភាគ​ខាងកើត​តំបន់ Ghouta ។ តាម​ទីភ្នាក់ងារ AFP រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយថា បារាំង​ព្រមាន​ជាថ្មី​ថា ភស្តុតាង​ដែល​បង្ហាញ​ពី​ការប្រើប្រាស់​អាវុធ​គីមី​ជាថ្មីទៀត​នេះ ជា​បន្ទាត់​ក្រហម​សម្រាប់​បារាំង ក្នុង​ការចូល​អន្តរាគ​មន៍​តាមផ្លូវ​អាកាស​នៅ​ស៊ី​រី​។  ក្រៅពី​ព្រមាន​បែបនេះ ប្រមុខ​ការទូត​បារាំង​ខាងលើ ក៏បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ជជែក​ពិភាក្សា​ពី​វិបត្តិ​មនុស្សជាតិ​ដ៏​ធំ​នេះដែរ​។​

២.​បារាំង និង​អាមេរិក​ព្រមាន​ចាត់វិធានការ​រួមគ្នា​ប្រឆាំង​របប​អាសាដ​?
​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នេះ លោក ត្រាំ និង​លោក ម៉ា​ក្រុង ក៏បាន​ពិគ្រោះ​យោបល់​តាម​ទូរ​សព្ទ​ជាមួយគ្នា​ផងដែរ​។  អ្វីដែល​សំខាន់ មេដឹកនាំ​ទាំងពីរ​រូប បាន​សន្យា​ចាត់វិធានការ​រួមគ្នា ដែល​ធ្ងន់ធ្ងរ​នៅពេល​ខាងមុខ​ដូចគ្នា​។ បើតាម​ការបញ្ជា​ក់រប​ស់​សេត​វិមាន​អាមេរិក លោក ត្រាំ  និង​លោក​ម៉ា​ក្រុង បាន​ថ្កោលទោស​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី និង​ឯកភាពគ្នា​ថា អាសាដ នឹងត្រូវ​ទទួលខុសត្រូវ ចំពោះ​រាល់​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅក្នុង​ប្រទេស​ផងដែរ ហើយ​វា​នឹងមាន​ការសហការ​គ្នា ដើម្បី​កំណត់​វិធានការ​ឆ្លើយតប​ខ្លាំងៗ ចំពោះ​របប​ស៊ី​រី​ផងដែរ​។ ប៉ុន្តែ​គេ​មិនអាច​ដឹង​នៅឡើយ​ទេ ថា​តើ​វិធានការ​ខ្លាំង​នោះ​ជា​អ្វី​ឡើយ និង​ខ្លាំង​កម្រិតណា​ឡើយ​។​

​ដាច់ដោយឡែក​ពី​ការឯកភាព​គ្នា​នេះ លោក ត្រាំ ប្រើប្រាស់​គណនី Twitter របស់ខ្លួន ដើម្បី​ថ្កោលទោស​របប​អាសាដ និង​ទិតៀន​សម្ព័ន្ធមិត្ត​ស៊ី​រី អ៊ីរ៉ង់ និង​រុស្ស៊ី​ថែម​ទៀតផង​។ ប្រធានាធិបតី​អាមេរិក ដែល​សន្យា​បញ្ចប់​នយោបាយ​អន្តរាគ​មន៍​នៅ​បរទេស និង​កសាង​រដ្ឋ​នោះ បានចាត់ទុក​មេដឹកនាំ​ស៊ី​រី ជា​សត្វ​តិរច្ឆាន ដែល​បន្ត​សម្លាប់​ប្រជាជន​ខ្លួន​។ លោក​ក៏បាន​ព្រមាន​រុស្ស៊ី និង​អ៊ីរ៉ង់​ផងដែរ ចំពោះ​ការបន្ត​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​បច្ចុប្បន្ន ហើយ​ប្រទេស​ទាំងពីរ​នឹងត្រូវ​ទទួលផល​ដែល​ខ្លួន​បានធ្វើ​។​

​មិន​ត្រឹមតែ​ទិតៀន​អាសាដ រុស្ស៊ី និង​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ លោក ត្រាំ បាន​ឆ្លៀតឱកាស​វាយប្រហារ និង​បន្ទោ​សលោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​សម្រេច​មិន​អន្តរាគមន៍ ដោយ​ប្រើប្រាស់​កម្លាំងយោធា​នៅ​ស៊ី​រី​កាលពី​ឆ្នាំ ២០១២​ដែរ​។ លោក ត្រាំ បានផ្តល់​យោបល់​ថា បើសិនជា​អូ​បា​ម៉ា ទម្លាក់​អាសាដ ពី​ពេលនោះ ម្ល៉េះ​អាសាដ នៅត្រឹមតែ​ជា​អតីតកាល​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ ការប្រើប្រាស់​អាវុធ​គីមី កើតឡើង​នៅ​ស៊ី ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេលដែល ត្រាំ ប្រកាស​ដក​កងទ័ព​អាមេរិក​ចេញពី​ស៊ី​រី​ឆាប់ៗ និង​ទុក​ឲ្យ​ប្រទេស​ផ្សេងទៀត ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​។  លោក ត្រាំ អះអាងថា វា​ដល់​ពេលដែល​អាមេរិក​ចាក​ចេញពី​ស៊ី​រី​ហើយ ព្រោះ​គោលដៅ​ចម្បង​របស់​អាមេរិក គឺ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ក្នុងករណី​ដែលមាន​ការប្រើប្រាស់​អាវុធ​គីមី​ជាថ្មី​បែបនេះ រដ្ឋបាល​អាមេរិក អាច​នឹង​ប្តូរ​សេចក្តីសម្រេច​របស់​ខ្លួន​ផង​។​

