អន្តរជាតិ
ក្រោយ​ស្ងាត់​មិន​និយាយ​អ្វី​សោះ កូរ៉េខាងជើង​ចាប់ផ្ដើម​ពិភាក្សា​ពី​ជំនួប​ជាមួយ​អាមេរិក​
10, Apr 2018 , 7:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ជជែក​ពី​គម្រោង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង និង​ប្រធានាធិបតី​អាមេរិក​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​ពលករ​កូរ៉េខាងជើង​។ នេះ​ជា​លើកដំបូង​ដែល​មេដឹកនាំ​កូរ៉េខាងជើង​បានលើកឡើង​ពី​គម្រោង​នៃ​ការជួប​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​។ លោក គីម ជុង​អ៊ុន បាន​រាយការណ៍​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ​ដែលមាន​ការវិវត្ត​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ ខណៈ​លោក ដូ​ណា​ល់ ត្រាំ រំពឹងថា ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​នឹង​ខុសពី​ឆ្នាំមុនៗ​។​



​បន្ទាប់ពី​ស្ងាត់​មិន​និយាយ​អ្វី​ជា​យូរ​មក កូរ៉េខាងជើង​បាន​និយាយ​ជា​លើកដំបូង​ពាក់ព័ន្ធ​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​អាមេរិក​។ ប្រជុំ​ការិយាល័យ​នយោបាយ​របស់​បក្ស​ពលករ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៩ ខែមេសា បាន​ពិភាក្សា​ពី​ដំណើរការ​ទៅមុខ​នៃ​ទំនាក់ទំនង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក៏ដូចជា​លទ្ធភាព​នៃ​ការជួបគ្នា​រវាង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ដំណាច់​ខែឧសភា​ខាងមុខ​។  

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក គីម ជុង​អ៊ុន បាន​រាយការណ៍​ស៊ីជម្រៅ​ពី​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ និង​ជំនួប​រវាង​លោក និង​លោក ត្រាំ ។ មេដឹកនាំ​កូរ៉េខាងជើង​ក៏​និយាយ​យ៉ាង​លម្អិត​ពី​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​ផង​។ បើតាម KCNA ក្នុង​កិច្ចប្រជុំ​លើក​នេះ លោក គីម បាន​ដាក់ចេញ​នយោបាយ​ការបរទេស​ថ្មី​របស់​បក្ស​ពលករ និង​ការដោះស្រាយ​ដែល​កើតឡើង​។​

​តាមរយៈ​ស្ថាន​ការធូរស្រាល​នៅ​ឧបទ្វីប​កូរ៉េ មេដឹកនាំ​កូរ៉េខាងជើង​បាន​យល់ព្រម​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង និង​អាមេរិក​ជា​បន្តបន្ទាប់​។ លោក គីម នឹង​ជួប​ជាមួយ​លោក មូ​ន នៅ​ថ្ងៃទី​២៧ ខែមេសា នៅ​អាគារ​សន្តិភាព ភាគខាងត្បូង​ខ្សែ​ព្រំដែន​។ ចំណែកឯ​ជំនួប​ជាមួយ​លោក ត្រាំ ស្ថិតនៅ​ដំណាក់កាល​ចរចា​នៅឡើយ ស្រប​ពេលដែល​ទីតាំង និង​ពេលវេលា​ជាក់លាក់​នៅ​មិនទាន់​កំណត់​នៅឡើយ​។ មន្ត្រី​ប្រទេស​ទាំង​ពីរបាន​ជួបគ្នា​ជាច្រើនលើក​ដើម្បី​រៀបចំ​ជំនួប​នេះ​។​

​ការលើក​ឡើងជា​លើកទីមួយ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ជុំវិញ​ជំនួប​ជាមួយ​លោក ត្រាំ កាន់តែ​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ជំនួប​នេះ​លេចឡើង​កាន់តែច្បាស់​ខ្លាំង​។ ភាពស្ងប់ស្ងាត់​កន្លងមក ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា កូរ៉េខាងជើង​មាន​ជំហរ​មិនទាន់​ច្បាស់លាស់​លើ​ជំនួប​នេះ ឬ​មិន​ចង់​ចរចា​ជាមួយ​អាមេរិក​តែម្ដង ទើប​មិនទាន់​និយាយ​អ្វី​សោះ ហើយ​នេះ​ខុសពី​អាមេរិក​ដែល​ប្រឹងប្រែង​រៀបចំខ្លួន​ជាស្រេច​សម្រាប់​ការជួបគ្នា​លើកដំបូង​។​

​ជំនួប​លើកដំបូង​រវាង​លោក ត្រាំ និង​លោក គីម នឹង​ផ្ដោត​សំខាន់​លើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ​។ ជា​រឿង​មិន​ធ្លាប់មាន កូរ៉េខាងជើង​បានប្រកាស​ជា​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​មាន​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន និង​ថា នេះ​ជា​ជំហរ​ឥត​ប្រែប្រួល​របស់ខ្លួន​ទៀតផង​។ ជំហរ​របស់​កូរ៉េខាងជើង គឺជា​អ្វីដែល​អាមេរិក​ចង់បាន​ជាច្រើន​ឆ្នាំ​មកនេះ ប៉ុន្តែ​ការចរចា​លើកដំបូង​នេះ​មិន​ប្រាកដថា ទទួលបាន​លទ្ធផល​តា​ម​ការចង់​បានឡើយ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com