សម្ដេច ហ៊ុន សែន​៖ ក្រុម​ក្បត់​គ្រោង​បំផ្ទុះ​នៅ​សៀមរាប និង​ភ្នំពេញ តែ​រដ្ឋាភិបាល​ទប់ស្កាត់​បាន​

ជាតិ
សម្ដេច ហ៊ុន សែន​៖ ក្រុម​ក្បត់​គ្រោង​បំផ្ទុះ​នៅ​សៀមរាប និង​ភ្នំពេញ តែ​រដ្ឋាភិបាល​ទប់ស្កាត់​បាន​
10, Apr 2018 , 10:29 am         38999
រូបភាព
លោក សម សេរី ប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ
លោក សម សេរី ប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ
​ភ្នំពេញ​៖ រដ្ឋាភិបាល ប្រកាស​ជោគជ័យ​ពី​ការទប់ស្កាត់​ផែនការ​របស់​ក្រុម​លោក សម សេរី ដែល​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់ នៅក្នុង​រាជធានី​ភ្នំពេញ និង​សៀមរាប​។ លោក សម សេរី គឺជា​ប្រធាន​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​រដ្ឋាភិបាល​ចាត់ទុកជា​ក្រុម​ក្បត់ជាតិ​។​



​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ថ្ងៃទី​១០ មេសា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ក្រុម​លោក សម សេរី នេះ​បានរៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់ នៅ​តំបន់​វត្តភ្នំ និង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១២ មេសា​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​រដ្ឋាភិបាល​ដឹង​មុន ហើយ​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ស្ថានការណ៍​ហើយ​។​

«​នៅ​អឺរ៉ុប ប៉ុន្មាន​កន្លែង​ហើយ​ប្រើ​ឡាន​ដេញ​បុក​មនុស្ស​តែម្ដង ពួក​ភេរវកម្ម​គេ​មិន​ប្រើ​គ្រាប់បែក​តទៅទៀត​ទេ​។ ឯ​យើង​មិនទាន់មាន​អ្វី​កើតឡើង​ទេ ប៉ុន្តែ​យើង​ត្រូវខិតខំ​ប្រឹងប្រែងទប់ស្កាត់ ។ យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ទៅ​ឲ្យ​អភិបាលក្រុង​ក៏បាន​ដឹង​ហើយ​។ ខ្ញុំ​សូម​ប្រកាស​ផែនការ​លោក​ឯង ទាក់ទង​បញ្ហា​នៅ​ថ្ងៃ ១២ មេសា នៅ​វត្តភ្នំ​នោះ អ្នកឯង​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ខ្ញុំ​គ្រប់គ្រង​សភាពការណ៍​បាន​មុន​ហើយ​។ អាហ្នឹង គឺ​មេ​ក្បត់ជាតិ​ឈ្មោះ សម សេរី កំពុង​បញ្ជា​ឲ្យ​បង្ក​សកម្មភាព​ផ្ទុះ​។ ខ្ញុំ​បាន​បញ្ជូនទៅ​ផ្នែក​ពាក់ព័ន្ធ​ហើយ …​ប៉ុន្តែ​ផែនការ​របស់​អ្នកឯង ខ្ញុំ​ចាប់បាន​មុន​ទៅហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ​។​

​គួរ​បញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ កាលពី​ឆ្នាំ​២០១២ ។ លោក សម សេរី ធ្លាប់​បញ្ជាក់ថា ការបង្កើត​ចលនា​នេះ​ឡើង ដើម្បី​តស៊ូ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​អាណានិគម​បែប​ថ្មី​របស់​វៀតណាម​ ​និង​របប​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែ​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា ចាត់ទុកជា​ចលនា​ក្បត់ជាតិ​។ រដ្ឋាភិបាល ក៏បាន​ចាប់ខ្លួន​សមាជិក​ចលនា​រណ​សិ​រ្យ​នេះ​ប្រមាណ​១០​នាក់ កាលពី​ថ្ងៃ​២៣ តុលា ឆ្នាំ​២០១៤ នៅ​គ្រា​ដែល​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដោយ​ដុត​ទង់ជាតិ​វៀតណាម​៕


Tag:
 ហ៊ុន សែន​
  ចូលឆ្នាំ
  សម សេរី
© រក្សាសិទ្ធិដោយ thmeythmey.com