ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ិ​ក ប៊ុន​ហុក​៖ មិន​ខុសច្បាប់​ឡើយ ទោះ​គ្មាន​បក្សប្រឆាំង គ្មាន​អ្នកសង្កេតការណ៍ និង​អ្នកបោះឆ្នោត​តិច
11, Apr 2018 , 5:34 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. ស្ថិតក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ រូបពីគ.ជ.ប.
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. ស្ថិតក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ រូបពីគ.ជ.ប.
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបោះឆ្នោត មិនអាច​ខុសច្បាប់​ឡើយ បើទោះបីជា​អវត្តមាន​របស់​បក្សប្រឆាំង ហើយ​ស​ង្គ​មស៊ីវិល មិនបាន​ចូលរួម​សង្កេតការណ៍ រួមទាំង​អ្នកបោះឆ្នោត មាន​ចំនួន​តិចក្តី​។  នេះ​ជាការ​បញ្ជាក់​សាជាថ្មី​ម្តងទៀត​របស់ គ​.​ជ​.​ប​. បន្ទាប់ពី​មានការ​លើកឡើង​ជា​ញឹកញាប់​ថា ការបោះឆ្នោត​ខាងមុខ នឹងមិន​ស្របច្បាប់ បើ​បាត់​បក្សប្រឆាំង ហើយ​អ្នកបោះឆ្នោត មាន​ចំនួន​តិច​។



​មួយរយៈ​ចុងក្រោយ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដែលមាន​លោក ស៊ិ​ក ប៊ុន​ហុក អ្នកជំនាញ​ផ្នែក​ច្បាប់​មួយរូប ជា​ប្រធាន បាន​ព្យាយាម​បកស្រាយ​ជាច្រើនលើក​ច្រើនសា ជុំវិញ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នាពេលខាងមុខ​។ ការបកស្រាយ​របស់​គ​.​ជ​.​ប​. ជាទូទៅ គឺមាន​លក្ខណៈ​បញ្ច្រាស់​ពី​មតិ​រិះគន់​របស់​មជ្ឈដ្ឋាន​មួយចំនួន រួមទាំង​សហគមន៍​អន្តរជាតិ​ផងដែរ ដែល​យល់ថា ការបោះឆ្នោត​នៅ​កម្ពុជា នឹងមិន​ស្របច្បាប់ ហើយក៏​មិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ​ដែរ បើ​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​. បាន​ពន្យល់​ម្តងទៀត អំពី​ការបោះឆ្នោត ដោយ​លើកយក​ច្បាប់​មក​ធ្វើជា​អំណះអំណាង​។ លោក សង្កត់ធ្ងន់ថា ការបោះឆ្នោត នឹងមិន​ខុសច្បាប់​ឡើយ បើទោះបីជា​មិនមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មិនបាន​ចូលរួម​ឃ្លាំមើល​។

​ប្រធាន​គ​.​ជ​.​ប​. បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​ការបែងចែក​គណបក្ស​តូច ឬ​គណបក្ស​ធំ គណបក្សកាន់អំណាច ឬ​គណបក្សប្រឆាំង​ឡើយ​។ គណបក្ស​ទាំងអស់ មាន​សិទ្ធិ​ស្មើៗ​គ្នា ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​។ ច្បាប់ មិនបាន​ចែងថា ទាល់​តែមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ទើប​ការបោះឆ្នោត ត្រឹមត្រូវ​នោះទេ​។ ហើយ​ច្បាប់ ក៏​មិនបាន​សំដៅថា ទាល់​តែមាន​អ្នកសង្កេតការណ៍ ទើប​ការបោះឆ្នោត អាចទទួលយក​បានដែរ​»​។

​លោក ស៊ិ​ក ប៊ុន​ហុក បន្ថែមថា បើ​ប្រជាពលរដ្ឋ ដែល​ទៅ​បោះឆ្នោត មាន​ចំនួន​តិច​មែន ក៏​ការបោះឆ្នោត នៅតែអាចចាត់ទុកថា បានការដដែល។ លោក លើក​ហេតុផល​បែបនេះ​ថា​៖«​ការ​ចេញទៅ​បោះឆ្នោត ឬ​មិន​ចេញទៅ​បោះឆ្នោត គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ គ្មាន​ប្រទេស​ណាមួយ ហើយក៏​គ្មាន​រដ្ឋធម្មនុញ្ញ​ណា ចែងថា អត្រា​នៃ​អ្នកបោះឆ្នោត មាន​ចំនួន​តិច ឈានទៅដល់​ការលុបចោល​នូវ​ការបោះឆ្នោត​នោះទេ​»​។

​ប្រសាសន៍​របស់លោក ស៊ិ​ក ប៊ុន​ហុក ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​ខាងលើ ត្រូវបាន​មន្ត្រី​គ​.​ជ​.​ប​. ស្រង់​យកទៅ​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប​. បាន​ប្តេជ្ញា​យ៉ាង​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប​. នៅតែ​បន្តការងារ​របស់ខ្លួន​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​សកល​លើក​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ប្រកបដោយ​ភាពជោគជ័យ​»៕


Tag:
 ​បោះឆ្នោត​
  គជប​
  ស៊ិ​ក ប៊ុន​ហុក​
© រក្សាសិទ្ធិដោយ thmeythmey.com