ជាតិ
សេដ្ឋកិច្ច
មូលនិធិ​សកល​ផ្តល់ជំនួយ​ជាង​៥៥​លាន​ដុល្លារ ឲ្យ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​របេង​
10, Apr 2018 , 7:59 am        
រូបភាព
រូបពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រូបពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
​ភ្នំពេញ​៖ កម្ពុជា ទទួលបាន​ជំនួយឥតសំណង​ប្រមាណ​៥៥​លាន​ដុល្លារ ពី​មូលនិធិ​សកល​។ ការបញ្ជាក់​ពី​ការទទួលបាន​ជំនួយ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​«​កម្មវិធី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​របេង​នៅ​កម្ពុជា​» នៅ​ថ្ងៃទី​៩ ខែមេសា​នេះ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។



​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ន​មុនិ​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅ​ចំពោះមុខ លោក ម៉ាក អេ​ឌី​ង​តុ​ន (Mark Edington) នាយក​ផ្នែក​គ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នៃ​មូលនិធិ​សកល​ដូច្នេះ​ថា​៖«​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មីៗ​ប្រមាណ ៥៥.៤​លាន​ដុល្លារ​នេះ គឺជា​ជំ​ហ៊ាន​ដ៏​ធំ​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​និង​ពិភពលោក​ទាំងមូល​»​។​

​មូលនិធិ​សកល គឺជា​ដៃគូ​ដ៏​សំខាន់បំផុត​របស់​យើង ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ដែល​បាន​ចូលរួមចំណែក ដ៏​ច្រើន​ដល់​កម្ពុជា ដើម្បី សម្រេចបាន​បាន​នូវ​សមិទ្ធផល​ជាទី​មោទន ក្នុងការ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ ពី​ជំងឺ​ទាំងនេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អូន ព័ន្ន​មុនិ​រ័ត្ន ដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ជំនួយឥតសំណង​នេះ ថវិកា​ចំនួន​៤១​លាន​ដុល្លារ សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​ថវិកា​ប្រមាណ​១៣​លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​ការងារ​ប្រយុទ្ធ​នឹង​ជំងឺរបេង​។ សម្រាប់​លោក រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថវិកា​ជំនួយ​នេះ នឹង​ជួយ​ឲ្យ​កម្ពុជា​សម្រេចបាន​នូ​វឌ្ឍនភាព​ថ្មីៗ​ទៀត សម្រាប់​រយៈពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០​។

​តាម​លោក អូន ព័ន្ន​មុនិ​រ័ត្ន នេះ​គឺជា​គម្រោង​ទី​១​ហើយ ដែល​មូលនិធិ​សកល​បាន​ឯកភាព​ទទួលយក​ប្រព័ន្ធ​ប្រទេស​(Country System) សម្រាប់​គម្រោង​។ ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រទេស​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​អនុវត្ត​គម្រោង និង​ពង្រឹងសមត្ថភាព​ទទួល​ខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន អនុវត្ត​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​សក្ខីភាព​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​ជាង​មុន​របស់​មូលនិធិ​សកល ចំពោះ​សមត្ថភាព និង​ភាពជា​ម្ចាស់​របស់​កម្ពុជា លើ​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍ​ថែមទៀត​៕



Tag:
 អេដស៍​
 ​របេង​
 ​ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com