អន្តរជាតិ
អាសាដ និង​គ្រួសារ​មិនបាន​ភៀសខ្លួន​ពី​ស៊ី​រី​ឡើយ ទោះ​លោកខាងលិច​អាច​នឹង​ចូល​អន្តរាគមន៍​យោធា​ក៏ដោយ​
11, Apr 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​ត្រៀម​ចាត់វិធានការ​ប្រឆាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី​ដោយ​ចោទប្រកាន់ថា​របប​នេះ​បាន​ប្រើ​អាវុធ​គីមី​នោះ  វា​មាន​ព័ត៌មាន​ថា មេដឹកនាំ​ស៊ី​រី និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ទៅកាន់​ទឹកដី​អ៊ីរ៉ង់​រួចទៅហើយ​។ ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​ប្រធានាធិបតី​បា​សា អាល់​អាសាដ បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី Sputnik ថា លោក អាសាដ និង​គ្រួសារ មិនបាន​ចាកចេញ​ពី​ស៊ី​រី​ឡើយ​។​



​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ស្រង់​ប្រភព​ច្បាស់ការ​មួយ​ថា ប្រធានាធិបតី បា​សា អាល់​អាសាដ និង​ក្រុមគ្រួសារ​មិនបាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដើម្បីរ​កន្លែង​មាន​សុវត្ថិភាព​ឡើយ បើទោះជា​មានការ​បារម្ភ​ថា អាមេរិក និង​សម្ព័ន្ធមិត្ត​អាច​នឹង​ប្រើប្រាស់​អន្តរាគមន៍​យោធា​នៅពេល​ខាងមុខ​ក្តី​។​

​មកដល់​បច្ចុប្បន្ន លោក អាសាដ នៅ​បន្ត​រស់នៅ​ស៊ី​រី នៅឡើយ ហើយ​គេ​មិនទាន់​ដឹង​ច្បាស់​ថា អាមេរិក រួមជាមួយ​សម្ព័ន្ធមិត្ត​បារាំង និង​អង់គ្លេស​នឹង​ចាត់វិធានការ​បែបណា​ឡើយ​។ ប៉ុន្តែ​កន្លងមក​លោក ដូ​ណា​ល់ ត្រាំ និង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង សន្យា​ដាក់​ចំណាត់ការ​តឹងរ៉ឹង​ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នេះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​ថ្លែង​ដូច្នេះ​៖« ប្រធានាធិបតី ត្រាំ និង​ក្រុម​សន្តិសុខ​ជាតិ​កំពុង​ប្រឹក្សា​យោបល់​គ្នា​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត និង​ដៃគូ​ដើម្បី​កំណត់​យក​វិធានការ​សមរម្យ​មួយ​»​។​

​ខណៈដែល​ស្ថានការណ៍​កាន់តែ​តានតឹង ទីភ្នាក់ងារ​សន្តិសុខ​ផ្លូវអាកាស​អឺរ៉ុប​បានផ្តល់​ដំណឹង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការហោះហើរ​នៅ​តំបន់​ភាក​ខាងកើត​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ព្រោះ​វា​អាច​នឹងមាន​ការវាយប្រហា​រ​ដោយ​ការ​ផ្លោង​មី​ស៊ី​ល​លើទឹក​ដី​ស៊ី​រី​នៅក្នុង​រយៈពេល​ប្រហែល ៧២ ម៉ោង​ទៀត​នោះ​។​

​ទោះបីជា​គេ​មិនទាន់​ដឹងថា អាមេរិក​នឹងដាក់​ចេញ​វិធានការ​បែបនេះ​ក៏ដោយ គេ​រំពឹងថា លោក​ទំនងជា​នឹង​ប្រើប្រាស់​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដូច​ឆ្នាំមុន ព្រោះ​វា​មិនសូវ​គ្រោះថ្នាក់​។ គេ​ចាំបាន​ថា កាលពី​ឆ្នាំមុន ក្រោយ​មានការ​ចោទប្រកាន់ថា ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី លោក ត្រាំ បានចេញ​បញ្ជា​ឲ្យ​កម្លាំង​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល Tomahawk ចំនួន ៥៩​គ្រាប់​ស្រោច​លើ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ក្រុង Homs ។​

​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​របប​ស៊ី​រី​នេះ រុស្ស៊ី បាន​ព្រមាន​ជាស្រេច​ហើយ ហើយ​មហាអំណាច​មួយ​នេះ​សន្យា​ឆ្លើយតប​វិញ​រាល់​សកម្មភាព​ខុសច្បាប់​នានា​របស់លោក​ខាងលិច​នៅ​ស៊ី​រី ក្នុង​កាលៈទេសៈ​ចាំបាច់​។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vassily Nebenzya  បាន​ព្រមាន​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​អង្គារ​ទី ១០ មេសា ថា​អាមេរិក​នឹងត្រូវ​រ៉ាប់រង និង​ទទួលខុសត្រូវ បើសិនជា​មហាអំណាច​នេះ​ហ៊ាន​បង្កើត​សកម្មភាព​យោធា​ខុសច្បាប់​ប្រឆាំង​ស៊ី​រី​មែន​នោះ​។  វា​នៅ​ស្រពេចស្រពិល​ថា តើ​រុស្ស៊ី​នឹង​ឆ្លើយតប​បែបណា ប៉ុន្តែ​គេ​ដឹងថា រុស្ស៊ី​មាន​ខែល​ការពារ​មី​ស៊ី​ល​ច្រើន​គ្រឿង​ឈរជើង​នៅ​ស៊ី​រី​តាំងពី​ឆ្នាំ ២០១៥​មកម្ល៉េះ​។ វា​ក្លាយជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់ លោកខាងលិច​បើសិនជា​ពួកគេ​ចង់​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​នោះ​៕ 


Tag:
 ស៊ី​រី​
  បា​សា អាល់​អាសាដ​
  អាមេរិក​
  រុស្ស៊ី​
  អ៊ីរ៉ង់​
  អាវុធ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com