កីឡាជាតិ
ជាតិ
បឹងកេត​ស្វាគមន៍ Ceres Negros ល្ងាច​នេះ ដោយ​គ្មាន​វត្តមាន Gbenga
11, Apr 2018 , 11:44 am        
រូបភាព
ដោយ:
​ក្រុម​បឹងកេត បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Ceres-Negros របស់​ហ្វីលីពីន នា​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​១១ ខែមេសា ឆ្នាំ​២០១៨​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel មិន​អាចជួយ​ក្រុម​បឹងកេត​សងសឹក Cere Negros នៅ​ល្ងាច​នេះ​បានទេ ក្រោយ​រូបគេ​ជាប់​បម្រាម​។ ការ​អវត្តមាន​របស់ Gbenga បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​គ្រូបង្វឹក​បឹងកេត ក្នុងការ​តតាំង​ជាមួយ​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ផងដែរ​។



​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel Ajayi នឹង​គ្មាន​វត្តមាន​ជាមួយ​ក្រុម​បឹងកេត​ក្នុងជំនួប​សងសឹក​ក្រុម Ceres Negros របស់​ហ្វីលីពីន​នៅ​ល្ងាច​នេះ បន្ទាប់ពី​រូបគេ​ជាប់​ពិន័យ​កាត​ក្រហម​ក្នុងជំនួប​ជាមួយ Home United របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៤ ខែមីនា ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ Juma'at Jantan​។

​លោក កែវ កុសល គ្រូបង្វឹក​ក្រុម​បឹងកេត​បាន​និយាយថា ការ​អវត្តមាន​ខ្សែប្រយុទ្ធ​ល្បឿន​លឿន​ខាងលើ វា​អាច​បង្ក​ផលប៉ះពាល់​សម្រាប់​បឹងកេត​ផងដែរ ក្នុងជំនួប​ដ៏​សំខាន់​ដែល​បឹងកេត​ត្រូវការ​ឈ្នះ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​មួយ​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១០ មេសា គ្រូបង្វឹក​រូបនេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ការបាត់បង់ Gbeng នៅក្នុង​ការប្រកួត​ដ៏​តានតឹង​មួយ​នេះ វា​អាច​ប៉ះពាល់​ដល់​ការលេង​របស់​យើង​ខ្លះ​ដែរ តែ​យើង​មាន​កីឡាករ ឃួន ឡា​បូ​រ៉ាវី ដើម្បី​ជំនួស​ទីតាំង​របស់គាត់​ហើយ​។ និយាយ​រួម​យើង​មាន​កីឡាករ​ប៉ុន្មាន យើង​ត្រូវ​ប្រឹងប្រែង​លេង​ឲ្យ​អស់​ទៅតាម​ហ្នឹង​»​។​



​ជាមួយគ្នានេះ លោក កែវ កុសល ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​ក្នុង​ក្រុម និង​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​ទម្រង់​លេង​មួយ​ដ៏​ល្អ​សម្រាប់​ទស្ស​និក​កម្ពុជា​។ លោក​រំពឹងថា បឹងកេត​នឹងធ្វើ​បានល្អ​ជាង​ជំនួប​ទី​១ សម្រាប់​ការប្រកួត​ជើង​ទី​២​ល្ងាច​នេះ​។

​លោក​បាន​បន្ថែមថា​៖««​ខ្ញុំ​គិតថា ការ​ជាមួយ Ceres-Negros ជាការ​ប្រកួត​មួយ​ដ៏​លំបាក ព្រោះ Ceres Negros ជា​ក្រុម​ខ្លាំង ដែល​កំពុង​ឈរ​លេខ​១​ក្នុង​ពូ​ល​។ ពួកគេ​សម្បូរ​កីឡាករ​ល្អៗ ដែល​ទាមទារ​ឲ្យ​ក្រុម​យើង ត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង ព្រោះ​វា​នៅលើ​ទឹកដី​របស់​យើង ដើម្បី​អ្នកគាំទ្រ និង​បង្ហាញ​ពី​ទម្រង់​លេង​របស់​យើង​»​។​

​លោក កែវ កុសល ត្រូវ​ដឹកនាំ​ក្រុម​បឹងកេត តទល់​ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន​សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2018 ជើង​ទី​២​ប្រចាំ​ពូ​ល F នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១១ មេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នា​ការប្រកួត​ជើង​ទី​១​នៅលើ​ទឹកដី​ហ្វីលីពីន កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ បឹងកេត​បាន​ប្រកួត​ចាញ់​ក្រុម Ceres Negros ក្នុង​លទ្ធផល ៩-០​។ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី Home United បើកទ្វារ​កីឡដ្ឋាន Jalan Besar Stadium ស្វាគមន៍ Shan United របស់​មី​យ៉ាន់​ម៉ា​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ដូចគ្នា​(​ម៉ោង​កម្ពុជា​)៕ 


Tag:
 បាល់ទាត់​
  AFC Cup 2018
  កែវ កុសល
© រក្សាសិទ្ធិដោយ thmeythmey.com