ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្សស្លាប់៥២ និងរបួស១១៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល១០ថ្ងៃដើមខែមេសា
× គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា នេះ កើតឡើង៩៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥២នាក់ និងរបួស១១៥នាក់។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយថា មូលហេតុ ដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រួមមាន បើកបរលើសល្បឿនកំណត់ វ៉ា-ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាពគ្នា បត់ឆ្វេង-ស្ដាំ បើកបរក្នុងស្ថានភាពស្រវឹង ងងុយដេក និងកត្តាយានយន្ត ជាដើម។
បើផ្អែកតាមប្រភពខាងលើដដែល រយៈពេល១០ថ្ងៃដូចគ្នា ក្នុងខែមីនាកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង៩៦លើក បណ្តាលឲ្យមនុស្សស្លាប់៦២នាក់ និងរបួស១៦១នាក់។
នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេច ស ខេង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរចរណ៍។ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង សម្ដេច បានស្នើប្រជាពលរដ្ឋគ្រប់រូប អត់ធ្មត់ ខន្តី អនិងធ្យាស្រ័យឲ្យគ្នា ដោយចៀសវាងការប្រើអំពើហិស្សាដាក់គ្នា គឺត្រូវទាក់ទងទៅសមត្ថកិច្ច ដែលនៅជិតបំផុត ឲ្យមកជួយដោះស្រាយតាមផ្លូវច្បាប់៕
Tag:
គ្រោះថ្នាក់ចរាចរណ៍-របួស-ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com