ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប​. ថ្លែងថា មិនមែន​ទាល់​តែមាន​បក្សប្រឆាំង ទើប​ការបោះឆ្នោត មាន​ភាពស្របច្បាប់​នោះទេ​
10, Apr 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក ដោយ​មិន​ខ្វល់​ថា មាន​គណបក្សប្រឆាំង ឬ​គ្មាន​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​. )​។



​គ​.​ជ​.​ប​. បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២0១៨​នេះ ដោយ​ពន្យល់ថា ទោះ​គ្មាន​គណបក្សប្រឆាំង ឬ​គណបក្ស​ណាមួយ​ចូលរួម​ក៏ដោយ ក៏​ការបោះឆ្នោត​នៅ​កម្ពុជា នៅតែមាន​ភាពស្របច្បាប់ និង​មាន​លក្ខណៈ​សេរី ដដែល​។ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ បាន​លើកយក​ច្បាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត មក​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​មាត្រា​ណាមួយ ចែងថា លុះត្រា​តែមាន​គណបក្សប្រឆាំង ចូលរួម​ក្នុងការ​បោះឆ្នោត ទើប​ចាត់ទុកថា​ការបោះឆ្នោត មាន​លក្ខណ​ស្របច្បាប់​នោះទេ​»​។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គ​.​ជ​.​ប​. បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។ គ​.​ជ​.​ប​. លើកឡើងថា​៖«​ការបោះឆ្នោត​នេះ ជា​ឱកាស​តែមួយគត់ នៅ​រៀងរាល់​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​របស់​យើង និង​ជា​ប្រយោជន៍​សម្រាប់​អនាគត​យើង​ផ្ទាល់​»​។

​បន្ទាប់មក គ​.​ជ​.​ប​. ក៏បាន​លើកយក​វិធានការ​ផ្លូវច្បាប់ មក​ព្រមាន​ក្រុម​ណា ដែល​ធ្វើ​សកម្មភាព ដែល​រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ឬក៏​បង្ក​ការរំខាន​ដល់​ការបោះឆ្នោត​។ គ​.​ជ​.​ប​. អះអាងថា ជន​ណា ឬ​ស្ថាប័ន​ណា ហ៊ាន​ប្រព្រឹត្ត​នូវ​ទង្វើ​បែបនេះ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ​២0​លាន​រៀល ដោយ​មិនទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។

​មួយរយៈ​ចុងក្រោយ​នេះ ជាពិសេស​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ ត្រូវបាន​រំលាយចោល ហើយ​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន សហគមន៍​អន្តរជាតិ​មួយចំនួន ហាក់​អស់ជំនឿ​លើគ​.​ជ​.​ប​. ក្នុងការ​បំពេញ​កិច្ចការ​បោះឆ្នោត​។ ចំណែក ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ដែល​គាំទ្រ និង​មាន​សមានចិត្ត​ចំពោះ​គណបក្សប្រឆាំង ក៏​មិនសូវ​រីករាយ​ប៉ុន្មាន​ដែល ដែល​គណបក្ស​របស់​ពួកគេ នៅតែ​មិនទាន់​អាច​រស់​ឡើងវិញ ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។

​សហគមន៍​អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម ចាត់​ទុ​ការបោះឆ្នោត ដែល​គ្មាន​វត្តមាន​គណបក្សប្រឆាំង ថា​មិន​ស្របច្បាប់ និង​មិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ​។ ពួកគេ នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​នោះទេ​៕


Tag:
 បោះឆ្នោត​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com