អន្តរជាតិ
លោក ត្រាំ អរគុណលោក ស៊ី ដែលសន្យាបន្ថយពន្ធ និងរឹតបន្តឹងកម្មសិទ្ធិបញ្ញា រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអរគុណសមភាគីចិន ស៊ី ជិនភីង ដែលបានសន្យាកាត់បន្ថយពន្ធនាំចូលលើយានយន្ត និងទំនិញមួយចំនួនទៀត។ លោក ត្រាំ ក៏មានគំនិតសុទិដ្ឋិនិយមដែរថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនឹងប្រសើរឡើងទាំងសងខាង។ ប៉ុន្តែសេតវិមានចង់ឃើញចិនបញ្ចេញសកម្មភាពជាដុំកំភួនជាជាងការសន្យាតែមាត់ ដ្បិតការសន្យាកន្លងមកមិនបានផ្ដល់លទ្ធផលដូចការចង់បានឡើយ។
បន្ទាប់ពីតតាំងគ្នាដោយប្រើប្រាស់ការយកពន្ធលើផលិតផលនាំចូលគ្នារួចមក អាមេរិក និងចិន ហាក់មើលមុខគ្នាចំឡើងវិញ។ បន្ទាប់ពីត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកជាមិត្តល្អមក ប្រធានាធិបតីចិន ស៊ី ជិនភីង ហាក់ថយមួយជំហាន ដែលធ្វើឲ្យភាពតានតឹងនៃជម្លោះពាណិជ្ជកម្មធីរស្រាលខ្លះ។ នៅថ្ងៃទី១០ ខែមេសា លោក ស៊ី បានប្រកាសកាត់បន្ថយពន្ធយានយន្ត និងផលិតផលផ្សេងៗ ព្រមទាំងសន្យាការពារកម្មសិទ្ធិបញ្ញាផង។
លោក ត្រាំ ចាត់ទុកការសន្យារបស់លោក ស៊ី ជាសម្ដីបង្ហាញពីចិត្តល្អរបស់ចិន។ ក្នុងសារលើ Twitter របស់ខ្លួន ប្រធានាធិបតីអាមេរិករូបនេះបានអរគុណប្រធានាធិបតីចិនដែលនឹងចាត់វិធានការបន្ទាបពន្ធ និងបន្ថយរបាំងពាណិជ្ជកម្មលើវិស័យយានយន្ត ព្រមទាំងការបំភ្លឺរបស់លោកជុំវិញកម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចកវិទ្យា។ បន្ថែមពីលើការអរគុណនេះ លោក ត្រាំ បង្ហាញគំនិតវិជ្ជមានថា អាមេរិក និងចិន ទៅមុខទាំងអស់គ្នា។
យ៉ាងណាមិញ សេតវិមានរបស់អាមេរិកហាក់មានការប្រុងប្រយ័ត្នច្រើនចំពោះការសន្យារបស់មេដឹកនាំចិន ទោះជាលោក ត្រាំ ហាក់មានគំនិតសុទិដ្ឋិនិយមខ្លាំងក្ដី។ អ្នកនាំពាក្យសេតវិមាន Sarah Sanders និយាយថា អាមេរិកមានការលើកទឹកចិត្តតាមរយៈការប្រកាសនេះ ប៉ុន្តែអាមេរិកចង់បានសកម្មភាពជាក់ស្ដែង ជាជាងការប្រើប្រាស់វោហារសាស្ត្រ។ អាមេរិកនឹងរង់ចាំដល់ពេលនោះ ទម្រាំការយកពន្ធថ្មីលើផលិតផលចិនត្រូវបានអនុវត្ត។
នេះអាចចាត់ទុកជាសញ្ញាបង្ហាញពីការធូរស្រាលខ្លះ បន្ទាប់ពីមានភាពតានតឹងច្រើនសប្ដាហ៍មក ដែលធ្វើឲ្យគេបារម្ភថា សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើងពេញបន្ទុកមិនខាន។ លោក ត្រាំ បានចុះហត្ថលេខាលើការយកពន្ធទំហំ៥០ពាន់លានដុល្លារលើទំនិញចិន ដែលត្រូវអនុវត្តនៅច្បាប់នេះ និងបន្ទាប់មកក៏បានគំរាមយកដល់ទៅពន្ធ១០០ពាន់លានដុល្លារ ក្រោយពីចិនគំរាមយកពន្ធលើផលិតផលកសិកម្មរបស់អាមេរិកវិញ។
តាមពិតទៅនោះ ការប្រកាសរបស់លោក ស៊ី ក៏ជាអ្វីដែលអាមេរិកចង់បានជាយូរមកឆ្នាំ ហើយក៏មិនមែនជារឿងថ្មីដែរ។ អ្វីដែលគេចាំមើល គឺចិនធ្វើសកម្មភាពពិតប្រាកដ និងលែងនិយាយតែមាត់ទៀតឬយ៉ាងណា។ កន្លងមក ចិនលើកឡើងថា ខ្លួនគោរពកម្មសិទ្ធិបញ្ញាខ្ជាប់ខ្ជួន ប៉ុន្តែបានបង្ខំឲ្យក្រុមហ៊ុនអាមរិកផ្ទេរឲ្យក្រុមហ៊ុនចិនទៅវិញ។ បញ្ហានេះធ្វើឲ្យអាមេរិកបាត់បង់ភាពប្រកួតប្រជែងលើទីផ្សារ និងខាតបង់ ខណៈផលិតផលចិនមានតម្លៃថោកជាង៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com