ជាតិ
ខ្សែ​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានដាក់​ដំណើរការ​បណ្តោះអាសន្ន​
11, Apr 2018 , 10:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ខ្សែ​រថភ្លើង​លើផ្លូវ (Tramway) ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​អាកាសយាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១០ ខែមេសា ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ឥត​គិត​ប្រាក់​។​



​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​រថភ្លើង រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​និយាយថា សេវា​ដឹកជញ្ជូន​តាម​រថភ្លើង​នេះ  ប្រើប្រាស់​ពេលវេលា​ប្រមាណ ២២​ទៅ​២៥​នាទី ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ឆ្លងកាត់​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្តង​។

​បើតាម​លោក ស៊ុន ចាន់ថុល ការរៀបចំ​សេវា​ដឹកជញ្ជូន​តាម​រថភ្លើង​នេះ ដើម្បី​សម្រួល​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែលមាន​បំណង​ទៅ​ព្រលានយន្តហោះ ក៏ដូចជា​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ​។ ជាពិសេស​វា ក៏​ជា​ចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី ៤ មេសា​កន្លងទៅ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ក៏បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​-​សិរីសោភ័ណ ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​ឥតគិតថ្លៃ​ផងដែរ ចាប់តាំងពី ថ្ងៃទី​៤ មេសា ដល់​ថ្ងៃទី ១ សីហា ឆ្នាំ​២០១៨៕


© រក្សាសិទ្ធិដោយ thmeythmey.com