ជាតិ
អ្នកនាំពាក្យ​សាធារណការ បកស្រាយ​ពី​បង្គោល​ភ្លើង​ដែល​នៅ​ចំ​កណ្តាលផ្លូវ​១០១៩
10, Apr 2018 , 2:28 pm        
រូបភាព
ដោយ:
​បង្គោល​ភ្លើង​មួយ​ជួរ បាន​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ​លេខ​១០១៩ (​នៅមុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​សាកលវិទ្យាល័យ​កម្ពុជា​) ដែល​ទើបនឹង​ពង្រីក​ក្នុងពេល​ថ្មីៗ​នេះ​។ ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ថត​និង​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​លើផ្លូវ ដោយ​អម​ជាមួយនឹង​សារ​រិះគន់​។ អ្នកខ្លះ បាន​ហៅថា​ផ្លូវ​មរណៈ បន្ទាប់ពី​មាន​អ្នក ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ជិះ​បុក​បង្គោល​ភ្លើង នៅលើ​បណ្តោយ​ផ្លូវ​នោះ​។​


 
​លោក វ៉ា​ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ បាន​អះអាងថា បង្គោល​ភ្លើង​ទាំងនោះ មាន​តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ មិនមែន​ធ្វើ​ផ្លូវ​រួចហើយ បានដាក់​បង្គោល​តាមក្រោយ​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា មុនដំបូង បង្គោល​ភ្លើង គឺ​ស្ថិតនៅ​ខាង​កៀន​ផ្លូវ ប៉ុន្តែ ដោយសារតែ​ផ្លូវ ត្រូវបាន​ពង្រីក​បន្ថែម ហេតុដូច្នេះ បង្គោល​ភ្លើង ក៏​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ​វិញ​។​
 
​អ្នកនាំពាក្យ​រូបនេះ លើកឡើងថា អាជ្ញាធរ ជាពិសេស​ខាង​អគ្គិសនី កំពុងតែ​គិតគូរ និង​រក​ដំណោះស្រាយ​ហើយ ចំពោះ​បង្គោល​ភ្លើង​ទាំងនោះ​។ ប៉ុន្តែ លោក បញ្ជាក់ថា អាជ្ញាធរ ក៏​ត្រូវការ​ពេលវេលា​ដែរ ដោយ​មិន​អាចធ្វើ​ភ្លាមៗ​នោះទេ​។

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​រូបនេះ ព្យាយាម​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​អត់​ទុក [​បង្គោល​ភ្លើង​] នោះទេ​។ ដឹង​តែ​ដកចេញ​ហើយ​។ ប៉ុន្តែ យើង ត្រូវការ​ពេលវេលា​។ បើ​ដក​ភ្លាមៗ នឹង​ដាច់​ភ្លើង ហើយនឹង​ប៉ះពាល់​ប្រជាពលរដ្ឋ​។ ការងារ មាន​លឿន មាន​យឺត​។ យើង ត្រូវ​ធ្វើតាម​ដំណាក់កាល​»៕








Tag:
 ផ្លូវ​
  បង្គោល​ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com