អន្តរជាតិ
សិស្សជប៉ុនសម្រុកមករៀនអង់គ្លេសនៅហ្វីលីពីន ខណៈរដ្ឋាភិបាលកែទម្រង់តេស្តភាសា និងត្រៀមរៀបចំកីឡាអូឡាំពិក រូបភាព Asia Times
× សិស្សជប៉ុនកាន់តែច្រើនចាប់ផ្តើមធ្វើដំណើរមកសិក្សាភាសាអង់គ្លេសនៅហ្វីលីពីនដោយសារតែការចំណាយទាប និង ស្ថិតនៅជិតផង។ សិស្សជប៉ុនរៀនអង់គ្លេសកាន់តែច្រើនដោយសាររដ្ឋាភិបាលជំរុញឲ្យសិស្សបង្កើនសមត្ថភាពនិយាយអង់គ្លេស ស្របពេលដែលជប៉ុនត្រៀមរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២០ខាងមុខ។
បច្ចបុ្បន្ននេះ ហ្វីលីពីនក្លាយជាគោលដៅដ៏ពេញនិយមមួយសម្រាប់ជនជាតិជប៉ុនដែលចង់បង្កើនចំណេះដឹងភាសាអង់គ្លេសរបស់ខ្លួន ដោយសារអង់គ្លេសជាភាសាផ្លូវការ ហើយរៀននៅហ្វីលីពីនត្រូវចំណាយតិចប៉ុណ្ណោះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្យូដូ ចំនួនជនជាតិជប៉ុនមកទស្សនកិច្ចនៅហ្វីលីពីនកើនឡើង ៩,១ភាគរយនៅឆ្នាំ ២០១៧ ហើយភាគច្រើននៃពួកគេជាសិស្ស និងជាបុគ្គលិកបម្រើការងារឧស្សាហកម្មដែលត្រូវការភាសាអង់គ្លេសជាចាំបាច់។
ទីភ្នាក់ងារព័ត៌មានជប៉ុនខាងលើស្រង់សម្តីមន្ត្រីហ្វីលីពីនម្នាក់ដែលបម្រើការងារក្នុងនាយកដ្ឋានទេសចរណ៍ដូច្នេះ៖« ចំនូនអ្នកទេសចរជប៉ុនដែលចង់សិក្សាភាសាអង់គ្លេសនៅហ្វីលីពីនកើនឡើងខ្លាំងជាពិសេសចំនួនសិស្សវិទ្យាល័យ»។
សិស្សជប៉ុនជ្រើសរើសយកហ្វីលីពីនដើម្បីរៀនភាសាអង់គ្លេសដោយសារតែអង់គ្លេសជាភាសាផ្លូវការរបស់ប្រទេសនេះ ហើយណាមួយទីតាំងភូមិសាស្ត្រក៏ស្ថិតនៅមិនសូវឆ្ងាយពីជប៉ុនទៀត។ ម្យ៉ាងបើប្រៀបធៀបជាមួយប្រទេសនិយាយភាសាអង់គ្លេសផ្សេងដូចជាម៉ាឡេស៊ី និងសិង្ហបុរី រៀននៅហ្វីលីពីនត្រូវចំណាយតិច ហើយការស់នៅការចំណាយអស់តិចតួចទៀតផង។
គេសង្កេតឃើញថា សាលាជប៉ុនដូចជា Ritsumeikan Uji និងសាលាដទៃទៀតចាប់ផ្តើមបញ្ជូនសិស្សរបស់ខ្លួនទៅកាន់សាលាហ្វីលីពីនក្នុងអំឡុងវិពេលវិសមកាល។
តាមពិតទៅកំណើនសិស្សជប៉ុននាំគ្នារៀនភាសាអង់គ្លេសនេះ កើតឡើងស្របពេលដែលរដ្ឋាភិបាលក្រុងតូក្យូចាប់ផ្តើមកែទម្រង់ការធ្វើតេស្តសាកល្បងសមត្ថភាពភាសាអង់គ្លេសសម្រាប់ត្រៀមចូលសាកលវិទ្យាល័យចាប់ពីខែមេសាឆ្នាំ ២០២១។ ជប៉ុននឹងពង្រឹងលើការនិយាយ សរសេរ បន្ថែមលើជំនាញនៃការអាន និងការស្តាប់ភាសាអង់គ្លេស។
ក្រៅពីការកែទម្រង់តេស្តភាសាអង់គ្លេស ប្រជាជនជប៉ុនដែលបម្រើការងារក្នុងក្រុមហ៊ុនជាច្រើនត្រូវការពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួនដើម្បីត្រៀមខ្លួនស្វាគមន៍កីឡាអូឡាំពិកនៅក្នុងឆ្នាំ ២០២០ ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនោះ៕
Tag:
ជប៉ុន
ហ្វីលីពីន
ភាសាអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com