អំពើបុណ្យ កើតមានដល់បុគ្គលណា ទាល់តែបុគ្គលនោះ ជាអ្នកប្រព្រឹត្ត។ អ្នកណាធ្វើ អ្នកនោះទទួល។ បុណ្យ មិនកើតមានដល់បុគ្គលណា ដែលមិនបានសាងនោះទេ។ នេះជាក្រឹត្យក្រមនៃច្បាប់ធម្មជាតិ។
បើបុគ្គលណាធ្វើអំពើបុណ្យ បុគ្គលនោះនឹងបានបុណ្យ គ្មានអ្នកណាម្នាក់អាចមកទទួលបុណ្យ ជំនួសបានឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា៖ «ខ្លួនជាទីពឹងរបស់ខ្លួន»។ ព្រះពុទ្ធដីកានេះ ចង់អប់រំមនុស្សថា កម្មអ្វីដែលខ្លួនធ្វើ គឺខ្លួននឹងទទួលលទ្ធផលនៃកម្មនោះ។
អ្នកសាងបុណ្យ មិនអាចប្រគល់បុណ្យដល់អ្នកណាម្នាក់ ឲ្យទទួលជំនួសនោះទេ តែអំណាចនៃបុណ្យអាចចែករំលែកដល់អ្នកដទៃបាន។ តួយ៉ាងដូចជាបញ្ហកម្ម ដែលើកឡើងថា ភរិយាជាអ្នកយកទ្រព្យទៅធ្វើជាទានដល់អ្នកបួសរក្សាសីល ចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណធម៌ខ្ពង់ខ្ពស់ ឬអ្នកក្រអត់ឃ្លាន តើបុណ្យនោះបានដល់ស្វាមី ជាអ្នកស្វែងរកទ្រព្យដែរឬទេ?
បើទោះបីជាស្វាមី មិនបានធ្វើបុណ្យដោយខ្លួនឯងផ្ទាល់ ឬក៏មិនបានដឹងថា ភរិយាយកទ្រព្យទៅបរិច្ចាគធ្វើជាទានក៏ពិតមែន តែអំណាចនៃបុណ្យនៅតែកើតមានដល់ស្វាមី ឲ្យតែរូបគេជាមនុស្ស ដែលជ្រះថ្លានឹងការធ្វើអំពើបុណ្យរបស់ភរិយា។
រឿងនេះប្រៀបដូចអ្នកជីកអណ្តូងទឹក ទុកសម្រាប់ជាប្រយោជន៍ដល់អ្នកស្រុកដូច្នេះដែរ។ ឲ្យតែអ្នកស្រុកទទួលផលនៃទឹកនោះពេលណា អានិសង្សនឹងកើតមានដល់ម្ចាស់អណ្តូងនៅពេលនោះ បើទោះបីជាម្ចាស់មិនដឹងខ្លួនក៏ដោយ។ ឬក៏សមាជិកគ្រួសាររបស់ម្ចាស់អណ្តូង អនុញ្ញាតឲ្យអ្នកស្រុកប្រើប្រាស់ដោយក្តីរីករាយ នោះអ្នកចែកចាយក៏បានកុសល ហើយអ្នកផ្តួចផ្តើមគំនិតកសាងអណ្តូងក៏បានបុណ្យដូចគ្នា ឲ្យតែម្ចាស់នោះមានចិត្តសោមន្សក្នុងការចែករំលែក។ តែប្រសិនបើ ម្ចាស់អណ្តូងនោះកើតចិត្តទោមសន្ស មិនសប្បាយចិត្តក្នុងការលះបង់ អីចឹងបុណ្យក៏មិនកើតមានដល់គេដែរ។
សេចក្តីប្រៀបធៀបយ៉ាយណា ការសាងបុណ្យក៏ដូច្នេះដែរ។ ដោយសារតែ ស្វាមីជាប់រវល់ក្នុងការរកទ្រព្យចិញ្ចឹមកូនប្រពន្ធ និងសងគុណឪពុកម្តាយ ក៏មិនសូវបានធ្វើបុណ្យដោយផ្ទាល់ ដូចភរិយា។ តែអានិសង្សនៅតែផ្តល់ផលដល់ស្វាមី ព្រោះស្វាមី ជាប្រភពធនធាន ដែលភរិយាអាចនាំទៅធ្វើទាន។
ប៉ុន្តែប្រសិនបើស្វាមីគិតក្នុងចិត្តថា «អាត្មាអញមិនចាំបាច់ធ្វើបុណ្យទេ ទុកឲ្យប្រពន្ធនិងកូនជាអ្នកធ្វើទៅចុះ អាត្មាអញចាំតែអនុមោទនាទទួលផលបុណ្យទៅបានហើយ» នោះបុណ្យនឹងមិនកើតមានដល់បុរសនោះឡើយ ព្រោះរូបគេ បានធ្វើនូវសេចក្តីប្រមាទក្នុងចិត្តទៅហើយ។ ធម្មជាតិនឹងមិនផ្តល់ផលអ្វីមួយ ដល់អ្នកណាម្នាក់ដែលមិនបានធ្វើអ្វីមួយនោះទេ។
ថ្វីដ្បិតតែអ្នកអាចទទួលបានផលានិសង្ស ដោយអានុភាពនៃអំពើបុណ្យដែលភរិយាឬស្វាមីជាសាងក៏ដោយ ក៏អ្នកគួរតែគប្បីខ្នះខ្នែងឲ្យមែនទែនក្នុងការកសាងអំពើបុណ្យដោយខ្លួនឯងផ្ទាល់ ដើម្បីជាស្ពានចម្លងរូបអ្នកទៅកាន់សុគតិភព។ អ្នកដទៃធ្វើ គឺអ្នកដទៃជាអ្នកទទួល។ ការរង់ចាំអនុមោទនាផលបុណ្យពីអ្នកដទៃ វាមិនប្រសើរដូចអ្នកបានសាងដោយខ្លួនឯងឡើយ៕