សូម​គិតពី​ជីវិត​អ្នកជិះ​ផង​!

ពីនេះ ពីនោះ / មិនយល់...!
សង្រ្កាន្តឆ្នាំថ្មី
សូម​គិតពី​ជីវិត​អ្នកជិះ​ផង​!
16, Apr 2018 , 1:59 pm         765
រូបភាព
ដោយ: ថ្មីៗ
​គ្រោះថ្នាក់​ចរាចរណ៍ តែង​កើត​ឡើងជា​ញឹកញាប់ ក្នុង​រដូវចូលឆ្នាំ​។ ដូច្នេះ ដើម្បី​ការពារ​ជីវិត​ខ្លួនឯង និង​ជីវិត​អ្នកដទៃ ម្ចាស់​រថយន្តឈ្នួល​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការបើកបរ​។

​ប្រជាពលរដ្ឋ ដែល​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា តែង​ត្រឡប់​ទៅ​ស្រុកកំណើត ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ជួបជុំ​គ្រួសារ ហើយ​ធ្វើ​បុណ្យទាន​រួមគ្នា និង​ដើរលេង​តាម​វត្ត​អារាម ឬក៏​កន្លែង​កម្សាន្ត​ផ្សេងៗ​។ អ្នកខ្លះ ធ្វើដំណើរ​ទៅ​ស្រុកកំណើត ដោយ​ឡាន ឬ​ម៉ូតូ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ភាគី​ច្រើន​នៃ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី តែង​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​រថយន្តឈ្នួល​។ 
 
​ឆ្នាំមុនៗ រថយន្ត​មួយចំនួន ដែល​ដឹក​អ្នកដំណើរ ទៅ​ស្រុកកំណើត បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មុន​ពីរ​-​បី​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការចូល​មកដល់​នូវ​ពិធីបុណ្យ​ចូលឆ្នាំ ឬក៏​ក្នុងអំឡុង​ចូលឆ្នាំ​។ វា ជា​រឿង​គួរ​ឲ្យ​សង្វេគ ដែល​ពួកគេ មិនទាន់បាន​សប្បាយ​ជាមួយ​បងប្អូន ក្នុង​រដូវ​បុណ្យទាន​ផង ស្រាប់តែ​ជួប​ឧបទ្ទវហេតុ​យ៉ាង​ដូច្នេះ​។ 
 
​មូលហេតុ ដែល​រថយន្ត​ដឹក​អ្នកដំណើរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​បែបនេះ គឺ​គ្មានអ្វី​ផ្សេង​ក្រៅពី​អ្នកបើកបរ ចង់បាន​ប្រាក់​ហួសហេតុ និង​ខ្វះ​ការប្រុងប្រយ័ត្ន​នោះទេ​។ 
 
​អ្នកបើកបរ​ខ្លះ យល់ថា រដូវចូលឆ្នាំ គឺជា​ឱកាស​ដ៏​ល្អ ដើម្បី​រក​ចំណូល ព្រោះ​ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្រុក​ជិះ​រថយន្ត​របស់​ពួកគេ ទៅ​ស្រុកកំណើត​។ ដូច្នេះ ដើម្បី​ទទួលបាន​ចំណូល​ច្រើន ពួកគេ​ក៏បាន​ដាក់​ភ្ញៀវ​លើស​ចំនួន​កំណត់ ដោយពេល​ខ្លះ ពួកគេ​បានដាក់​ភ្ញៀវ​ឲ្យ​ជិះ ប​ញ្ជ្រៀ​ត​គ្នា​ក្នុង​កាប៊ីន​ឡាន រហូតដល់​ទៅ​បី​-​បួន​នាក់​ក៏មាន​។ ទោះជា​ក្នុង​កាប៊ីន​ឡាន​ចង្អៀត​ដោយសារ​មាន​អ្នកជិះ​ច្រើន ហើយ​ទើស​ដៃ​ពួកគេ ស្ទើរតែ​កាន់ចង្កូត​ឡាន​មិន​ចង់​កើត​ក៏ដោយ ក៏​ពួកគេ មិនសូវ​បារម្ភ​ដែរ​។ 
 
​អ្វីដែល​រឹតតែ​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​ការបើកបរ​លើស​ល្បឿន​កំណត់​។ ពួកគេ ចង់​ដឹក​ភ្ញៀវ ឲ្យ​បាន​ច្រើន​ត្រឡប់ ក្នុង​មួយថ្ងៃ ដើម្បី​ទទួល​ចំណូល​កាន់តែច្រើន ដូច្នេះ​ក៏​ប្រឹង​បើកបរ​ឲ្យ​លឿន រហូតដល់​លើស​ល្បឿន​កំណត់​។  
 
​អ្នកបើកបរ​ខ្លះទៀត ធ្វេស​ប្រហែល​ណាស់ ដោយ​បើកបរ​បណ្តើរ ហើយ​និយាយ​ទូរ​សព្ទ​បណ្តើរ​ក៏មាន​។ អ្នកបើកបរ​ខ្លះ ក៏​ឆ្លៀត​ជក់បារី​ថែមទៀត ពេល​កំពុង​បើកបរ​។ ហើយ​ពេលខ្លះ ពួកគេ ប្រើ​ដៃ​តែ​ម្ខាង​ប៉ុណ្ណោះ សម្រាប់​កាន់ចង្កូត​ឡាន ដោយ​ដៃ​ម្ខាង​ទៀត កាន់​អាហារ​បរិភោគ​។ 
 
​ចំណុច​អវិជ្ជមាន​ទាំងអស់​នេះហើយ ដែលជា​មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ ងាយ​នឹង​កើតឡើង​។  
 
​អ្នកបើកបរ​គ្រប់រូប ត្រូវ​បោះបង់​ទម្លាប់​អាក្រក់ និង​ការគិត​អវិជ្ជមាន​ទាំងអស់នេះ​ចោល​។ បើ​ពុំ​ដូច្នេះ​ទេ មិនអាច​ធានា​សុវត្ថិភាព​ក្នុងការ​បើកបរ​បានឡើយ​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏​គួរតែ​កត់សម្គាល់​ដោយ​ខ្លួនឯង​ដែរ​ថា អ្នកបើកបរ​ណា ដែលមាន​ស្មារតី​ប្រុងប្រយ័ត្ន ហើយ​អ្នកបើកបរ​ណា ដែល​ធ្វេស​ប្រហែល​។ បើ​ចំណាំបាន​ថា អ្នកបើកបរ​ណា មានការ​ធ្វេស​ប្រហែល ឬក៏​មាន​ទម្លាប់​អាក្រក់​ដូចខាងលើ គួរតែ​កុំ​ជិះ​ឲ្យ​សោះ ដើម្បី​ធានា​អាយុជីវិត​៕ 
Tag:
 ចូលឆ្នាំ​
  រថយន្តឈ្នួល​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង