អន្តរជាតិ
ទូត​អាមេរិក​៖ អាមេរិក​នឹង​ចាត់វិធានការ​ឆ្លើយតប​នឹង​ការប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី ទោះ​មាន​ឬ​គ្មាន UN
10, Apr 2018 , 8:19 pm        
រូបភាព
​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley ថ្ងៃ​ចន្ទ ទី​៩ មេសា បាន​ថ្កោលទោស​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុស្ស៊ី និង​អ៊ីរ៉ង់​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា (Douma)​។ លោកស្រី​ព្រមាន​ផងដែរ ទោះ​មាន​ឬ​គ្មាន​អង្គការសហប្រជាជាតិ​ក៏ដោយ អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំង​អំពើ​ព្រៃផ្សៃ​នេះ​ដោយ​ឯកតោភាគី​។ លោក ដូ​ណា​ល់ ត្រាំ​ឯណោះ​វិញ​ក៏បាន​ប្រកាស​ដែរ​ថា លោក​នឹង​សម្រេចចិត្តថា​គួរប្រើ​ប្រាស់​វិធានការ​បែបណា​ប្រឆាំង​របប​ដឹកនាំ​ស៊ី​រី​ក្នុង​រយៈពេល ២៤​ទៅ​៤៨​ម៉ោង​ទៀត​។​



​ព័ត៌មាន​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​ជាថ្មី​នៅ​ស៊ី​រី ដាស់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ជួបប្រជុំគ្នា​ជាថ្មី​នៅ​ថ្ងៃ​ចន្ទ​ទី ៩​មេសា ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​។ ប៉ុន្តែ​វេទិកា​នេះ​ច្រើនតែ​ក្លាយជា​កន្លែង​ដៀល​គ្នា​រវាង​មហាអំណាច​ច្រើនជាង​រក​ដំណោះស្រាយ​ពិតប្រាកដ​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ Nikki Haley បាន​ឆ្លៀតឱកាស​វាយប្រហារ​រប​ប​ដឹកនាំ​ស៊ី​រី រុស្ស៊ី និង​អ៊ីរ៉ង់​មិន​សំចៃមាត់​។ មន្ត្រី​ទូត​រូបនេះ​ចោទប្រកាន់ និង​ចាត់ទុក​របប​ដឹកនាំ​ស៊ី​រី​ជា​បី​សាច​ដែល​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​គ្មាន​អាវុធ​ផង​។​

 បន្ថែម​ពីលើ​ការរិះគន់ តំណាង​អាមេរិក​រូបនេះ​បានប្រកាស​ប្រាប់​អង្គប្រជុំ​ទាំងមូល​ថា អាមេរិក​ចង់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ទទួលយក​សេចក្តីព្រាង​ដំណោះស្រាយ​របស់ខ្លួន​ដែល​វា​មាន​គោលដៅ​បង្កើត​ការស៊ើបអង្កេត​មួយ​ដើម្បី​ស្វែងរក​ឲ្យ​ឃើញថា អ្នកណា​ប្រើប្រាស់​អាវុធ​នេះ​។ 

​តែ​លោកស្រី Haley ក៏​ស​ង្កេ​ត់​ធ្ងន់​ផងដែរ​ថា អាមេរិក​មិន​រារែក​នឹង​ឆ្លើយតប​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​នេះឡើយ ហើយ​អាមេរិក​ក៏​មិន​ខ្វល់​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​យល់ស្រប​ឬ​អត់​ឡើយ​ចំពោះ​ចំណាត់​ការខ្លួន​។ ការបរាជ័យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​អាវុធ​គីមី ប្រៀប​បីដូច​ជា​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​អាវុធ​ហាមឃាត់​នេះ​បន្តទៀត​ដែរ​។​

«​ប្រវត្តិសាស្ត្រ​នឹង​កត់​ចំណាត់​បញ្ហា​នេះ នៅពេលដែល​ក្រុមប្រឹក្សា​ស​និ្ត​សុខ​មិន​អនុវត្ត​តួនាទី​របស់ខ្លួន និង​បង្ហាញ​ឲ្យ​ឃើញថា ខ្លួន​មិនមាន​លទ្ធភាព​ក្នុងការ​ការពារ​ជន​ស៊ីវិល​នៅ​ស៊ី​រី​នោះ​។ ទោះយ៉ាងណា​ក៏ដោយ អាមេរិក​នឹង​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​។ យើង​ដល់​ដំណាក់កាល​មួយ​ដែល​ពិភពលោក​អាច​មើលឃើញ​ពី​វី​ធី​នៃ​ការសម្រេច​ឲ្យ​បាន​នូវ​យុត្តិធម៌​»​។ លោកស្រី Haley ប្រកាស​បែបនេះ​។

​ដោយឡែក ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ​ក៏បាន​ប្រជុំ​គណៈរដ្ឋមន្ត្រី និង​ថ្កោលទោស​រដ្ឋាភិបាល​ស៊ី​រី​រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះដែរ​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃ ចន្ទ​ទី ៩ មេសា​នោះ លោក ត្រាំ បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​សម្រេចចិត្ត​លើ​វិធានការ​តឹងរ៉ឹង​ដើម្បី​តបត​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នេះ​ក្នុង​រយៈពេល ២៤  ឬ​៤៨ ម៉ោង​ទៀត​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា អាមេរិក​នឹង​ប្រើប្រាស់​វិធានការ​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ តែ​គេ​រំពឹងថា លោក​នឹង​ប្រើប្រាស់​ការ​ផ្លោង​មី​ស៊ី​ល​ដូច​កាលពី​ឆ្នាំមុន​ដូច្នេះ​ដែរ​ដើម្បី​គំរាម​របប​ដឹកនាំ​អាសាដ​ជាថ្មីទៀត​៕
 


Tag:
 Nikki Haly
  អាមេរិក​
  ស៊ី​រី​
  អាវុធ​គីមី​
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com