៣. រុស្ស៊ី​បដិសេធ​ការចោទប្រកាន់ និង​ព្រមាន​រាល់​បំណង​ប្រើ​អន្តរាគមន៍​យោធា 
​ដូច​រាល់ដង​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុស្ស៊ី តែងតែ​ទាត់ចោល​ការចោទប្រកាន់​ខ្លួន រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី SANA រដ្ឋាភិបាល​ស៊ី​រី បាន​ប្រតិកម្ម​តប​នឹង​ការចោទប្រកាន់ របស់​បណ្តា​ប្រទេស​លោកខាងលិច ហើយ​សង្កត់ធ្ងន់ថា រាល់​ការចោទប្រកាន់​ខ្លួន ជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​សោះឡើយ​។ រដ្ឋាភិបាល​នេះ កត់សម្គាល់​ផងដែរ​ថា មានតែ​លោកខាងលិច​មួយចំនួន​ប៉ុណ្ណោះ ដែល​ជឿ​រឿងនេះ ហើយ​ពួកគេ​សុទ្ធតែ​គាំទ្រ ក្រុម   ភេរវជន​ស៊ី​រី​។ មួយទៀត ឲ្យ​តែ​ទាហាន​ស៊ី​រី​ប្រយុទ្ធ និង​មានប្រៀប​នៅ​សមរភូមិ​ណាមួយ​ប្រឆាំង​ភេរវជន គេ​ឃើញ​មានការ​ចោទប្រកាន់ រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះ​រហូត​។

​តាមពិតទៅ ឌូ​ម៉ា ជា​ក្រុង​ចុងក្រោយ ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង Ghouta ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ឧទ្ទាម ប្រឆាំង​រដ្ឋាភិបាល​។ រដ្ឋាភិបាល​អាសាដ ចំណាយ​ជាង​ប្រាំពីរ    សប្តាហ៍ ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​នេះដែរ​។​

​ដោយឡែក​ខ្នងបង្អែក​ដ៏​ធំ​របស់​រដ្ឋាភិបាល​ស៊ី​រី គឺ​រុស្ស៊ី​វិញ បាន​ព្រមាន​អាមេរិក​ជាមុន​ហើយ បើសិន​មហាអំណាច​នេះ ចង់​ប្រើប្រាស់​អន្តរាគមន៍​យោធា ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​អាសាដ​។  រុស្ស៊ី បានចាត់ទុក​ការចោទប្រកាន់​នេះ ជា​រឿង​ដែល​គេ​ព្យាយាម​បង្កើតឡើង ដើម្បី​បានជា​លេស​ប៉ុណ្ណោះ​។​

«​យើង​ត្រូវតែ​ព្រមាន​ជាថ្មី​ម្តង​ទៀតថា ការប្រើប្រាស់​អន្តរាគមន៍​យោធា ដោយ​ប្រើប្រាស់​លេស​បង្កើតឡើង​ថ្មី​នេះ​នៅ​ស៊ី​រី ដែល​វា​ជា​កន្លែង​ដែល​ទាហាន​រុស្ស៊ី ចូលមក​អន្តរាគមន៍ តាម​ការស្នើសុំ​ពី​រដ្ឋាភិបាល​ស្របច្បាប់​នោះ ជា​រឿង​មិនអាច​ទទួលយកបាន និង​អាចមាន​លទ្ធផល​អាក្រក់​មិន​ខាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​រុស្ស៊ី​។​

​តាមពិតទៅ រឿង​អាវុធ​គីមី នៅតែ​ជា​រឿងចម្រូងចម្រាស ហើយ​ភាគី​ទាំងអស់ តែង​ចង្អុល​ដាក់គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​អ្វីដែល​សំខាន់ វា​ហាក់ដូចជា​មិន​ទំនង​សោះ ដែល​របប​ដឹកនាំ​ស៊ី​រី​ត្រូវ​ប្រើប្រាស់​អាវុធ​គីមី ខណៈដែល​ខ្លួន​មានប្រៀប ក្នុង​សង្គ្រាម​ហើយ​នោះ​។ ម្យ៉ាងទៀត ក្រុម​ឧទ្ទាម ដែល​កាន់កាប់​ក្រុង​ឌូ​ម៉ា​នោះ ក៏បាន​ឯកភាព​ជាមួយ​រុស្ស៊ី និង​រដ្ឋាភិបាល​ស៊ី​រី ដោយ​សន្យា​ដកខ្លួន​ចេញពី​ទីតាំង​នេះ និង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី កាន់កាប់​វិញ​ដែរ​៕



Tag:
 បារាំង​
  អាមេរិក​
  ស៊ី​រី​
 Douma
  អាវុធ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com