កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ ១/៤៖ Liverpool ទម្លាក់ Man City ខណៈ Roma ផ្តល់​មេរៀន​ឈឺចាប់​ឲ្យ Barca
11, Apr 2018 , 10:36 am        
រូបភាព
Liverpool និង AS Roma បាន​ចាប់ដៃគ្នា​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League ក្រោយ​យកឈ្នះ​គូប្រជែង​ដែល​សុទ្ធសឹងតែ​កំពុង​នាំមុខ​ពិន្ទុ​ក្នុង​លី​ក​ដាច់​គេ​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី ១០ ខែមេសា​។​



​ហង្ស​ក្រហម​នៅតែ​អាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Manchester City ក្នុង​លទ្ធផល ២-១ បន្ថែមទៀត​ក្នុង​ជើង​ទី​២​នេះ បើទោះបី​ជើង​ទី​១ ពួកគេ​បាន់​លត់​ក្រុម​មេឃ​ខៀវ​រហូតដល់ ៣-០ រួចមកហើយ​។​





​ក្រុម​របស់លោក Pep Guardiola បាន​បើក​ការ​វាយ​សម្រុក​ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Etihad ដោយ​អាច​រក​គ្រាប់​បាល់​នាំមុខ​មុន ១-០ នៅ​នាទី​ទី​២ ដោយ Gabriel Jesus ពី​ការបញ្ជូន​បាល់​ដ៏​ល្អ​ពី​ដៃគូ Raheem Sterling ហើយ​លទ្ធផល​នេះ​បន្ត​រហូតដល់​ចប់​តង់​ទី​១​។​

​ការប្រកួត​ចូលដល់​តង់​ទី​២ នៅ​នាទី​៥៦ ខ្សែប្រយុទ្ធ​កំពុង​លេចធ្លោ Mohamed Salah បាន​ជួយ​រក​គ្រាប់​តាម​ស្មើ​វិញ​មុនពេល Roberto Firmino ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ទៀត​នៅ​នាទី​៧៧ ជួយ​ឲ្យ​ក្រុម​របស់លោក Juergen Klopp យកឈ្នះ​ក្នុង​លទ្ធផល ២-១​។ សរុប​លទ្ធផល​ទាំងពីរ​ជើង Liverpool ឈ្នះ Man City​ ៥-១។​





​ចំណែក​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​ត្រូវ​ទទួលរង​ការខកចិត្ត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ម្ចាស់ផ្ទះ Roma ទម្លាក់​ចេញពី​ពានរង្វាន់​កំពូល​អឺរ៉ុប ដោយ​គ្រាប់​បាល់​វាយបក​យកឈ្នះ​៣-០ ក្នុងការ​ប្រកួត​ជើង​ទី​២ នា​កីឡដ្ឋាន Stadio Olimpico​។ កាលពី​ជើង​ទី​១ នៅ​ទឹកដី Nou Camp ក្រុម​រហ្សនាម​អ្នកមាន​បុណ្យ​អាច​យកឈ្នះ​រហូតដល់​ទៅ ៤-១ ទៅហើយ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​កូនក្រុម​លោក Ernesto Valverde សង្ឃឹម​ខ្ពស់​ដើម្បី​ឈានទៅ​វគ្គ​បន្ត​។​

​តែ​យ៉ាងណា អ្វីៗ​មិនបាន​ដូច​ការរំពឹងទុក​នោះទេ ស្របពេល​ក្រុម​មកពី​អ៊ីតាលី​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Eusebio Di Francesco បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ជាមួយ​គ្រាប់​បាល់​ជ័យជម្នះ ៣​គ្រាប់ ដែល​រកបាន​ដោយ Edin Dzeko, Daniele De Rossi និង Konstantinos Manolas ជួយ​ក្រុម​ឈ្នះ Barca ៣-០​។ គិត​លទ្ធផល​ទាំង​២​ជើង ក្រុម​ទាំងពីរ​មាន​គ្រាប់​បាល់​ស្មើគ្នា ៤-៤ តែ Roma មាន​សិទ្ធិ​ឡើងទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​ដោយសារ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (Away Goal)៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Roma
  Barcelona
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com