អន្តរជាតិ
លោក ស៊ី ជិន​ភីង សន្យា​ចិន​នឹង​កាត់​បន្ថយពន្ធ​យានយន្ត និង​បង្កើន​ការនាំ​ចូល
11, Apr 2018 , 9:19 am        
រូបភាព
លោក ស៊ី ជិនភីង ថ្លែងក្នុងវេទិកា Boao នៅកោះហៃណាន (រូបភាព AFP)
លោក ស៊ី ជិនភីង ថ្លែងក្នុងវេទិកា Boao នៅកោះហៃណាន (រូបភាព AFP)
​នៅ​ថ្ងៃទី​១០ ខែមេសា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សន្យា​កាត់​បន្ថយពន្ធ​នាំចូល​លើ​យានយន្ត និង​បង្កើន​បរិមាណ​ទំនិញ​នាំចូល​ទីផ្សារ​ចិន ហើយនឹង​បើកចំហ​ទីផ្សារ​កាន់តែ​ធំ​ថែមទៀត​។​ការប្រកាស​របស់លោក ស៊ី ជិន​ភីង បាន​ដើរ​ផ្ទុយស្រឡះ​ពី​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ប្រឹង​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​ជាច្រើន​មុខ​។ ប៉ុន្តែ​នេះ​ក៏​ជាការ​ឆ្លើយតប​ដោយ​ប្រយោល​នឹង​ការតវ៉ា​របស់​អាមេរិក​ដែល​ចង់​ចូល​ទីផ្សារ​ចិន​កាន់តែ​ស្រួល​ដែរ​។​



​នៅ​ឆ្នាំនេះ ចិន​នឹង​កាត់បន្ថយ​ពន្ធ​នាំចូល​យានយន្ត និង​ផលិតផល​ផ្សេងទៀត​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​វេទិកា Boao ស្ដីពី​អាស៊ី​នៅ​កោះ​ហៃ​ណាន នៅ​ថ្ងៃទី​១០ ខែមេសា​។ ការប្រកាស​បែបនេះ ហាក់ដូចជា​ការឆ្លើយតប​ទៅនឹង​សារ​តាម​បណ្ដាញ​សង្គម Twitter របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​អះអាងថា ចិន​នឹង​កាត់បន្ថយ​របាំង​សេដ្ឋកិច្ច​របស់ខ្លួន​។​

​ជាមួយនឹង​ការសន្យា​ពី​ការបើកចំហ​ដំណាក់កាល​ទី​ពីរ លោក ស៊ី ជិន​ភីង បាន​ប្រាប់​អ្នកចូលរួម​ថា ប៉េកាំង​មិន​ចង់​មាន​ពាណិជ្ជកម្ម​លើស​ឡើយ ហើយនឹង​បង្កើន​ការនាំ​ចូល​ឲ្យ​បាន​ច្រើន​។ ចាប់ពីពេលនេះ ចិន​នឹង​ចាត់វិធានការ​ដើម្បី​ធ្វើ​សេរីភាវូបនីយកម្ម​ការ​វិនិយោគ​យានយន្ត​តាមរយៈ​ការកាត់បន្ថយ​ពន្ធ​នាំចូល​យានយន្ត​នៅ​ឆ្នាំនេះ និង​ការការពារ​កម្មសិទ្ធិបញ្ញា​។ ចំណាត់ការ​ទាំងនេះ​សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ទាមទារ​របស់​ក្រុង​វ៉ាស៊ីនតោន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​សូមបញ្ជាក់ថា កន្លងមក​ចិន​បាន​រឹតត្បិត​ជនបរទេស​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​ក្នុង​វិស័យ​យានយន្ត ហើយ​ការណ៍​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ត្រូវ​ចូល​ហ៊ុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ដៃគូ​រកស៊ី​ទៀត​។ លោក ត្រាំ បាន​ចោទ​ចិន​ថា បាន​លួច​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក​តាម​វី​ធី​សាស្ត្រ​នេះ​។ យ៉ាងណាមិញ លោក ស៊ី បានប្រកាស​ហើយ​ថា ចិន​នឹង​ទម្លាក់​ការ​រឹតត្បិត​កម្មសិទ្ធិ​លើ​ជនបរទេស​ឲ្យ​បាន​ឆាប់​។​

​ជុំវិញ​ការនាំ​ចូល មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​នេះ​នឹង​ប្រឹងប្រែង​បង្កើន​ការនាំ​ចូល​ផលិតផល​ដែលមាន​ការប្រកួតប្រជែង និង​តាម​ការ​ត្រូវការ​របស់​ប្រជាជន​ចិន​។ ចំពោះមុខ​អ្នកជំនួញ​ធំៗ និង​មេដឹកនាំ​អន្តរជាតិ​ជាច្រើន លោក ស៊ី និយាយថា ចិន​មិន​ត្រូវការ​តុល្យភាព​ពាណិជ្ជកម្ម​លើស​ឡើយ ប៉ុន្តែ​ចិន​មានបំណង​ស្មោះត្រង់​ដើម្បី​បង្កើន​បរិមាណ​ទំនិញ​នាំចូល និង​សម្រេច​ឲ្យ​បាន​តុល្យភាព​នៃ​ការទូទាត់​អន្តរជាតិ​។​

​ទន្ទឹមនឹង​ការសន្យា​បន្ទាប​ពន្ធ និង​បង្កើន​ការនាំ​ចូល​នោះ លោក​ប្រធានាធិបតី ស៊ី ក៏បាន​ឆ្លៀត​ដៀមដាម​ឲ្យ​អាមេរិក​រឿង​យកពន្ធ​ច្រើនៗ និង​ការ​រឹតត្បិត​ធ្វើ​ពាណិជ្ជកម្ម​។ លោក ស៊ី បានស្នើ​ឲ្យ​ប្រទេស​អភិវឌ្ឍ​ទាំងអស់​បញ្ឈប់​ការ​រឹតត្បិត​លើ​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ និង​ទម្លាក់​ការគ្រប់គ្រង​ការនាំចេញ​ផលិតផល​បែបនេះ​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​ចិន​៕    


Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com